មរណភាពផលិតករ កៅ សីហា ក្នុងអាយុ៤២ឆ្នាំ ជាការបាត់បង់ធនធានដឹកនាំដ៏សំខាន់ពីក្រោយឆាក
- ថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ ម៉ោង ៤:០៩ នាទី រសៀល

ភ្នំពេញ៖ លោក កៅ សីហា អ្នកនិពន្ធ ផលិតករ និង ជាអ្នកដឹកនាំសម្តែងដ៏ល្បីល្បាញមួយរូប បានទទួល មរណភាពក្នុងអាយុ៤២ឆ្នាំ កាលពីថ្ងៃទី២០ ខែតុលា ដោយសារដាច់សរសៃឈាមខួរក្បាល។ នេះជាដំណឹងដ៏តក់ស្លុត និងពិបាកទទួលយកបានក្នុងចំណោមរង្វង់ក្រុមអ្នកប្រឡូកវិស័យសិល្បៈ ក៏ដូចជា មិត្តភក្តិ សាច់ញាតិចំពោះការបាត់បង់ធនធានសិល្បៈដែលស្ថិតនៅពីក្រោយឆាកមួយរូប។

លោក កៅ សីហា បានធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយសារដាច់សរសៃឈាមខួរក្បាល ហើយត្រូវបានគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី ហើយបន្ទាប់មកទៅកាន់ប្រទេសវៀតណាម។ នេះបើតាមសារបង្ហោះជាបន្តបន្ទាប់របស់អ្នកនាង ខាត់ សុឃីម នៅលើហ្វេសប៊ុករបស់ខ្លួន ហើយប៉ុន្មានម៉ោងក្រោយមកនាយប់ថ្ងៃដដែល តារាពហុជំនាញរូបនេះ បានសម្តែងការសោកស្តាយចំពោះការបាត់បង់លោក កៅ សីហា។
«ពុទ្ធោ ! ប្អូន កៅ សីហា ទៅចោលយើងហើយ លឿនម្ល៉េះប្អូន បងស្លុតចិត្តណាស់»។ អ្នកនាង ខាត់ សុឃីម បានសរសេរយ៉ាងដូច្នេះ ហើយអ្នកសិល្បៈ បណ្តាអ្នកដែលធ្លាប់ធ្វើការ និងអ្នកស្គាល់លោក កៅ សីហា សុទ្ធតែបង្ហាញនូវអារម្មណ៍ក្តុកក្តួល តក់ស្លុត ចំពោះការលាចាកលោកយ៉ាងឆាប់រហ័សរបស់អ្នកនិពន្ធ ផលិតករ និងជាអ្នកដឹកនាំសម្តែងដ៏ល្បីល្បាញរូបនេះ។

«លោក កៅ សីហា បានចូលរួមចំណែកបង្កើតស្នាដៃជាច្រើន ដូចជាដឹកនាំសម្តែងបទចម្រៀងល្បីៗ និងដឹកនាំរឿងភាគខ្មែរជាច្រើនក្នុងផលិតកម្មរស្មីហង្សមាស និងទូរទស្សន៍ហង្សមាស ផងដែរ»។ ផលិតកម្មហង្សមាស បានរំលឹកបែបនេះ ក្នុងសាររំលែកមរណទុក្ខ ដោយបញ្ជាក់ថា ថ្នាក់ដឹកនាំ តារាចម្រៀង និងបុគ្គលិកទាំងអស់ ចងចាំនូវស្នាដៃដ៏ល្អ គំនិតច្នៃប្រឌិតដ៏ល្អៗរបស់លោក កៅ សីហា។
តារាចម្រៀងជើងចាស់ ព្រាប សុវត្ថិ ដែលធ្លាប់រួមការងារជាមួយលោក កៅ សីហា បានសម្តែងការសោក ស្តាយថា ការបាត់បង់របស់ លោក កៅ សីហា ជាការបាត់បង់ធនធានសិល្បៈមួយរូបដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្តក្នុងវិស័យសិល្បៈ ដោយបានបន្សល់ទុកស្នាដៃជាច្រើន ទាំងការនិពន្ធសៀវភៅ ការដឹកនាំរឿង និងដឹកនាំសម្តែងបទចម្រៀងល្បីៗ។
សម្រាប់តារាឈ្មោះ ប៉ីប៉ី ឌី លោក កៅ សីហា ជាមនុស្សគួរឱ្យគោរព ជាបងប្រុសដ៏ល្អម្នាក់ដែលតែងតែ ចង់ឃើញប្អូនៗបានជោគជ័យ។ លោកបានលើកឡើងថា៖ «ក្នុងដំណើរប្រឡូកលើវិស័យភាពយន្តដំបូង របស់ប្អូនម្នាក់នេះ បងបានចូលរួមជួយប្អូនជាច្រើន យើងបានចំណាយពេលវេលាជាមួយគ្នា វាជិតចេញជាលទ្ធផលសម្រេចហើយ តែទីបំផុតបងក៏ទៅចោលប្អូនហើយ»។
ប្រុស ខួច តារាសម្តែងមួយរូប ដែលស្ថិតក្រោមដឹកនាំរបស់លោក កៅ សីហា បានសរសេរនៅលើហ្វេសប៊ុកខ្លួនថា៖ «សឹងតែមិនជឿ លឿនពេកហើយបងប្រុសជាទីស្រឡាញ់។ រឿងពួកយើងជិតដល់ថ្ងៃចាក់ហើយ ម្ដេចបងមិនចាំមើលសិន»។

ជាផលិតករភាពយន្ត, តន្ត្រី, វីដេអូពាណិជ្ជកម្ម, រឿងទូរទស្សន៍, អ្នកផលិតកម្មវិធីទូរទស្សន៍, អ្នករៀបចំសេណារីយ៉ូសម្តែង លោក កៅ សីហា ក៏ជាអ្នកនិពន្ធប្រលោមលោកមួយរូបផងដែរ។ «មរណភាពរបស់លោក កៅ សីហា គឺជាបាត់បង់ធនធានមនុស្សដ៏ឆ្នើមម្នាក់ក្នុងវិស័យតែងនិពន្ធ។ ស្នាដៃរបស់គាត់កន្លងមក គឺវាអស្ចារ្យសម្រាប់ពួកយើងដែលជាអ្នកនិពន្ធ»។ លោក ព្រឿង ប្រណីត ដែលជាប្រធានសមាគមអ្នកនិពន្ធខ្មែរ បាននិយាយបែបនេះមកកាន់សារព័ត៌មានឌីជីថលថ្មីៗ។
លោក កៅ សីហា បានចាប់កាន់ដងប៉ាកកាក្នុងនាមជាអ្នកនិពន្ឋមួយរូប ដែលស្រឡាញ់ការសរសេរតាំងពីឆ្នាំ២០០០។ លោកបានក្លាយជានិពន្ធនាយក នៃទស្សនាវដ្តី អាថ៌កំបាំង នាអំឡុងឆ្នាំ២០០៦រហូតមកដល់ឆ្នាំ២០១០។ ក្នុងអាជីពជាអ្នកនិពន្ធលោកក៏បានចាប់យកបន្ថែមមួយទៀតជាមួយនឹងការសរសេរព័ត៌មាន ក្នុងនាមជាអ្នកកាសែត។
ប្រធានសមាគមអ្នកនិពន្ធខ្មែរ បានអះអាងថា ៖ «លោក កៅ សីហា ជាអ្នកនិពន្ធព័ត៌មានសិល្បៈ និងសង្គមយ៉ាងចំណានមួយរូបដែលមានទឹកដៃធ្វើឲ្យអ្នកអានចូលចិត្ត អានអត្ថបទរបស់លោកពីព្រោះ លោកសរសេរផ្តល់ព័ត៌មានច្បាស់លាស់និងត្រឹមត្រូវមិនលើសពីការពិត»។

ដោយមានជំនក់ចិត្តជាមួយការសរសេរ លោកកៅ សីហាចូលចិត្តសរសេរប្រលោមលោក និងរឿងខ្លីតាមបែបរចនាបទនៃការ សរសេរបែបបុរសទី១ និងបុរសទី៣។ ក្នុងនោះ ភាគច្រើនលោកចូលចិត្តសរសេររឿងដែលបង្ហាញពីតថភាពនៃជីវិតពិត និងតាម បែបទស្សនវិជ្ជាផងដែរ។ ស្នាដៃកន្លងមកដែលលោកធ្លាប់បាននិពន្ធរួចមក រួមមាន រឿង ទូកមួយ, ហួសហើយជាតិនេះ, ពាធាដួងចិត្ត, ច្រាំងចំរេះស្នេហ៍ខ្ញុំ ឬ ម្លប់បេះដូង, ព្រាយស្នេហ៍, សាហាយយក្ស, មន្តស្នេហ៍៧ភ្លើង, បេះដូងសោភិនី ....ជាដើម។
បើតាមលោកប្រធានសមាគមអ្នកនិពន្ធខ្មែរ ស្នាដៃនិពន្ធរបស់លោកកៅ សីហា ធ្លាប់បានជាប់ពានរង្វាន់ រឿងខ្លី អក្សរសិល្ប៍នូ ហាច ចំណាតថ្នាក់លេខ២ ក្នុងឆ្នាំ២០០៦, ចំណាត់ថ្នាក់លេខ១(ល្ខោន) ពានរង្វាន់«អាងទឹកទឹកមេគង្គឆ្នាំ២០០៥»។ ចំណាត់ថ្នាក់លេខ២ពីរឿងខ្លី ពានរង្វាន់«អង្គការឆេមស៍ ឆ្នាំ២០០៣ និងចំណាត់ថ្នាក់លេខ១ រឿងខ្លី ទូទាំងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ទន្លេមេគង្គ ជាមួយប្រទេសវៀតណាម និងឡាវ។
ក្រៅតែជាអ្នកនិពន្ធ ជាផលិតករដឹកនាំភាពយន្តហើយនោះ លោក កៅ សីហាក៏ជាគ្រូបង្រៀន និងសមាជិកដ៏ល្អក្នុងការធ្វើកិច្ចការងារជាក្រុមផងដែរ។ ដោយមាននិស្ស័យស្រឡាញ់ការបង្រៀន លោកបានធ្វើជាគ្រូបង្រៀនតាមជំនាញសិក្សារបស់លោក តាំងពីឆ្នាំ២០០៦ មកម្ល៉េះ។
សូមជម្រាបថា លោក កៅ សីហា បានទទួលមរណភាពក្នុងវ័យ៤២ឆ្នាំ ដោយរោគាពាធ នាអំឡុងពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ កាលពីថ្ងៃទី២០ ខែតុលា។ សពរបស់លោក ត្រូវបានរៀបចំតាមប្រពៃណី ស្ថិតនៅគេហដា្ឋនក្នុងសង្កាត់ព្រែកឯង៕
អ្នកសរសេរអត្ថបទ
កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញផ្នែកព័ត៌មានសេដ្ឋកិច្ច កសិកម្ម និងផលិតវីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: