WHO បន្តជួយកម្ពុជា ពង្រឹងប្រព័ន្ធសន្តិសុខសុខភាពសាធារណៈឱ្យធន់នឹងគ្រោះអាសន្ន
  • ថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ ​​ ម៉ោង ១០:២០ នាទី ព្រឹក
WHO បន្តជួយកម្ពុជា ពង្រឹងប្រព័ន្ធសន្តិសុខសុខភាពសាធារណៈឱ្យធន់នឹងគ្រោះអាសន្ន
លោក ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល ចុះហត្ថលេខាជាមួយ លោក សាយអា ម៉ាអួ ព្យួកាឡា នាយកអង្គការWHOប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច លើ « យុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងWHO ឆ្នាំ២០២៤-២០២៨» ដើម្បីរួមគ្នាពង្រឹងសុខភាព និងសុខុមាលភាពប្រជាជនកម្ពុជា នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាថ្ងៃទី២១ ខែតុលា ។ រូបថត៖ ក្រសួងសុខាភិបាល។

ភ្នំពេញ៖ អង្គការសុខភាពពិភពលោក (WHO) បន្តជួយកម្ពុជាក្នុងការ​ពង្រឹងប្រព័ន្ធសន្តិសុខសុខភាព ដើម្បីបង្កើនការត្រៀមលក្ខណៈជាមុនការឆ្លើយតប រួមទាំងមានភាពធន់នឹងគ្រោះអាសន្នសុខភាពសាធារណៈ ដែលមានគ្រោះថ្នាក់ច្រើន។  កិច្ចគាំទ្រនេះ នឹងត្រូវឡើងរហូតដល់ដំណាច់ឆ្នាំ២០២៨។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
TTN-Free-Banner-In-Article-PC
 
លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំលើកទី៧៥ របស់អង្គការសុខភាពពិភពលោក(WHO)ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៅទីក្រុងរដ្ឋធានីម៉ានីល សាធារណៈរដ្ឋហ្វីលីពីន នាថ្ងៃទី២១ ខែតុលា។ ក្នុងឱកាសនោះ លោក ឈាង រ៉ា បានចុះហត្ថលេខាជាមួយ លោក សាយអា ម៉ាអួ ព្យួកាឡា នាយកអង្គការWHOប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច លើ « យុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងWHO ឆ្នាំ២០២៤-២០២៨»  ដើម្បីរួមគ្នាពង្រឹងសុខភាព និងសុខុមាលភាពប្រជាជនកម្ពុជា។​
 
« យុទ្ធសាស្រ្តានេះបានកំណត់អំពីចក្ខុវិស័យរួម និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា នៅក្នុងការពង្រឹងសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា នៅក្នុងរយៈពេល​ ៥ឆ្នាំខាងមុខ»។ នេះជាការបញ្ជាក់របស់ក្រសួងសុខាភិបាល ដែលការណ៍នេះ នឹងរួមចំណែកដល់ការសម្រេចបាននូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ «ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព» កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ 
 
 រូបថត ពីក្រសួងសុខាភិបាល​ 

លើសពីនេះ កិច្ចសហការរបស់កម្ពុជា​ជាមួយ WHO នេះ ក៏ បានបញ្ជាក់អំពី ការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាល ចំពោះការសម្រេចបានគោលដៅនៅក្នុង ផែនទីបង្ហាញផ្លូវ​ឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ 
 
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្ថែមថា យុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងWHO » នឹងជាមគ្គុទ្ទេសក៍ សម្រាប់កិច្ចសហការ និងសហប្រតិបត្តិការរយៈពេល៥ឆ្នាំ(២០២៤-២០២៨) សំដៅលើកកម្ពស់សុខភាព សុខុមាលភាពប្រជាជនកម្ពុជា ដែលកំពុងបន្តមានវឌ្ឍនភាព។ កិច្ចសហការនេះ ផ្ដោតលើ ការផ្ដល់ផលជះជាក់ស្ដែង ក្រោមអាទិភាពយុទ្ធសាស្រ្ត ចំនួន៣។ ក្នុងនោះគឺមាន យុទ្ធសាស្ត្រទី១. ពន្លឿនការគ្របដណ្ដប់សុខភាពជាសកលតាមរយៈសមាហរណកម្មសេវានិងប្រព័ន្ធ ប្រកបដោយ គុណភាព ដោយតម្រង់ទិសឡើងវិញទៅលើការថែទាំសុខភាពបឋម។
 
យុទ្ធសាស្ត្រទី២. គឺលើកកម្ពស់សុខភាពបុគ្គល គ្រួសារ និងសហគមន៍ តាមរយៈសកម្មភាពនៅក្នុងវិស័យសុខាភិបាល និងលើសពីនេះ​។ សម្រាប់យុទ្ធសាស្ត្រទី៣. គឺពង្រឹងប្រព័ន្ធសន្តិសុខសុខភាព ដើម្បីបង្កើនការត្រៀមលក្ខណៈជាមុនការឆ្លើយតប និងភាពធន់នឹង គ្រោះអាសន្នសុខភាពសាធារណៈ ដែលមានគ្រោះថ្នាក់ច្រើន។​ ទាំងនេះជាការរៀបរាប់របស់លោក ឈាង រ៉ា ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល៕ 

រូបថត ពីក្រសួងសុខាភិបាល 

អ្នកសរសេរអត្ថបទ

កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញ​ផ្នែក​ព័ត៌មាន​សេដ្ឋកិច្ច កសិកម្ម និង​ផលិត​វីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អ៊ូ សុខមាន