លោក ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយសធនាគារជាតិ ទទួលមរណភាពក្នុង៧៣ឆ្នាំ
  • ថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ ​​ ម៉ោង ១២:៤៩ នាទី រសៀល
លោក ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយសធនាគារជាតិ ទទួលមរណភាពក្នុង៧៣ឆ្នាំ
លោក ជា ចាន់តូ ក្នុងជំនួបមួយនៅពេលស្ថិតក្នុងតំណែងជាអគ្គ​ទេសាភិបាលធនាគារជាតិ កាលពីឆ្នាំ២០២៣។ រូបថត NBC

លោក ជា ចាន់តូ អតីតអគ្គទេសាភិបាល និងក្រោយមកជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ឋានៈស្មើទេសរដ្ឋមន្ត្រី បានទទួលមរណភាពក្នុងអាយុ៧៣ឆ្នាំ ដោយរាគាពាធ នាថ្ងៃទី២៥ ខែតុលា។ លោក ជា ចាន់តូ ក៏ជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំផងដែរ ហើយដំណឹងមរណភាពនេះ ក៏ត្រូវបានអះអាងដោយលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា មកដល់សារព័ត៌មានឌីជីថលថ្មីៗ ផងដែរ។
TTN-Free-Banner-In-Article-PC
 
លោក ជា ចាន់តូ ជាអគ្គទេសាភិបាលធនាគារជាតិកម្ពុជា ចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២៣ មុនពេលតំណែងនេះ ត្រូវបានជំនួសដោយលោកស្រី ជា សិរី ដែលជាកូនស្រីបង្កើតរបស់លោក សម្រាប់រដ្ឋាភិបាលនីតិកាលទី៧។
 
លោក ជា ចាន់តូ ត្រូវបានចាត់ទុកជាឥស្សរជនម្នាក់ដែលបានធ្វើកំណែទម្រង់ និងពង្រឹងប្រព័ន្ធធនាគាររបស់កម្ពុជា ជាពិសេសធ្វើទំនើបកម្ម និងធ្វើសមាហរណកម្មនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុក្នុងតំបន់ និងអន្តរជាតិ។
 
មុនទទួលបានតួនាទីជាអគ្គទេសាភិបាលនេះ លោក ជា ចាន់តូ ធ្លាប់ទទួលខុសត្រូវធំនៅធនាគារកណ្តាល ក្នុងតួនាទីជានាយកធនាគារជាតិនៃកម្ពុជា ពីឆ្នាំ ១៩៧៩ ដល់ ១៩៨១ ។ បន្ទាប់មកលោកត្រូវបានតែងតាំងជាទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជាពីឆ្នាំ ១៩៨១ ដល់ឆ្នាំ ១៩៨៦ ។
 
នៅក្នុងឆ្នាំ ១៩៨៦ លោក ជា ចាន់តូ ក៏បានបម្រើការជាអនុរដ្ឋមន្ត្រីទីមួយ នៅក្រសួងផែនការ។ មិនតែប៉ុណ្ណោះលោក ក៏ធ្លាប់ជាសមាជិកសភា ចន្លោះឆ្នាំ១៩៩៣ ដល់១៩៩៨ផងដែរ។
 
លោក ជា ចាន់តូ ក៏បានទទួលពានរង្វាន់ជាអ្នកគ្រប់គ្រងបានល្អបំផុត ក្នុងការជំរុញកំណើន និងស្ថិរភាពសេដ្ឋកិច្ច ក្នុងអំឡុងពេលជំងឺរាតត្បាត Covid-19 ពីធនាគារកណ្ដាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក កាលពីឆ្នាំ ២០២១ ។
 
កាលពីថ្ងៃទី២៩ កក្កដា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានត្រាស់បង្គាប់តែងតាំងអ្នកស្រី ជា សិរី ជាអគ្គទេសាភិបាលធនាគារជាតិកម្ពុជា ដែលមានឋានៈស្មើទេសរដ្ឋមន្រ្តី។ ជាមួយគ្នានេះ លោក ជា ចាន់តូ ត្រូវបានតែងតាំងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្ត្រី ផងដែរ៕ 
 

អ្នកសរសេរអត្ថបទ

កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញ​ផ្នែក​ព័ត៌មាន​សេដ្ឋកិច្ច កសិកម្ម និង​ផលិត​វីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

អ៊ូ សុខមាន