ខេត្ត​ព្រះសីហនុ ក្នុងបណ្តាញព័ត៌មានអន្តរជាតិខ្លះ ​ប្រៀបដូច «ក្អែក១ជាក្អែក១០»?
  • ថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ ​​ ម៉ោង ៦:៥៩ នាទី ល្ងាច
ខេត្ត​ព្រះសីហនុ ក្នុងបណ្តាញព័ត៌មានអន្តរជាតិខ្លះ ​ប្រៀបដូច «ក្អែក១ជាក្អែក១០»?
(រាប់ពីឆ្វេង) លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល, លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន និងលោក មឿន តុលា​ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ ​និង​សិទ្ធិមនុស្ស​​ (សង់ត្រាល់) និងលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា។

«ជាដុំពេជ្រមិនទាន់ច្នៃ ដែលត្រូវច្នៃឱ្យ​ទៅជាពេជ្រច្រើនមុខ»។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​លើកឡើង​បែបនេះ អំពី​ខេត្តព្រះសីហនុ ជាមួយ​នឹង​ជំហរ​បន្ត​ចក្ខុវិស័យ​ពី​រដ្ឋាភិបាលចាស់ដើម្បី​ប្រែក្លាយ ខេត្ត​ជាប់​មាត់សមុទ្រនេះ​ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ បញ្ហា​​អវិជ្ជមាននានាពិតជាមិន​អាច​ចៀសរួច ប៉ុន្តែ​សម្រាប់ខេត្តព្រះសីហនុ វាប្រៀបដូចជា «ក្អែក១ទៅជាក្អែក១០» ជាពិសេស​ការ​ផ្សព្វផ្សាយ​របស់បណ្តាញព័ត៌មាន​ក្រៅស្រុក​មួយចំនួន ដែល​អាច​ជះឥទ្ធិពល​ដល់ការសម្រេច​ចិត្តដាក់ទុន​រក​ស៊ី​របស់​វិនិយោគិន​ទាំងជាតិ និងអន្តរជាតិ។ មន្ត្រី​រដ្ឋាភិបាល សង្គម​ស៊ីវិល ក៏ដូចជា​ថ្នាក់ដឹកនាំ​សារព័ត៌មាន សុទ្ធតែ​មាន​ឆន្ទៈដូចគ្នា ក្នុងការបង្ហាញឱ្យ​ពិភពលោក​​ឃើញថា ខេត្តព្រះសីហនុ គឺ​ជា​ផ្ទះ​ដ៏ស្អាត។
TTN-Free-Banner-In-Article-PC
 
ទីតាំងនៃ​ឧក្រិដ្ឋកម្មតាមប្រព័ន្ធអនឡាញ កន្លែងចាប់ជំរិត និងជួញដូរមនុស្ស រួមទាំង​បញ្ហា​មួយចំនួន​ទៀត។ ព័ត៌មានទាំងនេះ បន្ត​អណ្តែតលើ​បណ្តាញ​ព័ត៌មាន​មួយចំនួននៅ​ក្រៅប្រទេស​ ខណៈរដ្ឋាភិបាល ជាពិសេស​អាជ្ញាធរមូលដ្ឋាន​ អះអាងថា អ្វី​ៗ មិន​ធ្ងន់ធ្ងរ​ ហើយ​គ្របដណ្តប់​លើ​ខេត្តព្រះសីហនុ​ទាំងមូលនោះឡើយ។
 

 ទិដ្ឋភាពរួមនៃទីរួមខេត្តព្រះសីហនុ។ រូបថត៖ អ៊ូ សុខមាន​
 
ទោះ ក្អែក​១ជា​ក្អែក​១០ ក៏ដោយ ប៉ុន្តែ​ការព្យាយាម​ស្តារមុខមាត់ ពោល​គឺការ​បន្សាប​រូបភាពអវិជ្ជមាន​នានា អំពី​ខេត្ត​ព្រះសីហនុ ត្រូវ​ការ​កម្លាំងរួម​គ្នា​ពីគ្រប់ភាគី ដើម្បី​ផ្តល់ទំនុក​ចិត្ត​សម្រាប់​វិនិយោគិន និង​ទេសចរ​បរទេស​ ឱ្យមក​បណ្តាក់ទុន​រកស៊ី ក៏ដូចជាមក​ទេសចរណ៍កម្សាន្ត​នៅ​ខេត្ត​ជាប់​មាត់សមុទ្រមួយនេះ។
 
បំប៉ោង​ព័ត៌មាន រួមទាំងនិន្នាការ​ស្អប់ចិន
 
ចាប់តាំងពី​ឆ្នាំ​២០១៨មក ខេត្ត​ព្រះសីហនុ បាន​ប្រែមុខ​មាត់យ៉ាងខ្លាំង ហើយ​កាន់តែទទួល​បាន​ចំណាប់អារម្មណ៍អ្នក​វិនិយោគ និងទេសចរអន្តរជាតិ ប៉ុន្តែបញ្ហា​ពាក់​ព័ន្ធ​នឹងហ្គេម​អនឡាញ និង​បាតុភាពអសកម្មមួយ​ចំនួន ក៏​បាន​ប៉ះពាល់​ដល់​កិត្យានុភាពខេត្ត​ផងដែរ។
 
លោក ប៉ែន បូណា រដ្ឋមន្ត្រី​ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យ​រដ្ឋាភិបាល បានគូស​បញ្ជាក់ថា បញ្ហា​ដែល​បាន​កើត​ឡើង​ជាក់​ស្តែងនៅ​ក្នុងទឹក​ដី​ខេត្តព្រះសីហនុ គឺ​មាន​ទំហំ​តូចជាងឆ្ងាយ​ព័ត៌មានមួយ​ចំនួន​ដែល​ផ្សាយពីក្រៅប្រទេស។
 

 លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល។ រូបថត៖  អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល​

បើតាម​លោក ប៉ែន បូណា ការ​ផ្សព្វផ្សាយព័ត៌មានមួយចំនួន​ គ្មានមូលដ្ឋាន និងគ្មានការផ្ទៀងផ្ទាត់ត្រឹមត្រូវ នោះឡើយ។ ទាក់​ទង​នឹងការសរសេរថា ជន​បរទេស​១០ម៉ឺននាក់ ត្រូវបាន​បង្ខាំង​ឱ្យ​ធ្វើការងារ​ខុសច្បាប់​ក្រោមរូបភាពជួញ​ដូរមនុស្សនៅកម្ពុជា ហើយ​បាន​ផ្តោ​តជាពិសេស​លើ​ខេត្តព្រះសីហនុ ត្រង់នេះ អ្នកនាំពាក្យ​បាន​ចោទ​សួរថា «តើ​បានព័ត៌មានពីណា? អ្នក​ណារាប់ឃើញចំនួន​១០ម៉ឺននាក់? ពួក​គេនៅឯណា?»។
 
«ទាំងនេះ ជាការផ្សព្វផ្សាយព័ត៌មានស្មានៗ និងចោទប្រកាន់បំពានមកលើកម្ពុជា ពេល​យើង​ឱ្យបង្ហាញ ភស្តុតាង បែរជា​អត់មាន។  ព័ត៌មានបែបហ្នឹង  វាអាក្រក់ខ្លាំងណាស់ដែលនិយាយ ពន្លើស បំផ្លើសបំភ្លៃ ខណៈអាជ្ញាធរកម្ពុជា​ប្រឹងប្រែងចាត់វិធានការ ដើម្បីទប់ស្កាត់អំពើអសន្តិសុខណាមួយ ជាពិសេសនៅ ខេត្តព្រះសីហនុតែម្តង»។ អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​លើកឡើង​យ៉ាង​ដូច្នេះ។
 
ថ្លែង​មក​កាន់សារព័ត៌មានឌីជីថល​ថ្មី​ៗ លោក ប៉ែន បូណា ក៏បាន​សម្គាល់ឃើញថា ការ​ផ្សាយ​ព័ត៌មាន​បំប៉ោង​ពីខេត្តព្រះសីហនុ ក៏កើត​ចេញពីនិន្នាការ​ស្អប់​ចិន រើសអើង​ជន​ជាតិ​ចិន​ផងដែរ។ លោក​ថា ការ​វាយ​ប្រហារ​លើ​ជន​ជាតិ​ចិន ក៏ដូចជារដ្ឋាភិបាល​កម្ពុជា​ដោយគ្មានមូលដ្ឋាន និង​ការផ្ទៀង​ផ្ទាត់​ត្រឹម​ត្រូវ ពិតជា​ធ្វើ​ឱ្យ​ប៉ះពាល់​មុខមាត់កម្ពុជា ជាពិសេស​ខេត្ត​ព្រះសីហនុផ្ទាល់តែម្តង។
 
បង្កើនការផ្សព្វផ្សាយពី​សក្តានុពលខេត្តព្រះសីហនុ
 
សារព័ត៌មាន​ក្នុងស្រុកទាំងភាសាខ្មែរ និងភាសាបរទេស​ ទីភ្នាក់ព័ត៌មាន​អន្តរជាតិ និង​បណ្តាញព័ត៌មាន​អន្តរជាតិផ្សេងទៀត​ គឺជាចំណែក​ដ៏​សំខាន់​ក្នុងការផ្សព្វផ្សាយបង្ហាញសក្តានុពល​ខេត្តព្រះសីហនុ ឱ្យ​សក្តិសម​ជា​តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។​
 
ចាប់តាំងពី​ដើមអាណត្តិទី៧មក ក្រសួងព័ត៌មាន បានសហការជាមួយ​​ខេត្តព្រះសីហនុ និងអាជ្ញាពាក់ព័ន្ធ ផ្សេងទៀត ជាពិសេស ក្រសួងទេស​ចរណ៍ដើម្បី​ផ្សព្វផ្សាយសកម្មភាពនានា ដែលបង្ហាញពីការបោះជំហាន ទៅមុខលើការអភិវឌ្ឍគ្រប់វិស័យនៅខេត្តព្រះសីហនុ ក៏ដូចជាកម្ពុជាទាំងមូល។
 

 លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន។ រូបថត៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
 
អ្នកនាំពាក្យ​ក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ អះអាងថា ក្រសួង​របស់​លោក តែងតែ​បាន​រួមចំណែក​ផ្សព្វផ្សាយ និង​ជំរុញ​ការផ្សព្វផ្សាយ​នូវសមិទ្ធ​ផល​នានា​ដែល​ខេត្ត​ព្រះសីហនុ​ សម្រេច​បាន រួម​ទាំងសក្តានុពល​ផ្សេងៗ ផ្នែកទេសចរណ៍ ការវិនិយោគ ​ការអភិវឌ្ឍ​លើ​វិស័យ​ដឹកជញ្ជូន ការអភិវឌ្ឍកំពង់ផែទឹកជ្រៅ អត្ថប្រយោជន៍​នៃផែនការមេដើម្បីអភិវឌ្ឍខេត្តនេះ ទៅជាតំបន់សេដ្ឋកិច្ចគំរូពហុ​បំណង ជាដើម។ 
 
«ពិធីបុណ្យទាន​ផ្សេងៗ ដូចជាបុណ្យ​ចូលឆ្នាំ ភ្ជុំបិណ្ឌ ឬបុណ្យ​សមុទ្រជាដើម ក៏ជាឱកាស​ដែលយើង​ពង្រឹងការផ្សព្វផ្សាយ​ពីសក្តានុពល​ខេត្ត​ព្រះសីហនុ​ផងដែរ»។ លោក ទេព អស្នារិទ្ធ បាន​បញ្ជាក់យ៉ាងដូច្នេះ ដោយ​បន្ថែម​ថា ក្រសួងព័ត៌មាន មាន​កិច្ច​សហប្រតិបត្តិយ៉ាង​ល្អជាមួយ​បណ្តា​ប្រទេសនានា ជាពិសេស​សមាជិក​អាស៊ាន​ដទៃទៀត រួមទាំង​ភាគី​ចិន​ លើ​ការ​ផលិត​ភាពយន្តឯកសារ បទយក​ការណ៍ បទសម្ភាស​ជាមួយ​អ្នក​វិនិយោគអំពីសុវត្ថិភាព ក៏ដូចជាបរិយាកាសល្អ អំណោយផល សម្រាប់ការបន្តអនុវត្តគម្រោងវិនិយោគ និង​ឱកាសសម្រាប់គម្រោង​វិនិយោគ​ថ្មី​នៅកម្ពុជា។ 
 
ភាពយន្តឯកសារ បទយកការណ៍​ និងបទសម្ភាសជាមួយអ្នកវិនិយោគទាំងនោះ ត្រូវបានផ្សព្វផ្សាយជា បន្តបន្ទាប់​លើប្រព័ន្ធផ្សព្វផ្សាយនៅតាមប្រទេសមួយ​ចំនួន​ក្នុងតំបន់។ លើសពីនេះ អ្នកនាំពាក្យក្រសួង ព័ត៌មាន ក៏កត់សម្គាល់ឃើញថា បណ្តាញផ្សព្វផ្សាយព័ត៌មានមួយចំនួននៅក្នុងតំបន់ ក៏បានផ្សព្វផ្សាយពី បរិយាកាសអំណោយផលល្អប្រសើរនៅកម្ពុជា ដោយ​បានរំលេចអំពីស្ថានភាព និងស្ថិរភាពសម្រាប់ទាំង អ្នកវិនិយោគ និងទាំងភ្ញៀវទេសចរ​ ដែលមានបំណងកម្សាន្ត និងវិនិយោគនៅក្នុងខេត្តព្រះសីហនុ ​និងបណ្តាខេត្តផ្សេងទៀត។
 
ជាមួយគ្នានេះ លោក ទេព អស្នារិទ្ធ បាន​បង្ហាញឱ្យ​ឃើញពី​តួនាទី​ដ៏សំខាន់របស់ទីភ្នាក់ងារព័ត៌មាន​កម្ពុជា (AKP) ដែលមានដៃគូផ្សព្វផ្សាយ​ពី​ជាង​១៥ប្រទេស​លើ​ពិភពលោក​ទាំងក្នុងអាស៊ី អឺរ៉ុប និងអាម៉េរិក។ ការផ្សព្វផ្សាយ​មាន៤ភាសា គឺខ្មែរ អង់គ្លេស បារាំង និងអារ៉ាប់។
 
សម្អាតផ្ទះខ្លួនឯង...
 
សម្រាប់​លោក ពុយ គា ប្រធាន​ក្លិប​អ្នកកាសែតកម្ពុជា ការបន្សាបព័ត៌មានអវិជ្ជមាននៃខេត្តព្រះសីហនុ ពីក្រសែភ្នែក និងផ្នត់គំនិត​របស់វិនិយោគិន ​​និងទេសចរបរទេស អាជ្ញាធរ​ជា​ទ័ពជួរមុខ រីឯអ្នក​សារព័ត៌មាន​ជាទ័ព​ជួរក្រោយ។ លោកទាមទារឱ្យអាជ្ញាធរពង្រឹងសន្តិសុខសណ្តាប់ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ ជាពិសេស​ការបោសសម្អាតល្បែង​អនឡាញ អំពើឆបោកតាមអនឡាញ ចាប់ជំរិតមនុស្ស  ការជួញដូរគ្រឿងញៀន រួមទាំងអំពើឧក្រិដ្ឋកម្មនានាដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ខេត្តព្រះសីហនុ។ 
 

 លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ។ រូបថត៖ CCJ 
 
«សារព័ត៌មាន ទៅតាមក្រោយ ជាទ័ពក្រោយ​ ដោយ​ទ័ពជួរមុខ គឺអាជ្ញាធរ ដែល​ត្រូវពង្រឹងផ្នែកសន្តិសុខ ដោយត្រូវបោសផ្ទះខ្លួនឯងឱ្យបានស្អាត​»។​ លោក ពុយ គា បាន​គូសបញ្ជាក់​បែបនេះ ដោយ​បន្ថែម​ថា អ្នកសារព័ត៌មានអាចផ្សព្វផ្សាយព័ត៌មានទៅតាមជ្រុង ឬមុមនានា ដែលអាចផ្តោតទៅលើផ្នែកសន្តិសុខ, ការរស់នៅ និងការធ្វើជំនួញរបស់ពលរដ្ឋនៅខេត្តព្រះសីហនុ, ឱកាស សក្តានុពលវិនិយោគ​នានា ​និងព័ត៌មានពាក់ព័ន្ធនឹងវិស័យទេសចរណ៍...ជាដើម។ 
 
បើតាម​ប្រធាន​ក្លិបអ្នក​កាសែត កិច្ច​សហសហការពីអាជ្ញាធរពាក់ព័ន្ធគឺ​ទុន​ដ៏សំខាន់​សម្រាប់អ្នក​សារព័ត៌មាន​ក្នុងការផ្សព្វផ្សាយ​បានពេញលេញ និង​មាន​ខ្លឹម​សារគ្រប់គ្រាន់ ទូលំទូលាយ​។ លោក​ក៏កត់សម្គាល់​ផងដែរថា៖ «អត្ថបទជាភាសាខ្មែរ មិនជា​បញ្ហាចោទប៉ុន្មាន​ឡើយ បើសម្រាប់ភាសា​ចិន និង​ភាសាអង់គ្លេស​វិញ ការ​ចេញផ្សាយ​មិន​ត្រឹមត្រូវ ពិតជា​​ធ្វើឱ្យ​ប៉ះពាល់​ធ្ងន់ដល់មុខ​មាត់​កម្ពុជា»។
 
ចំណែក​ឯ​ លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ ​និង​សិទ្ធិមនុស្ស​​ (សង់ត្រាល់) បានលើកឡើងពីការបោសសម្អាតអំពើអសន្តិសុខគ្រប់រូបភាព​នៅខេត្តព្រះសីហនុ ដែលបង្កដោយ​ជនជាតិចិន ដូចជា​ឧក្រិដ្ឋកម្មតាមប្រព័ន្ធអនឡាញ ការឆបោក ការចាប់ជំរិត និងជួញដូរមនុស្ស...ជាដើម។
 
«យើងត្រូវដោះស្រាយរឿងអវិជ្ជមាន​ទាំងនោះ ដើម្បីរក​ និងសិក្សាឱ្យឃើញ​ឫសគល់នៃបញ្ហា​ដែល​នាំឱ្យ​ខេត្តព្រះសីហនុ​ មាន​មុខមាត់​មិន​ល្អនៅ​បរទេស»។ នាយក​ប្រតិបត្តិ​សង់ត្រាល់ បាន​ស្នើ​យ៉ាងដូច្នេះ ដោយ​រំលឹក​ពីខ្សែភាពយន្ត​ចិន​រឿង «No More Bets» ដែល​ជះឥទ្ធិពលអវិជ្ជមានខ្លាំងដល់កម្ពុជា ជាពិសេសគឺមុខមាត់ខេត្តព្រះសីហនុតែម្តង។ ភាពយន្តនេះបាន បង្ហាញពីជនរងគ្រោះដោយសារការឆបោកតាមប្រព័ន្ធអនឡាញ នៅខេត្តព្រះសីហនុ​ ស្របពេលដែល​​សារព័ត៌មានបរទេសក៏ធ្លាប់បានចេញផ្សាយពីប្រធាន​បទនេះ​ផងដែរ។​
 

 លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ ​និង​សិទ្ធិមនុស្ស​​ (សង់ត្រាល់)។ រូបថត៖ សង់ត្រាល់
 
លោក មឿន តុលា ស្នើ​ឱ្យមាន​ការ​​គ្រប់គ្រង និងចំណាត់ការច្បាស់​លាស់​លើ​​ករណីជន​ជាតិចិនបាញ់បោះសេរី និង​សកម្ម​ភាពហិង្សា​ផ្សេងៗ ហើយចំពោះ​ការ​ប្រើប្រាស់ស្លាករថយន្ត​លេខ ខ.ម. អាជ្ញាធរ​ត្រូវ​ដឹងពីប្រភពអ្នក​ជួល​រថយន្ត និងអ្នក​អនុញ្ញាតឱ្យមានការប្រើ​ប្រាស់ខុសច្បាប់នេះ។
 
ពាក់ព័ន្ធនឹងរឿង ឆបោកតាមប្រព័ន្ធអនឡាញ លោក មឿន តុលា ជឿជាក់លើសមត្ថភាព​របស់​រដ្ឋាភិបាលក្នុងការ​បង្ក្រាប​។ លោក​ថា រូបភាព និងសកម្មភាពអស់ទាំងនេះ គឺជាអ្វីដែលអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ត្រូវរួមគ្នាបោសសម្អាតចេញឱ្យបានស្អាត ដើម្បីស្តារមុខមាត់ និងក្តិតិនាមខេត្តព្រះសីហនុ។
 
ផលិតភាពយន្ត ដើម្បីបន្សាបគំនិតអវិជ្ជមានរបស់ជនបរទេសមកលើកម្ពុជា​
 
លើសពីការផ្សព្វផ្សាយព័ត៌មាននៅលើប្រព័ន្ធផ្សព្វផ្សាយទាំង​ក្នុង និងក្រៅប្រទេស ការផលិតយន្តភាពនានា ដើម្បីបន្សាបគំនិតអវិជ្ជមានរបស់ជនបរទេសមកលើកម្ពុជា​ក៏ជារឿងសំខាន់ ដោយមនុស្សគ្មានមើលអ្វីច្រើនជាងខ្សែភាពយន្តនោះទេ។ កន្លងមក លោក ពុយ គា បានទាមទារផលិត​កម្ម​ចិនថតខែ្សភាពយន្ត «No More Bets ភាគពីរ» ឱ្យកម្ពុជា ដើម្បីប្តូរគំនិត​អវិជ្ជមានរបស់ជនបរទេសមកលើកម្ពុជា។ 
 
« No More Bets របស់ចិន គឺអាចមកថតភាគពីរដើម្បីកែសម្រួល Image [រូបភាព]។ ជាក្រុមហ៊ុនដដែល ជាសាច់រឿងដដែល ប៉ុន្តែមានរូបភាពផ្សេង ក្នុងការបន្សាបគំនិតអវិជ្ជមានរបស់​ជនបរទេសចំពោះកម្ពុជា»។ នេះជាការលើកឡើងរបស់ប្រធានក្លិបអ្នក​កាសែតកម្ពុជា។
 

 
ជុំវិញនៃអំពើឧក្រិដ្ឋកម្មតាមប្រព័ន្ធអនឡាញនេះដែរ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងថា កម្ពុជាគឺជាប្រទេសរងគ្រោះដោយបណ្តាញបោកប្រាស់តាមអ៊ិនធឺណិតឆ្លងដែន។ ពួកគេយកកម្ពុជា និងប្រទេសមួយចំនួនទៀតក្នុងតំបន់ ធ្វើជាទីតាំងប្រព្រឹត្តបទល្មើស។ លោក ប៉ែន បូណា បានបញ្ជាក់ថា៖ «បញ្ហានេះទាមទារកិច្ចសហការអន្តរប្រទេស មិនមែនទម្លាក់កំហុសមកលើកម្ពុជាតែឯងទេ។ អាជ្ញាធរកម្ពុជាខិតខំណាស់ឱ្យតែមានបណ្តឹង ឬទទួលបានព័ត៌មានចាត់វិធានការភ្លាម»។
 
ចក្ខុវិស័យ​ច្បាស់លាស់របស់រដ្ឋាភិបាល​ក្នុងការ​ប្រែក្លាយខេត្តព្រះសីហនុ
 
ផែនការ​មេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុ​បំណង បាន​បោះជំហាន​តាំងពីឆ្នាំ​២០២០មក តាមរយៈការ​បង្កើតក្រុម​ប្រឹក្សា​ដោយព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និង​ការ​បង្កើតគណៈកម្មការ​សម្របសម្រួលអន្តរក្រសួង ដោយអនុក្រឹត្យ​របស់សម្តេច ហ៊ុន សែន ក្នុងអាណត្តិជានាយករដ្ឋមន្ត្រី។
 
ឈានដល់ខែ​សីហា ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាប្រធានគណៈកម្មាធិការសម្របសម្រួល​អន្តរក្រសួង បាន​បន្ត​បង្កើតក្រុម​ការងារបច្ចេកទេស​ ដែលដឹកនាំ​ដោយ​លោករដ្ឋលេខាធិការ ផាន់ ផល្លា។
 

 ទិដ្ឋភាពរួមនៃខេត្តព្រះសីហនុ កាលឆ្នាំ២០២២។ រូបថត៖ ពីហ្វេសប៊ុក សម្តេច ហ៊ុន សែន 

បើគិត​ចាប់តាំងពីការចូលកាន់តំណែង​ជានាយករដ្ឋមន្ត្រី សម្តេច ហ៊ុន ម៉ាណែត និយាយមិន​តិច​នោះឡើយ​អំពីគម្រោង​អភិវឌ្ឍន៍​ខេត្តព្រះសីហនុ ជាពិសេស​ការ​បន្ត​ជំរុញផែន​ការមេដើម្បីអភិវឌ្ឍទៅជាតំបន់​សេដ្ឋកិច្ចពិសេសគំរូពហុ​បំណង បន្តពី​រដ្ឋាភិបាលអាណត្តិមុន។
 
ក្រៅអាជ្ញាធរមូលដ្ឋាន ក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋាន និងយន្តការផ្សេងៗទៀត សម្តេច ហ៊ុន ម៉ាណែត កាលពចុងខែមករា បានសម្រេចបង្កើត «ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» ក្រោមឆ័ត្រគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រុមការងារនេះ ដឹកនាំដោយលោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
 
ជាតំបន់​សេដ្ឋកិច្ចពិសេសគំរូពហុបំណង ខេត្តព្រះសីហនុ នឹងក្លាយជា​ច្រកទ្វារអន្តរជាតិរបស់កម្ពុជា ដោយប្រែក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនពហុមធ្យោបាយ និងឡូជីស្ទិក, មជ្ឈ​មណ្ឌល​​ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ, ជាប៉ូលអភិវឌ្ឍន៍ជាតិ ដោយប្រែក្លាយជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រ និងប្រជុំកោះលំដាប់សកលលោក, មជ្ឈមណ្ឌលជាតិនៃការអភិវឌ្ឍឧស្សាហកម្ម និងមជ្ឈមណ្ឌលជាតិសម្រាប់នវានុវត្តន៍បច្ចេកវិទ្យា និងជាទីក្រុងធំមួយនៅក្នុងតំបន់អាស៊ាន ជាមួយនឹងកិត្តិនាមជាទីក្រុងគំរូបៃតងប្រកបដោយចីរភាព, ចម្រុះវប្បធម៌ និងឆ្លាតវៃ។
 
ការកំណត់​ចក្ខុវិស័យ​ប្រែក្លាយ​ខេត្តមាត់សមុទ្រនេះ ទៅជាប៉ូល​សេដ្ឋកិច្ច​ក្នុងការទាក់​ទាញ​ការវិនិយោគពី​បរទេស គឺជាចំណែកមួយយ៉ាងធំ ដើម្បីនាំ​កម្ពុជា ឱ្យទៅជាប្រទេសចំណូលមធ្យម​កម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ ផងដែរ​។
 
នាពិធីប្រកាស​ដាក់ឱ្យអនុវត្ត​ផ្លូវការ «កម្មវិធីពិសេស​ ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ ឆ្នាំ២០២៤» សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​គូស​បញ្ជាក់ថា ខេត្តព្រះសីហនុ ដែលជាប៉ូល​សេដ្ឋកិច្ចពហុវិស័យ​មួយ​ ក្នុងចំណោម៥ (ភ្នំពេញ សៀមរាប ព្រះសីហនុ ទិសពាយ័ព្យ និងទិសនិរតី) មានជាស្រេចហើយ នូវតំបន់សេដ្ឋកិច្ចពិសេសធំៗ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាពិសេស ផ្លូវលឿនភ្នំពេញ-ខេត្តព្រះសីហនុ និងចំណតកំពង់ផែទឹកជ្រៅ ដែលតភ្ជាប់ខេត្តនេះ ទៅកាន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀត ទាំងក្នុងប្រទេស និងក្នុងតំបន់។
 
«យើងមានសន្តិភាពហើយ ដាច់ខាតត្រូវការពារសន្តិសុខឲ្យបាន។ នេះគឺជាគន្លឹះធំណាស់ សម្រាប់ទូទាំងប្រទេស មិនថាតែខេត្តព្រះសីហនុទេ»។ សម្តេច ហ៊ុន ម៉ាណែត លើកឡើង​បែបនេះ ដោយសម្តែងនូវការខក​ចិត្តចំពោះការផ្សព្វផ្សាយ​បណ្តាញសារព័ត៌មានអន្តរជាតិខ្លះ ដែលមិនឆ្លុះបញ្ចាំងពីកិត្យានុភាពកម្ពុជា។ បើតាម​សម្តេច អ្វីដែលបានបង្ហាញនៅលើ កញ្ចក់ទូរទស្សន៍នៅខាងក្រៅប្រទេសនោះ វាមិនឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៅកម្ពុជាឡើយ។ 
 
 
ទាក់ទង​នឹង​ព័ត៌មានមិនល្អពី​កម្ពុជា ជាពិសេសពីខេត្តព្រះសីហនុ ប្រមុខរដ្ឋាភិបាល​ កត់សម្គាល់ថា រឿងអាក្រក់ មានមនុស្សរាប់លាននាក់បានឃើញ តែរឿងល្អពិបាក នឹងគេបានឃើញ ។ «ខ្ញុំធ្លាប់និយាយថា យើងត្រូវការពេលជិត២០ឆ្នាំ ក្រោយពីសង្រ្គាមបញ្ចប់ដើម្បីកសាងរូបភាពកម្ពុជា ថាជាប្រទេសសន្តិភាព មានទេសចរមកលេងអង្គរច្រើន។ តែការបំផ្លាញធ្វើឲ្យប៉ះពាល់សន្តិសុខ ត្រូវការតែ ៦ខែគត់ ព័ត៌មាន ២ ឬ៣ ចេញមកតាមទូរទស្សន៍ Al Jazeera អាចបំផ្លាញ។»។ 
 
ប្រមុខរដ្ឋាភិបាល បាន​ណែនាំ​ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ប្រឹងប្រែងលុបបំបាត់ឱ្យបាន​ នូវ​បញ្ហាអសន្តិសុខ ជាពិសេសនៅខេត្តព្រះសីហនុ ដើម្បី​កុំឱ្យគេមានភស្តុតាងចាប់កំហុស ឬមានហេតុផល​យកទៅបង្កើតរឿង៕

អ្នកសរសេរអត្ថបទ

កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញ​ផ្នែក​ព័ត៌មាន​សេដ្ឋកិច្ច កសិកម្ម និង​ផលិត​វីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អ៊ូ សុខមាន