ការសន្សំប្រាក់ ផ្តល់នូវសំណាញ់សុវត្ថិភាព និងស្ថិរភាពហិរញ្ញវត្ថុ!
  • ថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ​​ ម៉ោង ៧:៥៩ នាទី ព្រឹក
ការសន្សំប្រាក់ ផ្តល់នូវសំណាញ់សុវត្ថិភាព និងស្ថិរភាពហិរញ្ញវត្ថុ!
(រាប់ពីស្តាំ) លោកស្រី ឌិត នីតា ប្រធាន CMA, លោក ឡាយ សុខហេង អគ្គនាយករងត្រួតពិនិត្យ ធនាគារជាតិ នៃកម្ពុជា, លោក កង វណ្ណារ៉ូ អភិបាលរង ខេត្តកំពង់ស្ពឺ និង លោក រ័ត្ន សោភ័ណ ប្រធាន ABC ។ រូបថត៖ អ៊ូ សុខមាន

កំពង់ស្ពឺ៖  ការសន្សំប្រាក់ មិនត្រឹមអាចជួយអ្នកសន្សំប្រាក់ និងក្រុមគ្រួសារឱ្យមានភាពល្អប្រសើរនាពេល អនាគតប៉ុណ្ណោះទេ តែទម្លាប់ដ៏ល្អនេះ ជាការផ្តល់នូវសំណាញ់សុវត្ថិភាព និងស្ថិរភាពហិរញ្ញវត្ថុសម្រាប់លោកអ្នក។ លើសពីនេះ ការសន្សំប្រាក់នៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ ថែមទាំងបានរួមចំណែកធ្វើឱ្យប្រព័ន្ធធនាគារនៅកម្ពុជា មានភាពរឹងមាំ និងមានស្ថិរភាព និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ផងដែរ។
TTN-Free-Banner-In-Article-PC
 
« ការសន្សំប្រាក់ ផ្តល់ឱ្យយើងនូវសំណាញ់សុវត្ថិភាព និងស្ថិរភាពហិរញ្ញវត្ថុ»។ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា(ABC) បានថ្លែងបែបនេះក្នុងសិក្ខាសាលាស្តីពី ទិវាសន្សំអាស៊ាន លើកទី៤ ដែលធ្វើឡើងក្នុងបរិវេណទីរួមខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣១ ខែតុលា។ លោក បានបញ្ជាក់ថា ប្រាក់សន្សំដែលបុគ្គលម្នាក់ៗមាន គឺជាប្រភពទុនបម្រុងដ៏សំខាន់និងចាំបាច់ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុ ឬហេតុការណ៍នានា មិនបានព្រៀងទុកនាពេលអនាគត។  ដូចជា ៖ ការសន្សំប្រាក់សម្រាប់ពេលមានជំងឺ ជួបគ្រោះថ្នាក់ចៃដន្យ និងការបាត់បង់ចំណូលបណ្តោះអាសន្ន ក៏ដូចជាការដោះស្រាយបញ្ហាបន្ទាន់នានាដែលកើតឡើងជាយថាហេតុ។
 
ជាមួយគ្នានេះ ការសន្សំប្រាក់ ជួយឱ្យបុគ្គលម្នាក់សម្រេចបាននូវគោលដៅផ្នែកហិរញ្ញវត្ថុ។ ការណ៍នេះ ក៏ព្រោះតែទម្លាប់សន្សំនឹងឱ្យបុគ្គលម្នាក់ៗគរពួននូវប្រាក់ សម្រាប់គោលដៅ និងបំណងប្រាថ្នាហិរញ្ញវត្ថុនាពេលអនាគត ដូចជា ការទិញម៉ូតូ ទិញរថយន្ត បង់ថ្លៃសាសា ទិញផ្ទះ និងការចាប់ផ្តើមអាជីវកម្ម ជាដើម។ លោកប្រធានសមាគមធនាគារនៅកម្ពុជា បានអះអាងយ៉ាងដូច្នេះ៖ « ការសន្សំប្រាក់របស់យើង ជាពិសេសសន្សំប្រាក់ជាមួយគ្រឹះស្ថានផ្លូវការ មិនត្រឹមតែជួយខ្លួនយើង និងគ្រួសាររបស់យើងប៉ុណ្ណោះទេ វាថែមទាំងជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ការសន្សំនេះ ចូលរួមចំណែកក្នុងការផ្តល់ ជាប្រភពមូលធន សម្រាប់បំពេញតម្រូវការហិរញ្ញវត្ថុរបស់វិនិយោគិនក្នុងប្រទេស ផងដែរ»។ 
 

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា (ABC)។ រូបថត៖ អ៊ូ សុខមាន

ការចាប់ផ្តើមសន្សំប្រាក់ គឺជាការបង្កើតនូវទម្លាប់ល្អ និងបំណិនជីវិតខ្លួនឯង។ ទម្លាប់ល្អនេះ នឹងធ្វើឱ្យបុគ្គលម្នាក់ៗមានលទ្ធភាព ក្នុងការគ្រប់គ្រងផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន និងមានការសម្រេចចិត្តត្រឹមត្រូវលើការចំណាយ និងការវិនិយោគអ្វីមួយ នាពេលអនាគត។ 
 
តែយ៉ាងណាមិញ ការសន្សំមិនមែនសុទ្ធតែកើតឡើង ដោយឯកឯងនោះទេ។ នេះជាការមើលឃើញរបស់ លោកស្រី ឌិត នីតា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) ដែលទាមទារឱ្យបុគ្គលម្នាក់ៗត្រូវរៀនមានទម្លាប់សន្សំ ត្រូវមានវិន័យចាយវាយ និងទុកដាក់លុយកាសឱ្យបានត្រឹមត្រូវ។ លោកស្រី បានបញ្ជាក់ថា ៖ « ទាំងអស់នេះ យើងត្រូវរៀន! រៀនកាន់តែនៅវ័យក្មេង កាន់តែល្អ។ ពីព្រោះ ក្មេង គឺជាវ័យដែលត្រូវហាត់ពត់លុតដំខ្លួន ទាំងផ្នែកចំណេះវិជ្ជា ទាំងវិន័យ និងទម្លាប់ ដើម្បីធ្វើឱ្យជីវិតជោគជ័យនាថ្ងៃអនាគត»។
 

លោកស្រី ឌិត នីតា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុ ( CMA) ។ រូបថត៖ អ៊ូ សុខមាន

នាឱកាសប្រារព្ធទិវាសន្សំអាស៊ាននេះ លោកស្រី ឌិត នីតា បានលើកទឹកចិត្តដល់សាធារណជនទូទៅ ឱ្យបន្តនិងបង្កើនទម្លាប់សន្សំប្រាក់ ជាពិសេសសន្សំជាមួយស្ថាប័នហិរញ្ញវត្ថុផ្លូវការ ដើម្បីទទួលបាននូវអត្ថប្រយោជន៍នានា និងចៀសវាងហានិភ័យផ្សេងៗ។ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុរូបនេះសង្ឃឹមថា ៖ «សិក្ខាសាលានេះ នឹងជាក្លាយចំណុចចាប់ផ្តើមបណ្តុះទម្លាប់សន្សំដល់កុមារ និងយុវជនរបស់យើង ព្រមទាំងជំរុញទម្លាប់សន្សំបន្ថែមទៀតដល់អ្នក ដែលកំពុងសន្សំ ដើម្បីឱ្យពួកគាត់មានបំណិនជីវិតដ៏សំខាន់មួយនេះ។ ការគ្រប់គ្រងហិរញ្ញវត្ថុដ៏មានប្រសិទ្ធភាព គួរតែចាប់ផ្តើមដោយការដាក់ប្រាក់សន្សំទុក មុននឹង ចាយ»។
 
ទិវាសន្សំអាស៊ាន ឆ្នាំ២០២៤ ត្រូវបានធ្វើឡើងក្រោមប្រធានបទ ៖ « សារៈសំខាន់ នៃការសន្សំប្រាក់តាំងពីវ័យកុមារ» ដែលផ្តួតផ្តើមរៀបចំដោយ ធនាគារជាតិ នៃកម្ពុជា និងចូលរួមសហការដោយ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ ប្រធានបទសម្រាប់ទិវាសន្សំអាស៊ានឆ្នាំនេះ បានបង្ហាញឱ្យឃើញពីអត្ថប្រយោជន៍ក្នុងការសន្សំប្រាក់ ដែលទាំងអស់គ្នា ជាពិសេសកុមារ និងយុវជន ត្រូវមានទម្លាប់ល្អក្នុងការសន្សំប្រាក់ និងចេះគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីកសាងអនាគតមួយដែលមានសុវត្ថិភាព។ 
 


លោក ឡាយ សុខហេង អគ្គនាយករងត្រួតពិនិត្យ ធនាគារជាតិ នៃកម្ពុជា បានអះអាងថា ការសន្សំប្រាក់ គឺជាសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុដ៏សំខាន់ និងចាំបាច់ សម្រាប់ឆ្លើយតបទៅនឹងបញ្ហា និងតម្រូវការហិរញ្ញវត្ថុបន្ទាន់។ ហើយ វា ជាផ្នែកមួយនៃការគ្រប់គ្រងរបស់បុគ្គល និងគ្រួសារ ដើម្បីធានាបាននូវស្ថិរភាពហិរញ្ញវត្ថុ។ ជាមួយគ្នានេះ លោក បានលើកទឹកចិត្តដល់ពលរដ្ឋឱ្យផ្លាស់ប្តូរទម្លាប់សន្សំប្រាក់បែបប្រពៃណីនៅតាមផ្ទះ ងាកមកសន្សំប្រាក់ជាមួយគ្រឹះស្ថានធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្លូវការវិញ។
 
« ការដាក់សន្សំប្រាក់ជាមួយគ្រឹះស្ថានផ្លូវការ នាំឱ្យយើងទទួលបានអត្ថប្រយោជន៍ជាច្រើន។ ដូចជា៖ ការផ្តល់នូវការថែរក្សា ឬការពារប្រាក់សន្សំរបស់យើងប្រកបដោយសុវត្ថិភាព, ផ្តល់នូវចំណូលការប្រាក់បន្ថែម, ទទួលបាននូវកិច្ចការពារតាមផ្លូវច្បាប់ និងផ្តល់នូវលទ្ធភាពក្នុងការរៀបចំគម្រោងហិរញ្ញវត្ថុសម្រាប់អនាគតច្បាស់លាស់»។ នេះជាការលើកឡើងរបស់លោក ឡាយ សុខហេង ដោយបន្តនិយាយយ៉ាងដូច្នេះ៖ « លើសពីនេះ នៅពេលដែលសន្សំប្រាក់ជាមួយគ្រឹះស្ថានផ្លូវការ មានន័យថា យើងបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយប្រាក់បញ្ជើសន្សំនោះ គឺជាប្រភពទុនដ៏សំខាន់សម្រាប់បំពេញតម្រូវការហិរញ្ញវត្ថុវិនិយោគិននៅក្នុងប្រទេស»។
 
ដោយមើលឃើញពីសារៈសំខាន់ និងភាពចាំបាច់ រួមទាំងជំរុញនូវវប្បធម៌នៃការសន្សំប្រាក់នៅតាមគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុផ្លូវការ រដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រជាតិ ស្តីពី បរិយាប័ន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ មានទិសដៅបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ដែលមានគុណភាព កាត់បន្ថយអត្រាស្រ្តីដែលមិនទទួលបានសេវាហិរញ្ញវត្ថុ និងពង្រីកការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពគ្រួសារ  និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ។ យុទ្ធសាស្ត្រជាតិនេះ ក៏ផ្តោតលើការលើកទឹកចិត្ត និងជំរុញឱ្យពលរដ្ឋ សន្សំប្រាក់ជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ផងដែរ៕

អ្នកសរសេរអត្ថបទ

កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញ​ផ្នែក​ព័ត៌មាន​សេដ្ឋកិច្ច កសិកម្ម និង​ផលិត​វីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អ៊ូ សុខមាន