ក្រសួងសុខាភិបាល ធ្វើបដិវត្តកម្មឌីជីថល ដើម្បីឱ្យប្រសើរឡើងនូវការផ្តល់សេវាសុខាភិបាលដល់ពលរដ្ឋ
- ថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ៧:៥៩ នាទី ល្ងាច

លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ រូបថត៖ ពត សែមតារារដ្ឋ
ភ្នំពេញ៖ ក្រសួងសុខាភិបាល សម្រេចប្រើប្រាស់នូវថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh កាក្នុងដំណើរការបដិវត្តកម្មឌីជីថល ដើម្បីជំរុញការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋឱ្យបានកាន់តែទូលំទូលាយ និង មានប្រសិទ្ធភាព។ ការណ៍នេះ ត្រូវបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) ដោយលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាមួយលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា នេះ។

កិច្ចសហការនេះ ក្រសួងប្រៃសណីយ៍នឹងរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សំខាន់នានាដល់ក្រសួងសុខាភិបាល។ ក្នុងនោះ ក្រសួង នឹងរៀបចំប្រព័ន្ធគ្រប់គ្រងមូលដ្ឋានសុខាភិបាលដោយប្រើប្រាស់ថ្នាល verify.gov.kh , ប្រព័ន្ធគ្រប់គ្រងអាជ្ញាបណ្ណអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលដោយប្រើប្រាស់ថ្នាល verify.gov.kh , ប្រព័ន្ធគ្រប់គ្រងកំណត់ត្រាវេជ្ជសាស្រ្តអេឡិចត្រូនិក (Electronic Medical Record/EMR)។ ជាមួយគ្នានេះ ក្រសួងប្រៃសណីយ៍ នឹងបំពាក់ឧបករណ៍ឌីជីថលជូនមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យរាជធានី-ខេត្ត ក្នុងដំណាក់កាលទី១ ដើម្បីប្រើប្រាស់សម្រាប់ផ្តល់ការប្រឹក្សាវេជ្ជសាស្រ្តតាមប្រព័ន្ធអនឡាញ និងឈានទៅពង្រីកដល់មន្ទីរពេទ្យបង្អែកជាបន្តបន្ទាប់ទៀត។
លោក ឈាង រ៉ា បានអះអាងថា ការគាំទ្ររបស់ក្រសួងប្រៃសណីយ៍ នៃដំណើរការបដិវត្តកម្មឌីជីថលក្នុងវិស័យសុខាភិបាលនេះ គឺស្របតាមគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ និងគោលនយោបាយរាជរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។ លោករដ្ឋមន្ត្រីសុខាភិបាល បានវាយតម្លៃខ្ពស់ ចំពោះការសហការដ៏ល្អរវាងមន្ត្រីជំនាញរបស់ក្រសួងទាំងពីរ និង លើកទឹកចិត្តដល់ក្រុមមន្ត្រីជំនាញបន្តកិច្ចសហការគ្នាឱ្យកាន់តែសកម្ម ដើម្បីបន្តការអនុវត្តនៃការធ្វើបដិវត្តកម្មឌីជីថលខាងលើ សម្រាប់បម្រើដល់សង្គមជាតិ។

បដិវត្តកម្មប្រព័ន្ធសុខាភិបាលកម្ពុជា ឱ្យក្លាយជាប្រព័ន្ធសុខាភិបាលអេកូឌីជីថល និងការជំរុញការកែលម្អ, ការផ្តល់សេវាសុខភាព និងពន្លឿនវឌ្ឍនភាព ឆ្ពោះទៅកាន់ការគ្រប់ដណ្តប់សុខភាពជាសកល ដែលជាកម្មវិធីនយោបាយអទិភាពទី១របស់រដ្ឋាភិបាល ខណៈទិដ្ឋភាពទូទៅនៃសុខាភិបាលឌីជីថលកម្ពុជា កំពុងឆ្លងកាត់ដំណើរការផ្លាស់ប្តូរដ៏សំខាន់។ ក្នុងន័យនេះ លោក ឈាង រ៉ា បានបញ្ជាក់យ៉ាងដូច្នេះ ៖ « ក្រសួងសុខាភិបាល តួអង្គ ឬភាគីពាក់ព័ន្ធបាន និងកំពុងរៀបចំផែនការអភិវឌ្ឍប្រព័ន្ធថ្មី ឬកែលម្អប្រព័ន្ធដែលកំពុងមានស្រាប់ឱ្យដំណើរការកាន់តែមានប្រសិទ្ធភាព តាមរយៈយុទ្ធសាស្ត្រសុខាភិបាលឌីជីថលមួយរឹងមាំ និងរស់រវើក ដើម្បីរក្សាភាពសុខដុមរមនីយកម្ម និងថាមវន្ត នៃប្រព័ន្ធវិស័យសុខាភិបាលយើង » ។
បើតាមលោក ឈាង រ៉ា ការកសាងប្រព័ន្ធអេកូឌីជីថល ដែលមានភាពសមស្របតាមរយៈពេលធ្វើបដិវត្តកម្មសេវាសុខាភិបាល នឹងផ្តោតលើអង្គភាពផ្តល់សេវា ទៅជាសេវាសុខាភិបាលផ្តោតទៅលើអតិថិជន អ្នកជំងឺ ដោយប្រើប្រាស់នូវបច្ចេកវិទ្យាឌីជីថល។ ដើម្បីសម្រេចបាននូវគោលដៅនេះ ក្រសួងសុខាភិបាល នឹងបន្តលើកកម្ពស់កិច្ចសហការ ជាមួយក្រសួងប្រៃសណីយ ព្រមទាំងក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ រួមទាំងវិស័យឯកជន ក្នុងការបង្កើនភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ សកម្មភាពបដិវត្តកម្មសុខាភិបាលឌីជីថល ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលឱ្យបានសមស្រប ដើម្បីភាពប្រសើរឡើងនៃការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ។ នេះជាប្តេជា្ញរបស់រដ្ឋមន្ត្រីសុខាភិបាល។

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍។ រូបថត៖ ពត សែមតារារដ្ឋ (
ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក្រសួងប្រៃសណីយ៍ និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ។ ថ្នាលនេះ មានភាពងាយស្រួលក្នុងការប្រើប្រាស់និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើប្រាស់ឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម នៅលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។
លោក ជា វ៉ាន់ដេត ដែលរដ្ឋមន្រ្តីប្រៃសណីយ៍ បានបញ្ជាក់ថា ការអនុវត្តនូវថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាផ្នែកសំខាន់មួយក្នុងការជំរុញល្បឿននៃការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងជួររដ្ឋាភិបាលទាំងមូល ដើម្បីប្រែក្លាយក្រសួង-ស្ថាប័នសាធារណៈ ទៅជារដ្ឋាភិបាលឌីជីថល ប្រជាពលរដ្ឋឌីជីថល ដែលសម្រេចឱ្យបាននៅឆ្នាំ២០៣៥។
ក្រៅពីក្រសួងសុខាភិបាល ក្នុងថ្ងៃទី១ ខែវិច្ឆិកា នេះ លោក ជា វ៉ាន់ដេត ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) ជាមួយលោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ លើការប្រើប្រាស់ថ្នាល verify.gov.kh នេះ ផងដែរ។ តាមរយៈកិច្ចសហការនេះ ក្រសួងប្រៃសណីយ៍ នឹងរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យមូលដ្ឋានឃុំ សង្កាត់ សម្រាប់ប្រើប្រាស់នៅក្រសួងផែនការ និងបណ្តុះបណ្តាលជំនាញឌីជីថល ដល់មន្ត្រីរាជការឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថលចាំបាច់ សម្រាប់សម្រួលដល់ការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផល និងឆាប់រហ័ស៕

អ្នកសរសេរអត្ថបទ
កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញផ្នែកព័ត៌មានសេដ្ឋកិច្ច កសិកម្ម និងផលិតវីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: