រដ្ឋ និងឯកជន ជជែកគ្នាដើម្បីស្វែងយល់ពីឥរិយាបថ និងត្រៀមទទួលទេសចរឥណ្ឌា
  • ថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ​​ ម៉ោង ១០:៤០ នាទី ព្រឹក
រដ្ឋ និងឯកជន ជជែកគ្នាដើម្បីស្វែងយល់ពីឥរិយាបថ និងត្រៀមទទួលទេសចរឥណ្ឌា
វេទិកាជំរុញទេសចរណ៍ កម្ពុជា-ឥណ្ឌា លើកទី១នាខេត្តសៀមរាប។

សៀមរាប៖ ជិតមួយឆ្នាំមកហើយ ដែលកម្ពុជាដាក់ចិត្ត ដាក់បេះដូង ត្រៀមទទួលទេសចរឥណ្ឌា ដែលគេដឹងថា មានប្រជាជនច្រើនជាងគេលើលោក។ ដោយមានការឯកភាពគ្នាជាលក្ខណៈការទូត និងត្រួសត្រាយពីរាជរដ្ឋាភិបាលទាំងពីរ វិស័យឯកជនឯណេះក៏បានត្រៀមខ្លួន និងរំពឹងខ្ពស់ថា ឥណ្ឌានឹងមកកម្ពុជាច្រើន តាមរយៈការភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរកាន់តែទូលំទូលាយ។
TTN-Free-Banner-In-Article-PC
 
វេទិកាទេសចរណ៍ កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍ ដោយមានស្ថាប័នរដ្ឋ និងវិស័យឯកកម្ពុជា-ឥណ្ឌា ដើម្បីពិភាក្សាអំពីឥរិយាបថ បញ្ហាប្រឈម ទស្សនវិស័យនានា ក្នុងការជំរុញភ្ញៀវទេសចររវាងប្រទេសទាំងពីរ។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ហួត ហាក់ ចង់ឱ្យភាគីពាក់ព័ន្ធ ជួយជំរុញគោលនយោបាយនៃយុទ្ធនាការ «ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤» ដែលរដ្ឋាភិបាលទាំងពីរ បានប្រកាសជាផ្លូវការនៅក្នុងខែ មិថុនា ឆ្នាំ២០២៤ នៅទីក្រុងញូដេលី ប្រទេសឥណ្ឌា អំឡុងពេលបើកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ដោយក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរ អ៊ែរ។ បើតាមការបញ្ជាក់ពីលោក ហួត ហាក់ កម្ពុជា-ឥណ្ឌា ក៏ត្រៀមភ្ជាប់ជើងហោះហើរថ្មីបន្ថែម គឺក្រុមហ៊ុនអាកាសចរណ៍ Indigo ពីទីក្រុងញូដេលី-ភ្នំពេញ និងទីក្រុងកុលកាតា-សៀមរាប នៅខែកុម្ភៈ ឆ្នាំ២០២៥ផងដែរ។


រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក ហួត ហាក់ ក្នុងពិធីបើកវេទិកាជំរុញទេសចរណ៍ កម្ពុជា-ឥណ្ឌា លើកទី១។
 
នៅឆ្នាំ២០២៣កន្លងទៅ កម្ពុជាទទួលបានទេសចរអន្តរជាតិសរុបជាង ៥លាននាក់ ក្នុងនោះទេសចរឥណ្ឌាមានជិត ៧ម៉ឺននាក់។ ចំណែក៨ខែដើមឆ្នាំនេះ ទេសចរអន្តរជាតិមកលេងកម្ពុជា ជាង៤លាននាក់ ក្នុងនោះទេសចរជនជាតិឥណ្ឌាប្រមាណ ៥ម៉ឺននាក់ គឺកើនឡើងជាង ១៥ភាគរយ។ នេះបើតាមរបាយការណ៍ដែលរដ្ឋមន្រ្តីទេសចរណ៍ អាននៅក្នុងវេទិកាទេសចរណ៍ កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤ នាថ្ងៃទី៣១ ខែតុលា នាសណ្ឋាគារ បុរីអង្គរ។ លោក ហួត ហាក់ បន្ថែមថា ក្នុងការជំរុញទេសចរឥណ្ឌានេះ កន្លងមកក្រសួងទេសចរណ៍ បានសហការជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា រៀបចំកម្មវិធីមួយចំនួនដូចជា ពិធីបើកផ្លូវការ ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤ ទិវាយោគៈអន្តរជាតិ នៅភ្នំពេញ និងសៀមរាប កម្មវិធីផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា នៅប្រទេសឥណ្ឌា និងដំណើរទស្សនកិច្ចរបស់លោកសាស្រ្តាចារ្យ Sadhguru ជាដើម។ 
 
លោករដ្ឋមន្រ្តី ហួត ហាក់ ក៏បានស្នើដល់ស្ថានទូតឥណ្ឌា បន្តយកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា ដើម្បីបន្តជំរុញកិច្ចសហការជាមួយក្រសួងទេសចរណ៍ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត និងជំរុញការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍កម្ពុជាដល់ប្រជាជនឥណ្ឌា ក៏ដូចជាជំរុញលំហូរភ្ញៀវទេសចរ រវាងប្រទេសទាំងពីរ។ 
 
លោក Vijay Shankar Pradsad លេខាទី២ នៃស្ថានទូតឥណ្ឌាប្រចាំកម្ពុជា លើកឡើងពីការខិតខំប្រឹងប្រែងជាមួយកម្ពុជា ដើម្បីជំរុញទេសចរណ៍ប្រទេសទាំងពីរ។ មន្រ្តីរូបនេះលើកឡើងថា កម្ពុជាមានវប្បធម៌ និងអរិយធម៌ស្រដៀងគ្នាច្រើនជាមួយឥណ្ឌា។ ចំណែកតំបន់ទេសចរណ៍នៅខេត្តសៀមរាប ដែលមានប្រាសាទ ទីសក្ការបូជា និងភ្នំគូលែនជាដើម សុទ្ធសឹងជាគោលដៅដែល ទេសចរឥណ្ឌាចូលចិត្តទៅកម្សាន្ត។ 


វេទិកាជំរុញទេសចរណ៍ កម្ពុជា-ឥណ្ឌា លើកទី១។
 
ដ្បិតថា កម្ពុជាកំពុងជំរុញទីផ្សារទេសចរឥណ្ឌាពិតមែនក្តី ប៉ុន្តែប្រធានសមាគមចុងភៅកម្ពុជា លោកស្រី ប៉ុល គឹមសាន បញ្ជាក់ថា វិស័យម្ហូបអាហារឥណ្ឌានៅខេត្តសៀមរាបនៅមានកម្រិតនៅឡើយ។ ចុងភៅរូបនេះប្រាប់ថា ភោជនីយដ្ឋានម្ហូបឥណ្ឌាដែលមានថៅកែជនជាតិឥណ្ឌាស្រាប់ មានមិនច្រើនកន្លែងទេ ហើយអាចទទួលភ្ញៀវបានក្រោម៥០នាក់ប៉ុណ្ណោះ ក្នុងករណីមកលក្ខណៈក្រុមធំៗ១០០ទៅ២០០នាក់ គឺមិនទាន់មាននៅឡើយ។ លោកស្រី គឹមសាន បន្ថែម៖«បើសិនជាយើងអាចមានហាងឥណ្ឌាធំៗ សម្រាប់ទទួលភ្ញៀវធំៗ ១០០ទៅ២០០នាក់អីបានល្អ ព្រោះហាងឥណ្ឌាបច្ចុប្បន្ននៅក្រុងសៀមរាបតូចៗទាំងអស់»។ 
 
កន្លងមក ក្រុមហ៊ុនទួរដែលមានភ្ញៀវឥណ្ឌាច្រើន ពិបាកក្នុងការរៀបចំកន្លែងអាហារដាច់ដោយឡែកសម្រាប់ពួកគេ គឺបានរៀបចំអាហារបូហ្វេនៅកន្លែងតែមួយ ជាមួយទេសចរដទៃ។ ការណ៍នេះ ប្រធានសមាគមចុងភៅកម្ពុជាយល់ថា ភ្ញៀវជនជាតិឥណ្ឌាមិនមានអារម្មណ៍សុវត្ថិភាពសម្រាប់អាហារ ដែលពួកគេ ខណៈដែលជនជាតិនេះមិនបរិភោគសាច់ជ្រូក និងសាច់គោ។ 
 
ចំណែកការសិក្សា និងការស្វែងយល់ពីម្ហូបឥណ្ឌាសម្រាប់ចុងភៅខ្មែរវិញ ក៏នៅមានកម្រិតដែរ។ «ការសិក្សាររឿងម្ហូបវិញ យើងមិនទាន់មានចុងភៅសិក្សាធ្វើម្ហូបអីច្រើនទេ ហាងឥណ្ឌាតែម្ដង ម្ចាស់ជាចុងភៅឥណ្ឌា សម្រាប់ហាងខ្មែរ មិនសូវយល់ដឹងម្ហូបឥណ្ឌាទេ ចេះបន្តិចបន្តួច បើទទួលទីផ្សារឥណ្ឌា ត្រូវសិក្សា រៀនបន្ថែមលើម្ហូបអាហារ និងឥរិយាបថជនជាតិនេះ ដូចគ្រឿងទេសជាដើម ការញុំារបៀបម៉េច ត្រូវរៀបចំដើម្បីទទួលពួកគេ»។ លោកស្រី គឹមសាន លើកឡើងដូច្នេះមកកាន់សារព័ត៌មានថ្មីៗ ដោយបន្តថា ឥណ្ឌាចូលចិត្តបរិភោគបន្លែ សាច់មាន់ និងសាច់ចៀម ចំណែកត្រី និងគ្រឿងសមុទ្រ គឺបរិភោគតិចតួចបំផុត ដូច្នេះចង់មិនចង់ ការទទួលពួកគេដែលរំពឹងថានឹងមានចំនួនច្រើននាពេលអនាគត គឺមានភាពលំបាកបន្តិច ដែលត្រូវសិក្សា និងយកចិត្តទុកដាក់ឱ្យបានល្អិតល្អន់៕


បទបង្ហាញរបស់តំណាងសមាគមចុងភៅកម្ពុជា ទាក់ទងនឹងមុខម្ហូបឥណ្ឌា។



បទបង្ហាញអំពីអាហារឥណ្ឌា របស់សមាគមចុងភៅកម្ពុជា (CCA)។ រូបភាព៖ CCA



បទបង្ហាញអំពីអាហារឥណ្ឌា របស់សមាគមចុងភៅកម្ពុជា (CCA)។ រូបភាព៖ CCA

 

អ្នកសរសេរអត្ថបទ

អ៊ី​សា រ៉​ហា​នី (Isa Rohany) មាន​ស្រុកកំណើត​នៅ​ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាង​បាន​ចូលធ្វើការ​ជា​អ្នក​សារព័ត៌មាន​នៅ​គេហទំព័រ​សារព័ត៌មាន​ថ្មីៗ​នៅ​ដើមឆ្នាំ​២០១៣ ក្រោយ​ទទួល​ការបណ្តុះបណ្តាល​វគ្គ​ខ្លី​លើ​ជំនាញ​សារព័ត៌មាន​ពី​អ្នកកាសែត​ជើងចាស់​។ ចាប់ពី​ឆ្នាំ​២០១៤​មក អ៊ី​សា រ៉​ហា​នី គឺជា​សហការី​របស់​សារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប ដោយ​ផ្តោតលើ​ព័ត៌មាន​ចម្រុះ​។ អ៊ី​សា រ៉​ហា​នី បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ សេដ្ឋកិច្ច នៅ​ឆ្នាំ​២០១១៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អុីសា រ៉ហានី