ជាបេក្ខជនឯករាជ្យ លោក Bernie Sanders បន្តឈ្នះកៅអីព្រឹទ្ធសភារដ្ឋ Vermont
- ថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ១០:១៩ នាទី ព្រឹក

លោក Bernie Sanders វ័យ៨៣ឆ្នាំ បានបន្តឈ្នះកៅអីព្រឹទ្ធសភារដ្ឋ Vermont ជាលើកទី៤ ដែលមានអណត្តិ៦ឆ្នាំ នាការបោះឆ្នោតកាលពីថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា។

ជាបេក្ខជនឯករាជ្យ លោក Sanders បានយកឈ្នះគូប្រជែងពីគណបក្សសាធារណរដ្ឋ លោក Gerald Malloy រួមទាំងបេក្ខជនផ្សេងទៀតរួមមាន លោក Steve Berry, Mark Stewart Greenstein, Matt Hill និង Justin Schoville។
លោក Sanders បានប្រកាសខ្លួនឯងថាជាអ្នកសង្គមនិយមប្រជាធិបតេយ្យ ដែលមានសម្ព័ន្ធភាពជាមួយគណបក្សប្រជាធិបតេយ្យ ជាពិសេសលោកបានធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលលោក Joe Biden លើគោលនយោបាយមួយចំនួន ដូចជាការថែទាំសុខភាព អប់រំ ការទាំងកុមារ និងសិទ្ធិនយោជិត ជាដើម។
លោក Sanders ជាអ្នកនយោបាយឯករាជ្យដែលរក្សាកៅអីនៅស្ថាប័នសភាអាម៉េរិកយូរជាងគេបំផុត។ ដោយសារតែទំនាក់ទំនងយ៉ាងជិតស្និទ្ធ លោកធ្លាប់ចូលប្រជែងសម្រាប់បេក្ខភាពប្រធានាធិបតីពីរលើកពីគណបក្សសាធារណរដ្ឋ គឺនៅឆ្នាំ២០១៦ និងឆ្នាំ២០២០ តែបានត្រឹមនៅលេខរៀងលំដាប់ទីពីរ ក្រោយលោកស្រី Hallary Clinton និងបន្ទាប់មកលោក Joe Biden។
អ្នកនយោបាយអាម៉េរិករូបនេះ ធ្លាប់បានរិះគន់យ៉ាងខ្លាំងចំពោះសកម្មភាពរបស់លោក Henry Kissinger អតីតរដ្ឋមន្ត្រីការបរទេសអាម៉េរិក ដែលបានដឹកនាំការឈ្លានពាន និងទម្លាក់គ្រាប់លើកម្ពុជានាអំឡុងសង្គ្រាមវៀតណាម និងបង្កឱ្យមានចលនាខ្មែរក្រហម ជាទង្វើប្រល័យពូជសាសន៍ដ៏អាក្រក់បំផុតក្នុងលោក៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: