សុំច្បាប់ឈប់ទៅក្រៅប្រទេស មន្ត្រីនគរបាលជាតិ ត្រូវសុំដល់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
- ថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ៤:៣៥ នាទី រសៀល

លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺជាអ្នកដែលមានសិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទ ដល់មន្ត្រីនគរបាលជាតិ ដែលស្នើសុំច្បាប់ឈប់ ដើម្បីចេញទៅក្រៅប្រទេស។ បើយោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី៤ ខែវិច្ឆិកា ដែលមានគោលដៅពង្រឹងការគោរពវិន័យ ការធានានិរន្តរភាពការងារ ការគ្រប់គ្រង ការលើកកម្ពស់ប្រសិទ្ធភាពការងារ និងសុខុមាលភាពមន្ត្រីនគរបាលជាតិ។

ប្រកាសដដែល បញ្ជាក់ទៀតថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺជាអ្នកដែលមានសិទ្ធិអនុញ្ញាតច្បាប់ឈប់ ដល់អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយកនៃអគ្គនាយកដ្ឋាននានា និងប្រធានអង្គភាពថ្នាក់ប្រហាក់ប្រហែលចំណុះក្រសួង។ ក្នុងករណីនេះ ឯកសារសុំច្បាប់ ត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានធនធានមនុស្សឱ្យបាន១០ថ្ងៃមុន លើកលែងតែករណីប្រធានសក្តិ គ្រោះថ្នាក់ ឬមានជំងឺបន្ទាន់។
នៅក្នុងប្រកាសដដែល លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានប្រគល់សិទ្ធិអនុញ្ញាតច្បាប់ឈប់ តាមឋានានុក្រម ដល់ថ្នាក់ដឹកនាំក្រសួង និងប្រធានអង្គភាពចំណុះរបស់ដែរ។ លោក ស សុខា កំណត់ថា រដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកអគ្គនាយកដ្ឋានធនធានមនុស្ស មានសិទ្ធិអនុញ្ញាតច្បាប់ឈប់ ដល់មន្ត្រីនគរបាលជាតិ ដែលសុំឈប់ចាប់ពី១២ថ្ងៃឡើងទៅ នៃថ្ងៃធ្វើការ។ ចំពោះនីតិវិធី គឺត្រូវបញ្ជូនសំណុំឯកសារសុំច្បាប់ ទៅអគ្គនាយកដ្ឋានធនធានមនុស្សឱ្យបាន១០ថ្ងៃមុន លើកលែងតែករណីប្រធានសក្តិ គ្រោះថ្នាក់ ឬមានជំងឺបន្ទាន់។
អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានសិទ្ធិអនុញ្ញាតច្បាប់ឈប់ ត្រឹម១១ថ្ងៃចុះនៃថ្ងៃធ្វើការ ដល់ប្រធានសេនាធិការដ្ឋាន, ប្រធាននាយកដ្ឋានកណ្តាល, ប្រធាននាយកដ្ឋាន ,ប្រធានអង្គភាព, ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្តចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្ត្រីនគរបាល។
អគ្គនាយកនៃអគ្គនាយកដ្ឋាននានា និងប្រធានអង្គភាពថ្នាក់ប្រហាក់ប្រហែល មានសិទ្ធិអនុញ្ញាតច្បាប់ឈប់ ដល់មន្ត្រីក្រោមឱវាទ ដែលសុំច្បាប់ឈប់ ត្រឹមត្រឹម១១ថ្ងៃចុះនៃថ្ងៃធ្វើការ។ ចំណែក ប្រធានសេនាធិការដ្ឋាន និងប្រធាននាយកដ្ឋានកណ្តាលចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ អាចអនុញ្ញាតច្បាប់ឈប់ដល់មន្ត្រីក្រោមឱវាទ ត្រឹម៥ថ្ងៃចុះនៃថ្ងៃធ្វើការ។
សម្រាប់ប្រធាននាយកដ្ឋាន និងប្រធានអង្គភាពចំណុះ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាននានា និងអង្គភាពថ្នាក់ប្រហាក់ប្រហែល ព្រមទាំងស្នងការរាជធានី-ខេត្ត អាចអនុញ្ញាតច្បាប់ឈប់ ដល់មន្ត្រីក្រោមឱវាទ ត្រឹម៤ថ្ងៃ ចុះនៃថ្ងៃធ្វើការ។
នាយកសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម, នាយកសាលានគរបាលជាតិភូមិភាគ អធិការក្រុង ស្រុក ខណ្ឌ, មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក-ទឹក , ប្រធានអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ, នាយកសាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន, ប្រធានស្នាក់ការប្រឆាំងចារកម្មប្រចាំរាជធានី-ខេត្តចំណុះការិយាល័យប្រឆាំងចារកម្ម, ប្រធានស្នាក់ការប្រចាំតំបន់ នៃនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម, ប្រធានអង្គភាពនគរបាលទេសចរណ៍, ប្រធានអង្គភាពនគរបាលការពារបេតិកភណ្ឌ , ប្រធានសាខាលិខិតឆ្លងដែនប្រចាំតំបន់នៃនាយកដ្ឋានលិខិតឆ្លងដែន, នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ, នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ និងនាយប៉ុស្តិ៍នគរបាលកំពង់ផែច្រកទ្វារអន្តរជាតិ អាចអនុញ្ញាតច្បាប់ឈប់ ដល់មន្ត្រីក្រោមឱវាទ ត្រឹម២ថ្ងៃចុះ នៃថ្ងៃធ្វើការ។ នេះបើតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលបញ្ជាក់ទៀតថា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ អាចអនុញ្ញាតច្បាប់ឈប់ ដល់មន្ត្រីក្រោមឱវាទ ត្រឹម១ថ្ងៃ នៃថ្ងៃធ្វើការ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ណែនាំឱ្យមន្ត្រីទទួលបន្ទុកគ្រប់គ្រងបុគ្គលិកនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាននានា និងអង្គភាពថ្នាក់ប្រហាក់ប្រហែល ឱ្យចុះកាលបរិច្ឆេទនៃការចាប់ផ្តើមឈប់ និងការចូលបម្រើការងារវិញ នូវរាល់លិខិតអនុញ្ញាតឱ្យឈប់គ្រប់ប្រភេទ។ ជាមួយគ្នានេះ អង្គភាពសាម៉ី ត្រូវធ្វើរបាយការណ៍ប្រចាំខែសរុបសំណើសុំឈប់ ដែលត្រូវបានអនុញ្ញាត ទៅអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ។
តាមរយៈប្រកាសដដែស ក្រសួងមហាផ្ទៃបញ្ជាក់ថា មន្ត្រីដែលទទួលបានការអនុញ្ញាតច្បាប់ឈប់ ត្រូវផ្តាច់ចេញពីការងារ រហូតដល់ថ្ងៃចូលបម្រើការងារវិញ លើកលែងតែក្នុងករណីចាំបាច់នៃការងារ ដែលប្រធានអង្គភាព ឬរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានសិទ្ធិហៅមន្ត្រីនោះ ឱ្យចូលបម្រើការងារ មុនពេលកំណត់។
យោងតាមប្រកាសដដែល ច្បាប់ឈប់គ្រប់ប្រភេទ គឺសំដៅលើការសុំច្បាប់ឈប់ប្រចាំឆ្នាំ ឬឈប់រយៈពេលខ្លី(បញ្ជាក់មូលហេតុ ឬលិខិតបញ្ជាក់ផ្សេងៗ)។ ឈប់សម្រាកលំហែមាតុភាព(ភ្ជាប់លិខិតបញ្ជាក់ពីគ្រូពេទ្យ)។ ឈប់សម្រាកព្យាបាលជំងឺ(ភ្ជាប់លិខិតបញ្ជាក់ពីគ្រូពេទ្យ) និងការឈប់សម្រាកដោយមានកិច្ចការផ្ទាល់ខ្លួន ដោយបញ្ជាក់ពីមូលហេតុ ឬលិខិតបញ្ជាក់ផ្សេងៗ៕
អ្នកសរសេរអត្ថបទ
កញ្ញា ខន ចំប៉ា ចូលរួមជាមួយសារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មានផ្នែកសង្គម និងគ្រប់គ្រងផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មានតួនាទីជានិពន្ធនាយកា៕

© រក្សាសិទ្ធិដោយ thmeythmey.com