អាជ្ញាធរអប្សរាអាចរក្សាទឹកបានជាង២០ម៉ឺនម៉ែត្រគីប ក្រោយសាងសង់ទ្វារទឹកអូររកាឡើងវិញ
- ថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ៨:៥៩ នាទី យប់

ពលរដ្ឋឈរលើទ្វារទឹកអូររកា ខណៈកម្ពស់ទឹកឡើងខ្លាំងនាដើមខែ វិច្ឆិកា ឆ្នាំ២០២៤។
សៀមរាប៖ អូររកា ជាអូរបុរាណមួយស្ថិតនៅខាងជើងក្រុងអង្គរធំ នៃរមណីយដ្ឋានអង្គរ ដែលឈប់ដំណើរការរាប់សិបឆ្នាំមកនោះ បានចាប់ផ្តើមដំណើរការឡើងវិញ បន្ទាប់ពីសំណង់ទ្វារទឹកដ៏ធំមួយ ត្រូវបានសាងសង់ដោយអាជ្ញាធរជាតិអប្សរា។

លោក ភឿន សុឃីម ប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា លើកឡើងថា សំណង់ទ្វារទឹកអូររកា ត្រូវបានសាងសង់ឡើងនៅអំឡុងឆ្នាំ ២០២១ និងរួចរាល់ជាស្ថាពរក្នុងឆ្នាំ ២០២២។ សំណង់ទ្វារទឹកនេះមានប្រវែងជិត១០០ម៉ែត្រ ហើយកម្រិតកម្ពស់ទឹកផ្នែកខាងលើនិងក្រោមទឹកមានកម្ពស់៤ម៉ែត្រ និងដែលអាចស្ដុកទឹកបានខ្ទង់ ២០ម៉ឺនម៉ែត្រត្រីគុណ (ជាភាសាខ្មែរ) ឬម៉ែត្រគីប (ជាភាសាបារាំង)។ លោក សុឃីម បន្ថែមថា ទឹកទាំងនេះប្រមូលបានពីប៉ែកខាងលើនៃតំបន់អង្គរ គឺរាប់ចាប់ពីភ្នំគូលែនមក។

លោក ភឿន សុឃីម ប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ។
តាមមន្រ្តីទឹកនៃអាជ្ញាធរជាតិអប្សរា សំណង់ទ្វារទឹកអូររកា ជាសំណង់ទ្វារទឹកមួយក្នុងចំណោមទ្វារទឹកច្រើនទៀតដែលអាជ្ញាធរបានសាងសង់ឡើងដើម្បីការងារគ្រប់គ្រងទឹក។ ក្រៅពីរក្សាទឹក ទ្វារទឹកនេះក៏អាចបង្ហៀរទឹកចេញ ក្នុងករណីទឹកជន់ខ្លាំង ដោយមិនបារម្ភពីការជន់លិចតំបន់អង្គរ ឬក្រុងសៀមរាបឡើយ។ លោក សុឃីម ពន្យល់ថា៖« ពីមុនគ្មានទ្វារទឹកនេះ ក្នុងអូរអត់មានទឹក យើងបានធ្វើឡើងវិញ កម្ពស់ទឺកមានច្រើន និងងាយស្រួលយើងរក្សាទុកទឹកនៅរដូវប្រាំងសម្រាប់ក្រុងអង្គរធំ អង្គរវត្ត អាចបញ្ចូលបាន ក្នុងករណីទឹកខ្លាំង អាចមានទ្វារទឹករំដោះបាន ទឹកធម្មតា យើងបើកបង្ហៀរឱ្យវាហូរចុះតាមធម្មតា»។
ចំពោះការងារប្រមូលទឹកនារដូវវស្សានេះវិញ លោក ភឿន សុឃីម ឱ្យដឹងថា អាងស្ដុកទឹកទាំងអស់នៅក្នុង តំបន់អង្គរ គឺត្រូវបានប្រមូលរក្សាទុកពេញអស់ហើយ ដែលមានបរិមាណប្រមាណ៦០លានម៉ែត្រគីប។ មន្រ្តីដដែលបន្ថែមថា ការងារគ្រប់គ្រងទឹកនៅឆ្នាំនេះនៅតែល្អប្រសើរ ទោះបីអាកាសអាសធាតុមានការ ប្រែប្រួល ហើយរបបទឹកភ្លៀងមិនទៀងទាត់យ៉ាងណាក្តី។
ទឹកមានសារសំខាន់ណាស់សម្រាប់តំបន់រមណីយដ្ឋានអង្គរ។ កន្លងមកអ្នកស្រាវជ្រាវជាច្រើន បានបង្ហាញថា បុព្វបុរសពីដើមបានរៀបចំគ្រឹះប្រាសាទពីដីខ្សាច់ ដូច្នេះដីខ្សាច់ត្រូវការបរិមាណទឹកគ្រប់គ្រាន់ ដើម្បីភាពរឹងមាំទៅបាន។ ត្រង់ចំណុចនេះលោក ភឿន សុឃីម ពន្យល់បន្ថែម៖« យើងដឹងថា ការបម្រែបម្រួលអាកាសធាតុជាសកលកំពុងប្រឈម តំបន់អង្គរការគ្រប់គ្រងទឹកគឺសំខាន់ មិនសំខាន់សម្រាប់តែមនុស្សទេ គឺសម្រាប់ប្រាសាទ ភ្ញៀវទេសចរមកលេង ព្រៃឈើអីត្រូវការទឹក ដូច្នេះការគ្រប់គ្រងទឹកនៅតំបន់អង្គរ គឺសំខាន់ជាងតំបន់ដទៃ ពីព្រោះប្រាសាទត្រូវការទឹក ដើម្បីទ្រទ្រង់គ្រឹះប្រាសាទឱ្យបានយូរអង្វែង»។

សំណង់ទ្វារទឹកអូររកា
ក្រៅពីដើម្បីការងារអភិរក្សប្រាសាទ ក្នុងនោះអាជ្ញាធរជាតិអប្សរាក៏បានចែកចាយទឹក សម្រាប់ការងារទឹកស្អាត និងវិស័យកសិកម្មផងដែរ។ ជារៀងរាល់ឆ្នាំ ផ្ទៃដីស្រែប្រាំងប្រមាណ ៧០០០ហិកតា នៅប៉ែកខាងក្រោម មានក្រុងសៀមរាប និងស្រួកពួក ទទួលបានទឹកដែលអាជ្ញាធរ ទម្លាក់ពីបារាយណ៍ខាងលិច។
ពីមួយឆ្នាំទៅមួយឆ្នាំ អាជ្ញាធរជាតិអប្សរាបានប្រឹងប្រែងអភិវឌ្ឍន៍ និងស្ដារប្រព័ន្ធធារាសាស្រ្តបុរាណ ឱ្យមានដំណើរការឡើងវិញជាបន្តបន្ទាប់ ក្នុងន័យធ្វើឱ្យតំបន់អង្គរក្លាយជាទីក្រុងទឹក ដូចដែលបុព្វបុរសពីមុនរៀបចំដូច្នោះដែរ។ តាមការបញ្ជាក់ពីលោក ភឿន សុឃីម អាជ្ញាធរជាតិអប្សរាបានស្ដារ និងរៀបចំប្រព័ន្ធទឹកបុរាណដែលមានស្រាប់ ខណៈដែលប្រព័ន្ធទាំងនោះ ខូចខាត និងលែងដំណើរការដោយសារអាយុកាល និងកង្វះថែទាំ។ ចាប់ពីការរៀបចំឡើងនៅឆ្នាំ២០១១មក ជារួមនៅឆ្នាំបន្ទាប់គឺឆ្នាំ ២០១២ តំបន់អង្គរ និងក្រុងសៀមរាប លែងជន់លិចដោយសារជំនន់ទឹកភ្លៀងទៀត ខណៈដែលប្រព័ន្ធគ្រប់គ្រងទឹកបានបញ្ជៀសទឹក ទៅតាមទ្វារទឹកធំៗ ទម្លាក់នៅស្ទឹងពួក ស្ទឹងព្រះស្រុក និងទន្លសាបជាដើម៕

សំណង់ទ្វារទឹកអូររកា នៃក្រុងអង្គរធំ
អ្នកសរសេរអត្ថបទ
អ៊ីសា រ៉ហានី (Isa Rohany) មានស្រុកកំណើតនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាងបានចូលធ្វើការជាអ្នកសារព័ត៌មាននៅគេហទំព័រសារព័ត៌មានថ្មីៗនៅដើមឆ្នាំ២០១៣ ក្រោយទទួលការបណ្តុះបណ្តាលវគ្គខ្លីលើជំនាញសារព័ត៌មានពីអ្នកកាសែតជើងចាស់។ ចាប់ពីឆ្នាំ២០១៤មក អ៊ីសា រ៉ហានី គឺជាសហការីរបស់សារព័ត៌មានថ្មីៗប្រចាំខេត្តសៀមរាប ដោយផ្តោតលើព័ត៌មានចម្រុះ។ អ៊ីសា រ៉ហានី បញ្ចប់ថ្នាក់បរិញ្ញាបត្រលើជំនាញ សេដ្ឋកិច្ច នៅឆ្នាំ២០១១៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: