ដំឡូងដៃខ្លាឆ្នាំនេះ នៅរក្សាបានតម្លៃសមរម្យ
  • ថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ​​ ម៉ោង ៧:៥៩ នាទី ព្រឹក
ដំឡូងដៃខ្លាឆ្នាំនេះ នៅរក្សាបានតម្លៃសមរម្យ
អ្នកស្រី យឿម រាម កំពុងគាស់ដំឡូងដៃខ្លា។

សៀមរាប៖ គ្រួសារអ្នកស្រី យឿម រាម ក៏ដូចជាអ្នកភូមិពាម ឃុំដូនកែវ ស្រុកពួក ច្រើនគ្រួសារទៀត និយមដាំដើមដំឡូងដៃខ្លា ដែលជាដំឡូងក្នុងស្រុក និងពុំសូវមានអ្នកដាំច្រើនទេនាពេលសព្វថ្ងៃ។ ក្នុងខែតុលា និងវិច្ឆិកា កសិករចាប់ផ្តើមប្រមូលផលដំឡូង ដែលភាគច្រើនពួកគេគាស់ស្ងោរ​ដឹកទៅលក់នៅទីផ្សារដោយខ្លួនឯង។
TTN-Free-Banner-In-Article-PC
 

នេះជាឆ្នាំទី៤ហើយ ដែលគ្រួសារអ្នកស្រី យឿម រាម ដាំដំឡូងដៃខ្លាំលើដីទំនេរជុំវិញផ្ទះសរុប ២៥រោង។ កសិករ យឿម រាម ប្រាប់ថា នៅឆ្នាំនេះទិន្នផលដំឡូងដៃខ្លាមិនសូវមានមើមធំៗទេ ដោយសាររាំងទឹកភ្លៀង​ដើមរដូវ។ តម្លៃដំឡូវឆៅ លក់បានមួយគីឡូ៤០០០ទៅ៥០០០រៀល ចំណែកដំឡូងស្ងោរ លក់បានចន្លោះពី៨០០០ទៅ៩០០០រៀលក្នុងមួយគីឡូក្រាម។ 
 

ដំឡូងដៃខ្លាដែលដាំដោយកសិករនៅភូមិពាម ឃុំដូនកែវ ស្រុកពួក។
 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗនាថ្ងៃទី៦ ខែវិច្ឆិកា កសិករដាំដំឡូង យឿម រាម បានបញ្ជាក់ថា អ្នកភូមិពាមស្ទើរទាំងអស់ដែលមានដីទំនេរ និយមដាំដំឡូងដៃខ្លា ក្រៅពីតំបន់នេះពុំមានអ្នកដាំទេ ដោយសាររៀងនឿយបន្តិច។ មុនដាំ គេត្រូវជីករណ្ដៅដុតសំរាមមានស្លឹកឈើ ឬកម្ទេចស្លឹកឈើពីរទៅបីដង ហើយហាលដីឱ្យស្ងួតល្អ ទើបដាក់ដាំមើមដំឡូងបាន។ ជាទូទៅ គេចាប់ផ្តើមដាំនៅដើមរដូវភ្លៀង គឺចាប់ពីខែមេសា ឬឧសភា និងប្រមូលផលនៅអំឡុងខែ តុលា និងវិច្ឆិកា៕
 

 ដំឡូងដៃខ្លាដែលដាំដោយកសិករនៅភូមិពាម (២) ដំឡូងដៃខ្លាដែលស្ងោររួច


អ្នកសរសេរអត្ថបទ

អ៊ី​សា រ៉​ហា​នី (Isa Rohany) មាន​ស្រុកកំណើត​នៅ​ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាង​បាន​ចូលធ្វើការ​ជា​អ្នក​សារព័ត៌មាន​នៅ​គេហទំព័រ​សារព័ត៌មាន​ថ្មីៗ​នៅ​ដើមឆ្នាំ​២០១៣ ក្រោយ​ទទួល​ការបណ្តុះបណ្តាល​វគ្គ​ខ្លី​លើ​ជំនាញ​សារព័ត៌មាន​ពី​អ្នកកាសែត​ជើងចាស់​។ ចាប់ពី​ឆ្នាំ​២០១៤​មក អ៊ី​សា រ៉​ហា​នី គឺជា​សហការី​របស់​សារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប ដោយ​ផ្តោតលើ​ព័ត៌មាន​ចម្រុះ​។ អ៊ី​សា រ៉​ហា​នី បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ សេដ្ឋកិច្ច នៅ​ឆ្នាំ​២០១១៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អុីសា រ៉ហានី