ខេត្ត-ក្រុងកម្ពុជា-ចិន ពង្រីកមេត្រីភាពគ្នាបន្ថែមដើម្បីកិច្ចសហប្រតិបត្តិការវាងប្រជាជន និង ប្រជាជន
- ថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ៣:០៩ នាទី រសៀល

សន្និសីទខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន។
សៀមរាប៖ កម្ពុជា និងចិន បានរៀបចំសន្និសីទ ខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន ដោយប្រ ទេសទាំងពីរបានពង្រីកបន្ថែម នូវចំណងមិត្ត និងការផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការ រវាង ប្រ ជាជន និងប្រជាជន។ ការងារនេះ ក្នុងបំណងពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរឱ្យ បានគ្រប់ជ្រុងជ្រោយបន្ថែមទៀត។

ខេត្ត-ក្រុងកម្ពុជាចំនួន២៥ និងចិន ចំនួន៨ បានចងមេត្រីភាពរវាងគ្នាបន្ថែម ក្នុងយុទ្ធនាការ ឆ្នាំនៃការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន។ ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន លោក ឯល សំអុល បានឱ្យដឹងថា សន្និសីទខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន ត្រូវបានរៀបចំឡើង ក្នុងបំណងដើម្បីផ្សារភ្ជាប់ ផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ មូលធនមនុស្ស និងប្រជាជនរវាងខេត្ត-ក្រុងមេត្រីភាព ស្របតាមគោលនយោបាយ របស់ប្រទេសទាំងពីរ។ ក្នុងនាមជាស្ថាប័នរៀបចំសន្និសីទនេះឡើង លោក ឯល សំអុល រៀបរាប់ថា វាត្រូវបានធ្វើឡើងស្របពេលដែលខេត្ត-ក្រុង មេត្រីភាពរបស់ចិន មានការអភិវឌ្ឍស្ទើរគ្រប់វិស័យ ហើយចង់មិនចង់ វាក៏នឹងជួយដល់ការអភិវឌ្ឍកម្ពុជា ផងដែរ។
ប្រធានសមាគមរូបនេះបន្ថែមថា៖« រយៈពេល៧៥ឆ្នាំមកនេះ ខេត្ត-ក្រុងទាំងអស់របស់ប្រទេសចិនចំនួន៨ ដែលបានចូលរួមនៅក្នុងអង្គសន្និសីទនេះ នឹងចែករំលែកបទពិសោធន៍ អភិវឌ្ឍន៍ជូនដល់បណ្ដាខេត្ត-ក្រុង របស់កម្ពុជា ព្រមទាំងអាចយកឱកាសនេះជាវេទិកានៃកិច្ចសហប្រតិបត្តិការកាន់តែរឹមាំរវាងខេត្ត-ក្រុង នៃប្រទេសទាំងពីរ ដោយផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនកម្ពុជា»។
ថ្លែងនៅក្នុងពិធីបើកសន្និសីទខេត្ត-ក្រុងមេត្រីភាពកម្ពុជា-ចិន នាថ្ងៃទី១១ ខែវិច្ឆិកា នាសណ្ឋាគារ សុខាអង្គរ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានចាត់ទុកវេទិកានេះ ថាបានឆ្លុះបញ្ចាំង នូវការយកចិត្តទុកដាក់ខ្ពស់រវាងប្រមុខរដ្ឋាភិបាលទាំងពីរ និងពង្រឹងនិងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន បន្ថែម។ លោករដ្ឋមន្រ្តីរំពឹងថា តាមរយៈការងារនេះ នឹងជំរុញឱ្យមានភ្ញៀវទេសចរចិនបន្ថែមមកកាន់កម្ពុជា និងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកម្ពុជានាពេលអនាគត។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ហួត ហាក់
តាមរបាយការណ៍របស់លោក ហួត ហាក់ នៅឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៤៥លាននាក់ ក្នុងនោះទេសចរចិនមានខ្ទង់ ៥៤ម៉ឺននាក់។ ដោយឡែករយៈពេល ៩ខែក្នុងឆ្នាំនេះ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៤,៨លាននាក់ កើនឡើងជាង ២២ភាគរយ ក្នុងនោះទេសចរចិន មានប្រមាណជាង ៦០ម៉ឺននាក់ គឺកើនឡើងជិត៥០ភាគរយ។ លោក ហួត ហាក់ បន្ថែមថា៖« ក្នុងន័យនេះ អនាគតនៃវិស័យទេសចរណ៍អាស៊ាន និងកម្ពុជា គឺមិនអាចកាត់ផ្តាច់ពីការ ស្រូបទាញកំណើននៃលំហូរទេសចរ និងវិនិយោគិនចិនបានឡើយ។ សម្រាប់កម្ពុជាបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការទទួលស្វាគមន៍ការត្រឡប់មកវិញនូវភ្ញៀវទេសចរ និងវិនិយោគិនចិន»។
អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ ថ្លែងថា ជាមួយនឹងកិច្ចសហប្រតិបត្តិការខាងលើ ខេត្តសៀមរាបបានបង្កើតចំណងមិត្តភាពមេត្រីភាពជាមួយខេត្ត-ក្រុងជាមួយចិនចំនួន ៣០ខេត្ត-ក្រុង។ លោក ប្រាក់ សោភ័ណ បន្ថែមថា៖« ផ្លែផ្កាដែលកើតចេញពីភាពបងប្អូនជាខេត្ត-ក្រុងមេត្រីភាពនេះ បានរួមចំណែកនូវការអភិវឌ្ឍខេត្តសៀមរាប តាមរយៈសមិទ្ធផលមួយចំនួនគួរឱ្យកត់សម្គាល់លើវិស័យ ទេសចរណ៍ អប់រំ កសិកម្ម ពាណិជ្ជកម្ម សុខាភិបាល វប្បធម៌ និងវិនិយោគ ជាពិសេសអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី សម្រាប់បម្រើលើវិស័យទេសចរណ៍ដ៏មានសក្កានុពល និងខឿនសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប»។

អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ ក្នុងសន្និសីទខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន (Wang Wenbin) ក្នុងសន្និសីទជាមួយក្រុមអ្នកសារព័ត៌មានក្រោយចប់កម្មវិធី បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់លោក ដើម្បីជំរុញទំនាក់ទំនង ពិសេសវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ លោក វិនពីន ក៏បានសាទរជាមួយក្រុមហ៊ុន Spring Airlines និងក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលបានសម្រេចភ្ជាប់ជើងហោះហើរត្រង់មកកាន់កម្ពុជានាពេលឆាប់ៗខាងមុខ។ ការណ៍នេះលោកទូតមានក្តីរំពឹងថា ប្រទេសទាំងពីរនឹងបង្កើតជើងហោះហើរត្រង់ជាមួយគ្នា និងដឹកប្រជាជនចិន មកកម្ពុជាកាន់តែច្រើនបន្ថែមទៀត នាពេលអនាគត។
ជាមួយគ្នានេះ លោក វិនពីន ក៏មើលឃើញពីសញ្ញាវិជ្ជមានជាច្រើនពីទំនាក់ទំនងប្រទេសទាំងពីរ និងការចាប់ផ្តើមត្រឡប់មកវិញរបស់ទេសចរចិន ដូចរបាយការណ៍ក្រសួងទេសចរណ៍ បានបង្ហាញពីការកើនឡើងនៃចំនួនទេសចរចិនមកកម្ពុជា។ លោកទូតចង់ឱ្យកម្ពុជាក្ដោបយកឱកាសនេះ និងត្រូវដាក់ចេញនូវយុទ្ធសាស្រ្តនានាដើម្បីផ្តល់ភាពងាយស្រួល និងទាក់ទាញទេសចរចិនមកកាន់តែច្រើន។ ចិនក៏ចង់ឱ្យកម្ពុជាដាក់ចេញនូវគោលនយោបាយ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ឬការឆបោកតាមប្រព័ន្ធអនឡាញឱ្យបានតឹងរឹងផងដែរ ដើម្បីផ្តល់ទំនុកចិត្ត និងសុវត្ថិភាពដល់ទេសចរចិនពេលមកកម្ពុជា៕

លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា

អភិបាលខេត្តកោះកុងលោកស្រី មិថុនា ភូថង (កណ្ដាល) និងលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង (ស្ដាំ) ចូលរួមក្នុងសន្និសីទខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន។
អ្នកសរសេរអត្ថបទ
អ៊ីសា រ៉ហានី (Isa Rohany) មានស្រុកកំណើតនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាងបានចូលធ្វើការជាអ្នកសារព័ត៌មាននៅគេហទំព័រសារព័ត៌មានថ្មីៗនៅដើមឆ្នាំ២០១៣ ក្រោយទទួលការបណ្តុះបណ្តាលវគ្គខ្លីលើជំនាញសារព័ត៌មានពីអ្នកកាសែតជើងចាស់។ ចាប់ពីឆ្នាំ២០១៤មក អ៊ីសា រ៉ហានី គឺជាសហការីរបស់សារព័ត៌មានថ្មីៗប្រចាំខេត្តសៀមរាប ដោយផ្តោតលើព័ត៌មានចម្រុះ។ អ៊ីសា រ៉ហានី បញ្ចប់ថ្នាក់បរិញ្ញាបត្រលើជំនាញ សេដ្ឋកិច្ច នៅឆ្នាំ២០១១៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: