ទេសចរជាង ៦០០០នាក់ ចូលទស្សនាសួនរុក្ខជាតិអង្គរ ក្នុងពិធីបុណ្យអុំទូក
  • ថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ​​ ម៉ោង ៩:៣០ នាទី យប់
ទេសចរជាង ៦០០០នាក់ ចូលទស្សនាសួនរុក្ខជាតិអង្គរ ក្នុងពិធីបុណ្យអុំទូក
ភ្ញៀវទេសចរចូលទស្សនាសួនរុក្ខជាតិអង្គរនាពិធីបុណ្យអុំទូក ឆ្នាំ២០២៤។ រូបភាព៖ សួនរុក្ខជាតិអង្គរ

សៀមរាប៖ រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នេះ មានភ្ញៀវទេសចរជាតិ-អន្តរជាតិសរុបប្រមាណ ៦ ០០០នាក់ ចូលទស្សនាសួនរុក្ខជាតិអង្គរ។
TTN-Free-Banner-In-Article-PC
ស្ថិតនៅកណ្ដាលក្រុងសៀមរាប និងនៅតាមដងផ្លូវទៅប្រាសាទអង្គរវត្ត សួនរុក្ខជាតិអង្គរ គឺជាគោលដៅដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ អំឡុងពេលចុងសប្ដាហ៍ ពិសេសពិធីបុណ្យទានសំខាន់ៗ។ សួននេះមានដើមរុក្ខជាតិចម្រុះបែប រាប់ទាំងគ្រឿងទេស ផ្កា រុក្ខជាតិឱសថ រុក្ខជាតិលម្អ សត្វព្រៃ ពិសេសដើមឈើតូចធំ ដែលជាម្លប់ដ៏ត្រជាក់។ 
 
នៅថ្ងៃទី១៤ ខែវិច្ឆិកា ដែលជាថ្ងៃទីមួយនៃពិធីបុណ្យអុំទូក ភ្ញៀវទេសចរសរុប ជិត១០០០នាក់ ចូលទស្សនាក្នុងសួនរុក្ខជាតិអង្គរ។ ក្នុងនោះ មានទេសចរអន្តរជាតិជាង១០០នាក់។ ថ្ងៃទី១៥ ខែវិច្ឆិកា មានទេសចរសរុប ២ ៧៤៦នាក់ ក្នុងនោះទេសចរអន្តរជាតិ ៨៦នាក់។ នេះបើយោងតាមរបាយការណ៍របស់សួនរុក្ខជាតិអង្គរ​ ដែលសារព័ត៌មានឌីជីថលថ្មីៗ (ThmeyThmey) ទទួលបានពី លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា។​
 

ទេសចរចូលទស្សនាសួនរុក្ខជាតិអង្គរ នាពិធីបុណ្យអុំទូក ឆ្នាំ២០២៤។ រូបភាព៖ សួនរុក្ខជាតិអង្គរ

លោក ចាន់ដារដ្ឋ បន្តរៀបរាប់ថា សម្រាប់ថ្ងៃទី១៦ ខែវិច្ឆិកា ដែលជាថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក មានទេសចរប្រមាណ ៣ ១០០នាក់ បានចូលទស្សនាសួនរុក្ខជាតិអង្គរនេះ។  ដូច្នេះ សរុបទាំង៣ថ្ងៃនៃពិធីបុណ្យអុំទូក គឺមានទេសចរជាង៦០០០នាក់ ដែលបានចូលទស្សនាសួនរុក្ខជាតិអង្គរ។ 
 
គួររំឭកថា សួនរុក្ខជាតិអង្គរ ជារមណីយដ្ឋានកែច្នៃមួយ ក្នុងក្រុងសៀមរាប ដែល​មានរុក្ខជាតិជាង៥០០ប្រភេទ ​និងសត្វជាច្រើនប្រភេទ​។ ផ្កា ស្មៅ ​ឈើហូបផ្លែ និងបន្លែចម្រុះពូជជាច្រើន ត្រូវបានដាំជា៥ផ្នែកផ្សេងគ្នា សម្រាប់ទទួលទេសចរ។ សួននេះគ្របដណ្ដប់លើផ្ទៃដីប្រមាណ ១៥០ហិកតា៕
 
 
 

អ្នកសរសេរអត្ថបទ

អ៊ី​សា រ៉​ហា​នី (Isa Rohany) មាន​ស្រុកកំណើត​នៅ​ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាង​បាន​ចូលធ្វើការ​ជា​អ្នក​សារព័ត៌មាន​នៅ​គេហទំព័រ​សារព័ត៌មាន​ថ្មីៗ​នៅ​ដើមឆ្នាំ​២០១៣ ក្រោយ​ទទួល​ការបណ្តុះបណ្តាល​វគ្គ​ខ្លី​លើ​ជំនាញ​សារព័ត៌មាន​ពី​អ្នកកាសែត​ជើងចាស់​។ ចាប់ពី​ឆ្នាំ​២០១៤​មក អ៊ី​សា រ៉​ហា​នី គឺជា​សហការី​របស់​សារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប ដោយ​ផ្តោតលើ​ព័ត៌មាន​ចម្រុះ​។ អ៊ី​សា រ៉​ហា​នី បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ សេដ្ឋកិច្ច នៅ​ឆ្នាំ​២០១១៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អុីសា រ៉ហានី