IDC-CDI៖ សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងបុព្វហេតុសន្តិសុខតំបន់
- ថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ១២:៣៩ នាទី រសៀល

សម្ដេច ហ៊ុន ម៉ាណែត ក្នុងពិធីបើកកិច្ចប្រជុំ CDI-IDC នាខេត្តសៀមរាប។
សៀមរាប៖ ឆ្លងកាត់សង្រ្គាមស៊ីវិលច្រើនឆ្នាំ និងបទពិសោធន៍រៀបចំប្រទេសឱ្យមានភាពរីកចម្រើន និងសន្តិភាពពេញលេញឡើងវិញ គឺជាអ្វីដែលកម្ពុជាសម្រេចបាននារយៈពេល២ទសវត្សរ៍ចុងក្រោយនេះ។ នាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន ម៉ាណែត ប្រាប់សមាជិក IDC-CDI ថា កម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីរួមចំណែកជួយឱ្យមានសន្តិសុខនៅក្នុងតំបន់។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (IDC-CDI) សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការត្រៀមខ្លួនរបស់កម្ពុជា ដើម្បីរួមចំណែកជួយឱ្យមានសន្តិសុខ និងសន្តិភាពក្នុងតំបន់។ សម្ដេចធិបតីបន្តថា ឆ្លងកាត់សង្រ្គាមស៊ីវិលច្រើនឆ្នាំយ៉ាងណាក្តី ប៉ុន្តែកម្ពុជាបានគ្រប់គ្រង និងស្ដារឡើងវិញក្នុងរយៈពេលជាង ២ទសវត្សរ៍ចុងក្រោយ និងមានការអភិវឌ្ឍជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ននេះ តាមរយៈការធ្វើសេរីភាវូបនីយកម្មសេដ្ឋកិច្ច និងសមហរណកម្មសេដ្ឋកិច្ចពិភពលោក។
បន្ថែមពីនេះ តាមរយៈការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយដែលគ្មានមីន ដែលគ្រោងរៀបចំនៅសប្ដាហ៍ក្រោយនេះ គឺបង្ហាញពីការងើបឡើងវិញ និងភាពរឹងមាំរបស់កម្ពុជា ក្រោយសង្រ្គាមស៊ីវិល។ ការណ៍នេះក៏បានបង្ហាញឱ្យឃើញថា កម្ពុជាមានភាពធន់ជាងមុន គឺពីប្រទេសដែលរងគ្រោះដោយសង្រ្គាមទៅជាប្រទេសដែលឈាន នៅក្នុងបុព្វហេតុសន្តិភាព ដែលត្រូវបានពិភពលោកទទួលស្គាល់ថាជាប្រទេសសកម្មបំផុតមួយ ក្នុងវិស័យបោសម្អាតមីន និងជាប្រទេសដែលខិតខំតស៊ូមតិដើម្បីសកម្មភាពមីន។ នេះជាការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្រ្តី ទៅកាន់អ្នកចូលរួមប្រមាណ១០០នាក់ មកពី២២ប្រទេស នារសៀលថ្ងៃទី១៨ វិច្ឆិកា នាសណ្ឋាគារ Raffles Grand d’Angkor ។

កិច្ចប្រជុំ CDI-IDC
តាមរយៈកិច្ចប្រជុំ IDC-CDI រយៈពេល៣ថ្ងៃ គឺថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា សម្ដេចនាយករដ្ឋមន្រ្តី មានសុទិដ្ឋិនិយមថា ប្រទេសជាសមាជិកទាំងអស់នឹងរួមគ្នាធ្វើឱ្យក្លាយជាអ្នកតស៊ូមតិដ៏មានឥទ្ធិពល សម្រាប់ការស្វែងរកសន្តិភាពសម្រាប់ប្រជាជាតិទាំងមូល។ សម្ដេច ហ៊ុន ម៉ាណែត ថ្លែងដូច្នេះថា៖« ខ្ញុំជឿជាក់ថា ការរួមគ្នាធ្វើឱ្យយើងនឹងអាចក្លាយជាអ្នកតស៊ូមតិដ៏មានឥទ្ធិពលសម្រាប់សន្តិភាព កិច្ចសន្ទនា ក៏ដូចជាកិច្ចសហប្រតិបត្តិការដែលមានគោលបំណងពន្លឿនស្ដារសេដ្ឋកិច្ច និងសង្គមរបស់យើង ឱ្យឆ្ពោះទៅរកការវិវឌ្ឍ និងវិបុលភាព»។
បន្ថែមពីនេះ សម្ដេច ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីបញ្ហាប្រឈម និងភាពតានតឹងផ្នែកភូមិសាស្រ្តនៅលើសកលលោកនាពេលបច្ចុប្បន្ននេះ ដែលសម្តេចចាត់ទុកថាមិនធ្លាប់មាននាពេលប៉ុន្មានសតវត្សរ៍ ចុងក្រោយនេះ។ «ការអូសបន្លាយ និងការរីកសាយភាពនៃសង្រ្គាមនៅតាមតំបន់នានា ជាមួយនិងការចូលរួមក្នុងសង្រ្គាមដោយតួអង្គដែលពុំមែនជាភាគីផ្ទាល់នៃជម្លោះ បានធ្វើឱ្យយើងបាត់បង់ក្តីសង្ឃឹមក្នុងការឈានទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់នាពេលដ៏ខ្លីខាងមុខនេះ បានបង្កើតនូវភាពភ័យខ្លាចដល់សកលលោក»។
ក្រៅពីលើកឡើងពីសង្រ្គាមស៊ីវិល ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏សង្កត់ធ្ងន់ពីបញ្ហាបម្រែបម្រួលអាកាសធាតុ គ្រោះធម្មជាតិ ដែលកំពុងបង្កក្តីអន្តរាយដល់ជីវិតមនុស្សនៅទូទាំងពិភពលោកក្នុងកម្រិតដែលពិបាកនឹងប៉ាន់ស្មានផងដែរ។ សម្តេច ហ៊ុន ម៉ាណែត លើកឡើងដូច្នេះថា៖« បញ្ហាប្រឈមទាំងនេះបានបង្កើតឱ្យមានវិបត្តិមនុស្សធម៌ និងជនភៀសខ្លួន រាំងស្ទះដល់ការងើបឡើងវិញនូវសេដ្ឋកិច្ច បង្កើននូវអត្រាអតិផរណា បង្អាក់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងប៉ះពាល់ដល់សន្តិសុខស្បៀង។ ទាំងនេះ ជាហេតុផលដែលធ្វើឱ្យប្រធានបទនៃកិច្ចប្រជុំរបស់យើង មានភាពទាន់ពេល និងចាំបាច់ ខណៈយើងត្រូវប្រើស្មារតីទទួលខុសត្រូវរួមគ្នា ដើម្បីដោះស្រាយបញ្ហាដ៏ក្តៅគគុកនៅក្នុងតំបន់ និងសកលលោក»។
គួរបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាចូលជាសមាជិកពេញសិទ្ធិរបស់អង្គការ CDI នៅខែមេសា ឆ្នាំ២០១៦ និងត្រូវបានបោះឆ្នោតជាអនុប្រធានអង្គការមួយនេះទទួលបន្ទុកតំបន់ប៉ាស៊ីហ្វិក។ បច្ចុប្បន្នអង្គការនេះ មានសមាជិកប្រមាណ១០៩ គណបក្សមកពី៨៣ប្រទេស ដែលមានមនោគមវិជ្ជានយោបាយនិយមកណ្ដាល មកពីទ្វីបអឺរ៉ុប អាម៉េរិកឡាទីន អាម៉េរិកខាងជើង អាហ្រ្វិក និងអាស៊ីប៉ាស៊ីហ្វិក។ កិច្ចប្រជុំដែលរៀបចំនៅខេត្តសៀមរាបនេះមានអ្នកចូលរួម៩៩នាក់ មកពី២៤គណបក្ស និងមកពី២២ប្រទេស៕
អ្នកសរសេរអត្ថបទ
អ៊ីសា រ៉ហានី (Isa Rohany) មានស្រុកកំណើតនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាងបានចូលធ្វើការជាអ្នកសារព័ត៌មាននៅគេហទំព័រសារព័ត៌មានថ្មីៗនៅដើមឆ្នាំ២០១៣ ក្រោយទទួលការបណ្តុះបណ្តាលវគ្គខ្លីលើជំនាញសារព័ត៌មានពីអ្នកកាសែតជើងចាស់។ ចាប់ពីឆ្នាំ២០១៤មក អ៊ីសា រ៉ហានី គឺជាសហការីរបស់សារព័ត៌មានថ្មីៗប្រចាំខេត្តសៀមរាប ដោយផ្តោតលើព័ត៌មានចម្រុះ។ អ៊ីសា រ៉ហានី បញ្ចប់ថ្នាក់បរិញ្ញាបត្រលើជំនាញ សេដ្ឋកិច្ច នៅឆ្នាំ២០១១៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: