៤៥៥ថ្ងៃក្រោយមក លោក ប្រាក់ សុខុន ក្លាយជាប្រមុខការទូតសារជាថ្មី
- ថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ៩:០៤ នាទី ព្រឹក

លោក ប្រាក់ សុខុន (ឆ្វេង) និងលោក សុខ ចិន្តាសោភា នាសម័យប្រជុំរដ្ឋសភា។ លោកប្រាក់ សុខុន វិលកាន់តំណែងជារដ្ឋមន្ត្រីការបរទេស រីឯលោក សុខ ចិន្តាសោភា បន្តតំណែងជាឧបនាយករដ្ឋមន្ត្រី។ រូបថត រដ្ឋសភា
លោក ប្រាក់ សុខុន បានវិលកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឡើងវិញ ក្រោមសំឡេងគាំទ្រ១១២លើ១១២សំឡេង នាសម័យប្រជុំរដ្ឋសភា ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា នេះ ខណៈលោក សុខ ចិន្តាសោភា បន្តតំណែងជាឧបនាយករដ្ឋមន្ត្រី។

វ័យ៧០ឆ្នាំ លោក ប្រាក់ សុខុន បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៣ ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន។ ក្នុងអណត្តិទី៧ របស់សម្តេច ហ៊ុន ម៉ាណែត ដែលចាប់ផ្តើមដំណើរការពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ មក តំណែងនេះ ត្រូវបានជំនួសដោយលោក សុខ ចិន្តាសោភា ហើយលោក ប្រាក់ សុខុន ត្រូវបានតែងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ហើយក្រោយមក ជាអនុប្រធានទី១ ព្រឹទ្ធសភា។
ថ្ងៃទី២០ ខែវិច្ឆិកា នេះ ពោលគឺ៤៥៥ថ្ងៃក្រោយមក លោក ប្រាក់ សុខុន បានវិលកាន់តំណែងជាប្រមុខការទូតកម្ពុជា សារជាថ្មី ប៉ុន្តែក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត ខណៈកៅអីជាសមាជិកព្រឹទ្ធសភារបស់លោកត្រូវបានជំនួសដោយ លោក ង៉ែត ចដ្ដាវី។
នេះជាលើកទី២ហើយ ដែលមានការកែសម្រួលសមាសភាពរដ្ឋាភិបាលអណត្តិទី៧ ដោយកាលពីខែកញ្ញា លោក សុខ សូកេន បានប្តូរទៅដឹកនាំក្រសួងអធិការកិច្ច ហើយបញ្ច្រាសមកវិញ លោក ហួត ហាក់ ក្លាយជារដ្ឋមន្ត្រីក្រសួងទេសចរណ៍៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com