ទីអារាមពោរពេញទៅដោយចេតិយ, សម្តេច ហ៊ុន សែន ស្នើឱ្យពិចារណារកទីតាំងរួម
- ថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ១០:១២ នាទី ព្រឹក

សម្តេច ហ៊ុន សែន និយាយទៅកាន់រដ្ឋមន្ត្រីធម្មការ លោក ចាយ បូរិន
នាពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ នៅវិទ្យាស្ថានជាតិអប់រំ ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា នេះ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើទៅក្រសួងធម្មការ និងសាសនា សហការជាមួយមន្ត្រីសង្ឃ និងអាជ្ញាធរ ពិចារណាស្វែងរកទីតាំងរួមសម្រាប់ធ្វើចេតិយតម្កល់អធ្ឋិធាតុ ជំនួសទីវត្តអារាម។

«ទីអារាមសំបូរទៅដោយចេតិយ។ សំណាងល្អដែលទីអារាមខ្លះនៅទទួលចេតិយបាន ប៉ុន្តែនៅពេលខាងមុខអត់មានកន្លែងធ្វើទេ»។ សម្តេច ហ៊ុន សែន បានកត់សម្គាល់យ៉ាងដូច្នេះ ដោយស្នើទៅរដ្ឋមន្ត្រីធម្មការ និងស្ថាប័នពាក់ព័ន្ធ ពិចារណារួមគ្នាលើការជាវដីទុកនៅកន្លែងណាមួយដើម្បីឱ្យពុទ្ធបរិស័ទអាចធ្វើចេតិយ។
សម្តេច បានគូសបញ្ជាក់ថា វត្តខ្លះមានចេតិយគ្របដណ្តប់សឹងតែ៥០ភាគរយនៃចំនួនព្រះវិហារ សាលាឆាន់ ឬកុដិលោក កុដិព្រះសង្ឃ។ បើបន្តកើតមានករណីបែបនេះ សម្តេចបារម្ភថា សូម្បីតែកុដិលោក ក៏នឹងត្រូវរុះរើដើម្បីធ្វើចេតិយផងដែរ។
ទៅបើជាយ៉ាងណាក៏ដោយ សម្តេច ហ៊ុន សែន លើកឡើងថា ករណីចេតិយនេះ គ្រាន់តែជាការផ្តល់មតិរបស់សម្តេចប៉ុណ្ណោះ ដែលអាចខុសទំនៀមទម្លាប់ ប៉ុន្តែជារឿងចាំបាច់ដែលត្រូវមានការគិតគូទុកមុន។ សម្តេចនិយាយជាមួយនឹងសំណើចថា៖ «ខ្ញុំព្រះករុណាខ្ញុំអត់ព្រមទៅនៅវត្តទេ សូមទោស។ ប្រពន្ធខ្ញុំករុណា ខ្ញុំសួរទៅ គាត់ថាធ្វើរួចហើយនៅវត្តចំពុះក្អែករបស់សម្តេច អំ លឹមហេង។ អត់ទៅនៅជាមួយទេ អត់ទៅទេ ដាច់ខាតហើយ ថ្លង់ណាស់ក្មេងៗ។ ជួនកាលរាំ បត់ជើងតូចបត់ជើងធំក្បែរចេតិយរបស់ឯង»។
ទាក់ទងនឹងការធ្វើចេតិយនៅទីតាំងរួមណាមួយនេះ សម្តេចប្រៀបធៀបដូចជាការធ្វើម៉ុងរបស់ជនជាតិចិនដើម្បីតម្កល់អដ្ឋិធាតុ។ បើតាមសម្តេច ការកំណត់ទីតាំងរួមណាមួយក៏ជាការផ្តល់លទ្ធភាពដល់អ្នកក្រខ្សត់ផងដែរ។ «យើងអាចរៀបចំចេតិយមួយដើម្បីឱ្យអ្នកខ្វះលទ្ធភាពយក [អដ្ឋិធាតុ] ទៅទុកទីនោះដែរ មិនមែនជាផ្នូរខ្មោចរួមដូចសម័យប៉ុលពតទេ ប៉ុន្តែជាទីកន្លែងសម្រាប់អ្នកក្រីក្រដាក់អដ្ឋិធាតុរបស់ឪពុកម្តាយ ហើយជាទីកន្លែងជួបជុំគ្រួសារអ្នកដែលមានអដ្ឋិធាតុដាក់កន្លែងហ្នឹង»។ សម្តេច ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com