វិស័យ «ថ្មអារ» ពីជិតដួលរលំទៅរីកចម្រើន ជាគំរូអស្ចារ្យដែលសម្តេច ហ៊ុន ម៉ាណែត នឹងសរសេរទុក
  • ថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ​​ ម៉ោង ៥:៥៨ នាទី ល្ងាច
វិស័យ «ថ្មអារ» ពីជិតដួលរលំទៅរីកចម្រើន ជាគំរូអស្ចារ្យដែលសម្តេច ហ៊ុន ម៉ាណែត នឹងសរសេរទុក

ភ្នំពេញ៖ រយៈពេលជាង១ឆ្នាំចុងក្រោយនេះ វិស័យ«ថ្មអារ» គឺមានភាពរីកចម្រើនខ្លាំង បន្ទាប់ពីសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្កើតគណៈកម្មការអន្តរក្រសួងដោះស្រាយបញ្ហាប្រឈមរបស់វិស័យនេះ។ បើតាមប្រមុខរដ្ឋាភិបាល ការនាំចេញ«ថ្មអារ»របស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនាបច្ចុប្បន្ន មានកំណើនរហូតដល់៤ដង ដែលនេះលទ្ធផលជាទីមោទនៈក្នុងការប្រែក្លាយវិស័យមួយជិតដួលរលំឱ្យមានភាពរីកចម្រើនខ្លាំងមកវិញ។
TTN-Free-Banner-In-Article-PC
 
« សន្ទុះនៃការរីកចម្រើនវិស័យថ្មអារ បានប្រែពីជិតរលំទៅជាកំណើនក្នុងមួយឆ្នាំនេះ កើនដល់៤ដង»។ សម្តេច ហ៊ុន ម៉ាណែត ថ្លែងបែបនេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ដែលកំណើននេះ គិតពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែកញ្ញា ឆ្នាំ២០២៤។ ការរីកចម្រើននៃវិស័យថ្មអារ ក៏ធ្វើឱ្យរដ្ឋាភិបាលទទួលបានចំណូលពីសយសារ និងអាករកើនពីវិស័យនេះ ផងដែរ។
 
ការដោះស្រាយបានយ៉ាងល្អប្រសើរនៃបញ្ហាប្រឈមក្នុងវិស័យថ្មអារនេះ ត្រូវបានសម្តេច ហ៊ុន ម៉ាណែត ចាត់ទុកជាលទ្ធផលគំរូសម្រាប់ការដោះស្រាយបញ្ហាផ្សេងៗទៀត។ សម្តេចបាននិយាយយ៉ាងដូច្នេះ៖ « បទពិសោធន៍នេះ សម្រាប់ខ្ញុំ គឺជាបទពិសោធន៍មួយចង់ចាំ ហើយត្រូវធានាបាននូវនិរន្តរភាព។ វិស័យថ្មអារ គឺជាដំណោះស្រាយទី១ សម្រាប់ខ្ញុំកាន់ជានាយករដ្ឋមន្ត្រី ដែលទទួលបានលទ្ធផលជាផ្លែផ្កា។ ប៉ុន្តែអ្វីដែលឱ្យខ្ញុំចាប់អារម្មណ៍លើរឿងថ្មអារ គឺភាពជាគំរូនៃការដោះស្រាយ ហើយខ្ញុំសង្ឃឹមថា ទៅថ្ងៃមុខនឹងអាចដោះស្រាយនៅលើវិស័យផ្សេងទៀត»។
 
ការទម្លាក់អាករនាំចេញ គឺគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះនៃការរីកចម្រើនវិស័យថ្មអារ នាពេលបច្ចុប្បន្ន។ បើតាមសម្តេច មានកត្តាគន្លឹះសំខាន់៣ទៀត ដែលធ្វើឱ្យវិស័យនាំចេញ«ថ្មអារ»របស់កម្ពុជាមានភាពជោគជ័យធំនោះ គឺកត្តាទី១. រដ្ឋាភិបាលមានយន្តការច្បាស់លាស់ ម៉ឺងម៉ាត់ ក្នុងការអនុវត្ត និងដោះស្រាយបញ្ហាឱ្យវិស័យឯកជនជាប្រចាំ។ 
 
កត្តាទី២. គឺមន្ត្រីអនុវត្តទាំងអស់ ត្រូវអនុវត្តដោយភាពស្មោះត្រង់ កុំបង្កើតបន្ទុកទៅលើវិស័យនេះ។  ត្រង់ចំណុចនេះសម្តេចបានពន្យល់យ៉ាងលម្អិត៖ « បើយើងដោះស្រាយតែអត្រាគយ  តែបើមន្ត្រីពាក់ព័ន្ធផ្សេងៗបង្កើតបន្ទុក ក៏ធ្វើឱ្យវិស័យនេះមិនដួលក៏ត្រូវដួលដែរ។ ត្រូវកាត់អាក្រៅ ដោះអាក្នុង! ទាំងពីរនេះ ធ្វើឱ្យ[អស់បញ្ហា] អ៊ីចឹង ការចូលរួមដោយស្មោះត្រង់ពីមន្ត្រីរបស់យើង អនុវត្តភារកិច្ចបានត្រឹមត្រូវ ជួយដល់វិស័យឯកជន ដោយមិនបង្កើតបន្ទុកចំបាច់បន្ថែមទៀតទៅលើវិស័យថ្មអារនេះ។ 
 
សម្រាប់កតា្តទី៣ សំដៅទៅលើវិស័យឯកជនផ្ទាល់តែម្តង គឺត្រូវមានការចូលរួមជាមួយរដ្ឋាភិបាលដោយភាពស្មោះត្រង់ក្នុងការបង់ពន្ធត្រឹមត្រូវ និងស្រុះដៃគ្នា សាមគ្គីភាពគ្នារវាងវិស័យឯកជន។ 
 
សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ៖  «វិស័យថ្មអារ បានដើរតួនាទីនេះ។ នេះហើយជាគំរូដែលខ្ញុំចង់ឃើញវិស័យផ្សេងៗទៀត។ បានន័យថា វិស័យឯកជនក្នុងវិស័យថ្មអារ ស្រុះគ្នា ឯកភាពគ្នាជាក្រុមមួយ ហើយធ្វើការត្រង់ជាមួយរដ្ឋាភិបាល»។ សម្តេច បានចាត់ទុកភាពរីកចម្រើននៃវិស័យថ្មអារនាពេលបច្ចុប្បន្ន ជាលទ្ធផលជាទីមោទករបស់សម្តេចក្នុងនាមកាន់តំណែងជានាយករដ្ឋមន្ត្រីបានរយៈពេលជាង១ឆ្នាំមកនេះ។ 
 
«វិស័យថ្មអារនេះ ជាមោទនភាពខ្ញុំមួយ។ ថ្ងៃពេលក្រោយខ្ញុំសរសេរសៀវភៅពីបទពិសោធន៍ខ្ញុំពេលចូលនិវត្តន៍ទៅ ប្រហែលជាវិស័យថ្មអារនេះ ជាមួយវិស័យមួយដែលខ្ញុំចងចាំ។ ជោគជ័យដែលបានក្នុងរយៈពេលខ្លីកើននេះ បានមកពីយន្តការត្រួតពិនិត្យ ជំរុញការអនុវត្តដើម្បីឱ្យច្បាស់លាស់ ធ្វើការម៉ត់ចត់ ភាពបត់បែន ហើយមន្ត្រីអនុវត្តឯកភាពដោយភាពស្មោះត្រង់មិនបង្កើតបន្ទុកបន្ថែម និងវិស័យឯកជនធ្វើការរួមគ្នាដោយស្មោះត្រង់»។ ទាំងនេះជាការមើលឃើញរបស់សម្តេចហ៊ុន ម៉ាណែត ដែលចង់ឃើញវិស័យផ្សេងៗរួមគ្នាអនុវត្ត ឬដើរតាមគំរូរបស់វិស័យថ្មអារនេះ។  ជាមួយគ្នានេះ សម្តេចបានប្តេជ្ញាចិត្តធ្វើឱ្យវិស័យថ្មអារកម្ពុជា មានភាពរីកចម្រើននិរន្តរ៍៕

អ្នកសរសេរអត្ថបទ

កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញ​ផ្នែក​ព័ត៌មាន​សេដ្ឋកិច្ច កសិកម្ម និង​ផលិត​វីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អ៊ូ សុខមាន