ចាប់ផ្តើម«សន្សំប្រាក់»ដោយកាត់បន្ថយចំណាយមិនចាំបាច់ពីពេលនេះទៅ
- ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ៧:៥៩ នាទី ល្ងាច

ដើម្បីក្លាយជាពលរដ្ឋមាននូវចំណេះដឹងហិរញ្ញវត្ថុ ក្នុងការគ្រប់គ្រង ឬប្រើប្រាស់ប្រាក់ប្រកបដោយគុណភាពសម្រាប់ជីវភាពរស់នៅផ្ទាល់ខ្លួន សម្រាប់គ្រួសារ និងសង្គមជាតិ លោក-អ្នក ត្រូវមានទម្លាប់សន្សំសំចៃប្រាក់ដោយកាត់បន្ថយនូវចំណាយណាមិនចាំបាច់ ពីពេលនេះទៅ។ លោក កុក ថា ដែលជាអ្នកមានបទពិសោធន៍ច្រើនឆ្នាំលើផ្នែកចំណេះដឹងហិរញ្ញវត្ថុ បានបញ្ជាក់ថា ក្នុងស្ថានភាពសេដ្ឋកិច្ចកំពុងតានតឹងនាពេលសព្វថ្ងៃនេះ ទោះលោក-អ្នកមានចំណូលតិច ឬច្រើនក្តី គឺត្រូវតែសន្សំសំចៃ។

«ប្រជាពលរដ្ឋ ត្រូវផ្តោតសំខាន់លើការសន្សំសំចៃប្រាក់ ដែលជាកិច្ចការអទិភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ»។ នេះជាការលើកឡើងរបស់ លោក កុក ថា ដោយបានបញ្ជាក់មកកាន់សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey) ក្នុងកម្មវិធីចំណេះហិរញ្ញវត្ថុ ថា បើពលរដ្ឋមានស្ថានភាពលំបាកខ្លាំង ឬខ្វះខាតខ្លាំង គឺត្រូវមានទម្លាប់សន្សំប្រាក់យ៉ាងតិចបំផុត៥ភាគរយនៃចំណូលរបស់ខ្លួន។
ដើម្បីស្វែងយល់ច្បាស់ពីរបៀបសន្សំប្រាក់សូមលោក-អ្នកទស្សនាវីដេអូសម្ភាសរវាងកញ្ញា អ៊ូ សុខមាន អ្នកសារព័ត៌មានផ្នែកសេដ្ឋកិច្ច នៃសារព័ត៌មានឌីជីថលថ្មីៗ ជាមួយលោក កុក ថា អ្នកមានបទពិសោធន៍ច្រើនឆ្នាំលើផ្នែកចំណេះដឹងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃគ្រឹះស្ថានឥណទានជនបទ FHF Capital ខាងក្រោមដូចទៅ៖
បើតាមលោក កុក ថា របៀបសន្សំប្រាក់នោះ ត្រូវធ្វើមុនការចំណាយ។ មានន័យថា ពលរដ្ឋត្រូវដកប្រាក់មួយចំនួនសម្រាប់សន្សំហើយបានចំណាយទៅអ្វីដែលជាតម្រូវការចាំបាច់។ ដូចជា៖ ចំណាយថ្លៃទឹក-ភ្លើង ថ្លៃអាហារ ថ្លៃស្នាក់នៅ និងថ្លៃបង់សាលាកូន...ជាដើម ហើយត្រូវកាត់បន្ថយចំណាយណាមិនចាំបាច់។ «នេះ ជាចំណុចដែលពលរដ្ឋក្នុងស្ថានភាពនេះ ត្រូវផ្តោតសំខាន់ក្នុងការអនុវត្ត ដើម្បីចៀសផុតពីបញ្ហាហិរញ្ញវត្ថុនាពេលអនាគត»។ នេះជាអះអាងរបស់លោក កុកថា ៕
អ្នកសរសេរអត្ថបទ
កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញផ្នែកព័ត៌មានសេដ្ឋកិច្ច កសិកម្ម និងផលិតវីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: