ហ្វីលីពីន ពង្រឹងកម្លាំងការពារប្រធានាធិបតី ក្រោយអនុប្រធានាធិបតីគំរាមធ្វើឃាត
  • ថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ​​ ម៉ោង ៤:៣៩ នាទី រសៀល
ហ្វីលីពីន ពង្រឹងកម្លាំងការពារប្រធានាធិបតី ក្រោយអនុប្រធានាធិបតីគំរាមធ្វើឃាត

ទីភ្នាក់ងារសន្តិសុខហ្វីលីពីន បានរឹតបន្តឹងកម្លាំងការពារប្រធានាធិបតី Ferdinand Marcos Jr បន្ទាប់ពីអនុប្រធានាធិបតី Sara Duterte ចេញសារគំរាមចំៗនឹងធ្វើឃាតលោកប្រធានាធិបតី ប្រសិនបើលោកស្រីខ្លួនឯងត្រូវបានគេសម្លាប់ដែរនោះ។
TTN-Free-Banner-In-Article-PC
 
នៅក្នុង​សញ្ញាប្រេះឆាដ៏ខ្លាំងក្នុងក្បាលម៉ាស៊ីនដឹកនាំប្រទេស ​លោកស្រីអនុប្រធានាធិបតី Sara Duterte បាន​ប្រាប់​សន្និសីទកាសែត​នៅថ្ងៃទី២៣ ខែវិច្ឆិកា​ថា លោកស្រី​បាន​និយាយ​ទៅកាន់​ឃាតករម្នាក់ និង​បាន​ណែនាំ​ឱ្យ​សម្លាប់​លោកប្រធានាធិបតី Ferdinand Marcos Jr ភរិយារបស់លោក និង​ប្រធានសភាតំណាងរាស្រ្តដែលជាសាច់ញាតិរបស់ប្រធានាធិបតី។ លោកស្រីបន្តថា វាកើតឡើងក្នុងករណីលោកស្រីត្រូវគេឃាត។
 
យ៉ាងណាមិញ លោកស្រី Sara Duterte មិនបានបញ្ជាក់ពីការប៉ុនប៉ងធ្វើឃាតលោកស្រីឡើយ។
 
ក្រោយការចេញសារគំរាមត្រង់ៗបែបនេះ ក្រុមសន្តិសុខប្រធានាធិបតីបាននិយាយថា ខ្លួនបានបង្កើន និងពង្រឹងកិច្ចការសន្តិសុខ ហើយកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារអនុវត្តច្បាប់នានា ដើម្បីស្វែងរក រារាំង និងការពារប្រឆាំងការគំរាមកំហែងណាមួយចំពោះប្រធានាធិបតី និងគ្រួសាររបស់លោក។
 
ចំណែកស្នងការប៉ូលិសជាតិ Rommel Francisco Marbil បានបញ្ជាឱ្យមានការស៊ើបអង្កេតជាបន្ទាន់លើករណីនេះ ដោយចាត់ទុកការគំរាមកំហែងដោយផ្ទាល់ឬដោយប្រយោលចំពោះជីវិតរបស់លោក Marcos Jr ត្រូវតែត្រូវបានដោះស្រាយជាមួយនឹងកម្រិតខ្ពស់បំផុត។
 
លោកស្រី Sara កូនស្រីអតីតប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ បានលាលែងពីគណៈរដ្ឋមន្ត្រីក្នុងខែមិថុនា ដែលជាសញ្ញានៃការដួលរលំនៃសម្ព័ន្ធភាពនយោបាយក្នុងប្រទេសដែលជួយឱ្យលោកស្រី និងលោក Marcos Jr មេដឹកនាំផ្តាច់ការហ្វីលីពីន ទទួលបានជ័យជម្នះការបោះឆ្នោតឆ្នាំ២០២២។
 
គ្រួសារទាំងពីរ មានជម្លោះលើគោលនយោបាយការបរទេស និងសង្រ្គាមប្រឆាំងគ្រឿងញៀន។
 
នៅហ្វីលីពីន អនុប្រធានាធិបតី ត្រូវបានជ្រើសរើសក្នុងការបោះឆ្នោតដាច់ដោយឡែកពីប្រធានាធិបតី ហើយមិនមានភារកិច្ចផ្លូវការទេ។ ក្នុងករណីខ្លះ អនុប្រធានាធិបតី ត្រូវបានតែងតាំង​ឱ្យ​កាន់តំណែង​ក្នុង​គណៈរដ្ឋមន្ត្រី។ លោកស្រី Sara ជាអតីតរដ្ឋមន្រ្តីអប់រំផង៕
 

អ្នកសរសេរអត្ថបទ

តន ចាន់រិទ្ធារ៉ា ចូលប្រឡូូកក្នុងវិស័យសារព័ត៌មានក្នុងឆ្នាំ២០១៥។ ធារ៉ា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រសិក្សាអន្តរជាតិពីវិទ្យាស្ថានភាសាបរទេសក្នុងឆ្នាំ២០១៦៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

តន ចាន់​រិ​ទ្ធា​រ៉ា