ប្រទេសកំពុងអភិវឌ្ឍ ខកចិត្តនឹងកញ្ចប់ជំនួយ៣០០ពាន់លានដុល្លារដើម្បីដោះស្រាយបញ្ហាអាកាសធាតុ
  • ថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ​​ ម៉ោង ៩:៥៩ នាទី យប់
ប្រទេសកំពុងអភិវឌ្ឍ ខកចិត្តនឹងកញ្ចប់ជំនួយ៣០០ពាន់លានដុល្លារដើម្បីដោះស្រាយបញ្ហាអាកាសធាតុ

បណ្ដាប្រទេសចូលរួមសន្និសីទកំពូលស្ដីពីអាកាសធាតុលើកទី២៩ (COP29) នៅអាស៊ែបៃហ្សង់ បានអនុម័តផែនការហិរញ្ញវត្ថុសកល៣០០ពាន់លានដុល្លារក្នុងមួយឆ្នាំដល់ឆ្នាំ២០៣៥ ដើម្បីជួយប្រទេសក្រីក្រទប់ទល់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ប្រទេសក្រីក្រមិនសប្បាយចិត្តនឹងតួលេខនេះឡើយ ហើយចាត់ទុកជាកញ្ចប់មិនគ្រប់គ្រាន់ ខណៈប្រទេសអ្នកមានចង់ឱ្យប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លះទៀត ផ្ដល់វិភាគទានដូចគ្នាដែរ។
TTN-Free-Banner-In-Article-PC
 
ទីបំផុត កញ្ចប់ជំនួយសម្រាប់ប្រទេសក្រីក្រក្នុងការទប់ទល់វិបត្តិអាកាសធាតុ ត្រូវបានអនុម័តហើយបន្ទាប់ពីការចរចាតឹងតែងជាច្រើនសិបម៉ោង។ ក្រោមកិច្ចព្រមព្រៀង បណ្ដាប្រទេសអ្នកមាន នឹងផ្ដល់លុយចំនួន៣០០ពាន់លានដុល្លារក្នុងមួយឆ្នាំរហូតដល់ឆ្នាំ២០៣៥សម្រាប់ប្រទេសក្រីក្រ។ តួលេខនេះ នៅទាបជាងអ្វីដែលប្រទេសកំពុងអភិវឌ្ឍទាមទារដល់ទៅ៥០០ពាន់លានដុល្លារ។
 
សំឡេងសាទរ បានផ្ទុះឡើងក្នុងទីតាំងប្រជុំក្នុងរដ្ឋធានីបាគូរបស់អាស៊ែបៃហ្សង់ ទន្ទឹមគ្នានឹងការមិនពេញចិត្តដូចគ្នា។ ប្រតិភូខ្លះបានស្តីបន្ទោសប្រទេសអ្នកមានសម្រាប់តួលេខបែបនេះ និងបានរិះគន់ម្ចាស់ផ្ទះអាស៊ែបៃហ្សង់ចំពោះការប្រញាប់ប្រញាល់ទទួលយកផែនការដ៏ចម្រូងចម្រាសនេះ។
 
តំណាងគណៈប្រតិភូឥណ្ឌា Chandni Raina ថ្លែងក្នុងកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំបន្ទាប់ពីកិច្ចព្រមព្រៀងនេះថា ឥណ្ឌាសោកស្តាយចំពោះឯកសារនេះដែលគ្មានអ្វីក្រៅពីការបំភាន់ភ្នែកឡើយទេ។ ចំណែកប្រធានផ្នែកអាកាសធាតុរបស់អង្គការសហប្រជាជាតិលោក Simon Steill បានសាទរលទ្ធផលនេះថាជាគោលនយោបាយធានារ៉ាប់រងសម្រាប់មនុស្សជាតិ។
 
«វាជាដំណើរដ៏លំបាកមួយ ប៉ុន្តែយើងបានផ្តល់កិច្ចព្រមព្រៀងមួយ»។ កិច្ចព្រមព្រៀងនេះនឹងរក្សាការរីកចំរើននៃថាមពលស្អាត និងការពារជីវិតរាប់ពាន់លាន។» លោក Steill បញ្ជាក់បែបនេះ
 
កិច្ចព្រមព្រៀងនេះ នឹងជំនួសការប្តេជ្ញាចិត្តពីមុនរបស់ប្រទេសអ្នកមានក្នុងការផ្តល់១០០ពាន់លានដុល្លារក្នុងមួយឆ្នាំនៅក្នុងហិរញ្ញវត្ថុអាកាសធាតុ ដែលនឹងផុតកំណត់នៅឆ្នាំ 2025 ។ វាក៏ជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចប្រជុំកំពូលអាកាសធាតុនៅឆ្នាំក្រោយប្រេស៊ីល ដែលពិភពលោកនឹងផ្ដោតលើផែនការសកម្មភាពអាកាសធាតុនៅទសវត្សរ៍ក្រោយ។
 
បញ្ជីឈ្មោះប្រទេសដែលត្រូវផ្ដល់វិភាគទាន ជាប្រទេសឧស្សាហកម្មសំខាន់ៗមានជប៉ុន អាម៉េរិក រដ្ឋអឺរ៉ុប និងកាណាដាជាដើម។ ប៉ុន្តែអឺរ៉ុបចង់ឱ្យប្រទេសធំៗផ្សេងទៀតចូលរួមដែរមានចិនដែលជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោក និងរដ្ឋឈូងសមុទ្រសម្បូរប្រេង។ កិច្ច​ព្រម​ព្រៀង​នេះ ក៏​លើក​ទឹក​ចិត្ត​ប្រទេស​កំពុង​អភិវឌ្ឍ​ឱ្យ​ចូល​រួម​ចំណែក ប៉ុន្តែ​មិន​មែនជាការតម្រូវឡើយ​។
 
បច្ចុប្បន្ន ចិននៅមានឋានៈជាប្រទេសកំពុងអភិវឌ្ឍនៅឡើយ ដែលការណ៍ធ្វើឱ្យប្រទេសអ្នកមានផ្សេងទៀតមិនសប្បាយចិត្តឡើយ ព្រោះវាក៏មានកាតព្វកិច្ចខុសគ្នាដែរ៕
 

អ្នកសរសេរអត្ថបទ

តន ចាន់រិទ្ធារ៉ា ចូលប្រឡូូកក្នុងវិស័យសារព័ត៌មានក្នុងឆ្នាំ២០១៥។ ធារ៉ា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រសិក្សាអន្តរជាតិពីវិទ្យាស្ថានភាសាបរទេសក្នុងឆ្នាំ២០១៦៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

តន ចាន់​រិ​ទ្ធា​រ៉ា