សំណេរអង្គរបិទបញ្ចប់ទទួលបេក្ខជនហើយ ត្រឹមចំនួន១ ២១០នាក់
- ថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ៩:៥៩ នាទី យប់

កម្មវិធីប្រកួតសរសេរតាមអានថ្នាក់ជាតិលើកទី២ «សំណេរអង្គរ» បានបិទបញ្ចប់ទទួលបេក្ខជនហើយ ត្រឹមថ្ងៃទី៩ ខែធ្នូ។ ក្នុងនោះមានបេក្ខជនចុះឈ្មោះសរុប១ ២១០នាក់ ដែល៨១៥នាក់ជាបេក្ខជនអាយុ១៩ឆ្នាំឡើង និង៣៩៤នាក់ជាបេក្ខជនអាយុ១៨ឆ្នាំចុះ។

ក្នុងចំណោមបេក្ខជនសរុប១ ២១០នាក់ មានបេក្ខជនជាមនុស្សចាស់៥នាក់ ហើយចាស់ជាងគេ មានចំនួន១នាក់ អាយុ៨១ឆ្នាំ មកពីខេត្តបាត់ដំបង និងបេក្ខជនក្មេង៥នាក់ ដែលក្មេងជាងគេអាយុ៦ឆ្នាំ មានម្នាក់មកពីរាជធានីភ្នំពេញ។ នេះបើតាមរបាយការណ៍ពីគណៈកម្មការរៀបចំកម្មវិធីសំណេរអង្គរ។
លោក លឹម ប៊ុនហុក គណៈកម្មការរៀបចំកម្មវិធីសំណេរអង្គរ បញ្ជាក់ថា កម្មវិធីលើកទី២នេះ មានបេក្ខជនចាប់អារម្មណ៍ចូលរួមច្រើន ហើយគណៈកម្មការបានសម្រេចបិទបញ្ចប់ទទួលបេក្ខជនមុនពេលកំណត់ ត្រឹមថ្ងៃទី៩ ខែធ្នូ ក្នុងចំនួនបេក្ខជន១ ២១០នាក់។ លោក ប៊ុនហុក លើកឡើងថា៖ «មូលហេតុដែលទទួលត្រឹមតែ១ ២០០នាក់ ដោយសារនៅលើស្ពានហាលប្រាសាទអង្គរវត្ត អាចដាក់បានតែត្រឹម១ ២០០នាក់។ ម្យ៉ាងចំនួនកៅអីសម្រាប់បេក្ខជនមានតែ១ ២០០កៅអី និងពេលវេលាចំណាយលើការងារកំណែមានកម្រិត ដើម្បីអាចប្រកាសលទ្ធផលនៅពេលរសៀល»។
លោក ប៊ុនហុក យល់ថា តាមរយៈសកម្មភាពចុះឈ្មោះចូលរួមប្រកួតសំណេរអង្គរយ៉ាងច្រើននេះ បានក្លាយជាចលនាមហាជនមួយជួយលើកស្ទួយអក្សរសាស្រ្តខ្មែរ និងបង្កើនការប្រុងប្រយ័ត្នជៀសវាងបង្កកំហុសក្នុងពេលសរសេរអក្សរខ្មែរ។ ម្យ៉ាងទៀត វាក៏បង្ហាញពីឆន្ទៈស្រឡាញ់អក្សរសាស្រ្តខ្មែររបស់ពលរដ្ឋក្មេងចាស់ ដែលជាផ្នែកមួយជួយអភិរក្ស និងលើកតម្កើងអត្តសញ្ញាណជាតិ។
សូមបញ្ជាក់ថា កម្មវិធីប្រកួតសរសេរតាមអានថ្នាក់ជាតិលើកទី២ សំណេរអង្គរ នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត វេលាម៉ោង៧-៨ព្រឹក៕
អ្នកសរសេរអត្ថបទ
ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: