លោក បៃឌិន សម្រេចផ្ដល់ជំនួយយោធា៥៧៦លានដុល្លារទៀតឱ្យតៃវ៉ាន់
  • ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤ ​​ ម៉ោង ៣:១៩ នាទី រសៀល
លោក បៃឌិន សម្រេចផ្ដល់ជំនួយយោធា៥៧៦លានដុល្លារទៀតឱ្យតៃវ៉ាន់

ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានអនុម័តកញ្ចប់ថវិកាចំនួន៥៧១,៣ លានដុល្លារជាជំនួយការពារជាតិសម្រាប់កោះតៃវ៉ាន់ មួយខែមុនលោកចាកចេញពីតំណែង។ ចិនទំនងជាមិនសប្បាយទៀតហើយចំពោះចំណាត់ការនេះ។
TTN-Free-Banner-In-Article-PC

 
ទោះ​មិន​ទទួល​ស្គាល់​តៃវ៉ាន់​ជា​ផ្លូវការ​តាម​ការទូត​ អាម៉េរិក​ជា​សម្ព័ន្ធមិត្ត​យុទ្ធសាស្ត្រ​របស់​កោះ​ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯងមួយនេះ និង​ជា​អ្នក​ផ្គត់ផ្គង់​អាវុធ​ធំជាងគេផង។ អាម៉េរិក ក៏តែងផ្ដល់ជំនួយយោធាឥតស្រាកដែរ។
 
ចុងក្រោយនេះ ប្រធានាធិបតីចប់អាណត្តិ ចូ បៃឌិន បានអនុម័តថវិកា៥៧១,៣លានដុល្លារជាជំនួយការពារជាតិសម្រាប់កោះតៃវ៉ាន់ ស្របពេលដែលលោកកំពុងខិតជិតដល់ការចាកចេញពីសេតវិមាន។
 
នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយនៅថ្ងៃទី២០ ខែធ្នូ សេតវិមានបាននិយាយថា លោក បៃឌិន បានអនុញ្ញាតឱ្យរដ្ឋមន្រ្តីការពារជាតិដកលុយនេះពីកញ្ចប់ថវិការបស់ក្រសួងការពារជាតិដើម្បីផ្តល់ជំនួយដល់តៃវ៉ាន់។ សេចក្តីថ្លែងការណ៍នេះ មិនបានផ្តល់ព័ត៌មានលម្អិតនៃកញ្ចប់ជំនួយយោធា។ មិនដល់បីខែមុន អាម៉េរិក ក៏ទើបផ្ដល់កញ្ចប់៥៦៧លានលានដុល្លារឱ្យកោះនេះដែរ។
 
សូមបញ្ជាក់ថា ទំនាក់ទំនងរវាងអាម៉េរិក និងតៃវ៉ាន់ ធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារខ្លាំង ហើយបានចោទក្រុងវ៉ាស៊ីនតោនថាបានជ្រៀតជ្រែកក្នុងកិច្ចការរបស់ខ្លួន។ 
 
ជាការដាក់សម្ពាធ ចិន បញ្ជូនយន្តហោះ ឬនាវាចម្បាំងរបស់ខ្លួនទៅកៀកតៃវ៉ាន់ស្ទើរតែរាល់ថ្ងៃ។ ម្ដងជាពីរដង ទីក្រុងប៉េកាំងបាននិយាយថា ខ្លួននឹងមិនបោះបង់ការប្រើប្រាស់កម្លាំងដើម្បីយកតៃវ៉ាន់ដាក់ក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ ហើយថា ការបង្រួបបង្រួមជាជៀសមិនរួចថែមទៀត។
 
បើតាមរបាយការណ៍របស់មន្ទីរបញ្ចកោណដែលចេញផ្សាយនៅសប្តាហ៍នេះ ចិនបានបង្កើនសម្ពាធការទូត នយោបាយ និងយោធារបស់ខ្លួនប្រឆាំងនឹងកោះតៃវ៉ាន់ក្នុងឆ្នាំ២០២៣៕
 
 

អ្នកសរសេរអត្ថបទ

តន ចាន់រិទ្ធារ៉ា ចូលប្រឡូូកក្នុងវិស័យសារព័ត៌មានក្នុងឆ្នាំ២០១៥។ ធារ៉ា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រសិក្សាអន្តរជាតិពីវិទ្យាស្ថានភាសាបរទេសក្នុងឆ្នាំ២០១៦៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

តន ចាន់​រិ​ទ្ធា​រ៉ា