លោក ត្រាំ គំរាមយកព្រែកជីកប៉ាណាម៉ាមកគ្រប់គ្រងវិញ
- ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ១១:២៩ នាទី ព្រឹក

ប្រធានាធិបតីជាប់ឆ្នោតរបស់អាម៉េរិក ដូណាល់ ត្រាំ បានរិះគន់ចំពោះអ្វីដែលលោកហៅថា ការយកកម្រៃមិនយុត្តិធម៌សម្រាប់កប៉ាល់អាមេរិកដែលឆ្លងកាត់ព្រែកជីកប៉ាណាម៉ាភ្ជាប់ផ្លូវទឹករវាងមហាសមុទ្រអាត្លង់ទិកនិងប៉ាស៊ីហ្វិក។ ជាមួយការមិនពេញចិត្តនឹងឥទ្ធិពលនៅប៉ាណាម៉ាដែលអាចប៉ះពាល់ផលប្រយោជន៍អាម៉េរិក លោក ត្រាំ បានគំរាមទាមទារការគ្រប់គ្រងផ្លូវទឹកឡើងវិញថែមទៀត។

ព្រែកជីកប៉ាណាម៉ា ជាផ្លូវដឹកជញ្ជូនដ៏សំខាន់មួយដែលជួយសន្សំពេលវេលាធ្វើដំណើរវាងមហាសមុទ្រប៉ាស៊ីហ្វិក និងអាត្លង់ទិក។ ព្រែកជីកនេះ ត្រូវបានសាងសង់ដោយអាមេរិកក្នុងឆ្នាំ១៩១៤ ហើយប្រគល់ឱ្យប៉ាណាម៉ាគ្រប់គ្រងក្រោមកិច្ចព្រមព្រៀងឆ្នាំ១៩៧៧ ហើយប៉ាណាម៉ាបានគ្រប់គ្រងទាំងស្រុងនៅឆ្នាំ១៩៩៩។
យ៉ាងណាមិញ ប្រធានាធិបតីជិតចូលកាន់តំណែង ដូណាល់ ត្រាំ មិនសប្បាយចិត្តនឹងប្រតិបត្តិការរបស់ប៉ាណាម៉ាឡើយ ពិសេសរឿងតម្លៃធ្វើដំណើរឆ្លងកាត់។ លោកសរសេរនៅក្នុងបណ្ដាញសង្គម Truth Social ថា កងទ័ពជើងទឹក និងកប៉ាល់ពាណិជ្ជកម្មរបស់អាម៉េរិក ត្រូវបានប្រព្រឹត្តដោយអយុត្តិធម៌ និងអយុត្តិធម៌បំផុត។
«ការគៃបន្លំបែបនេះ នឹងត្រូវបញ្ឈប់ភ្លាមៗ»។ លោក ត្រាំ បន្តបែបនេះ។ ដោយនិយាយចំឈ្មោះចិន លោក ត្រាំ បញ្ជាក់ទៀតថា ព្រែកជីកនេះសម្រាប់តែប៉ាណាម៉ាប៉ុណ្ណោះ មិនមែនចិន ឬអ្នកផ្សេងណាមួយឡើយ។
ប្រធានាធិបតីជាប់ឆ្នោតមានអតីតភាពជាអ្នកជំនួញរូបនេះ គំរាមទៀតថា ប្រសិនបើប៉ាណាម៉ាមិនអាចធានាបាននូវប្រតិបត្តិការប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងអាចទុកចិត្តបានទេ អាម៉េរិកនឹងទាមទារឱ្យព្រែកជីកមកស្ថិតក្រោមការគ្រប់គ្រងរបស់អាម៉េរិកមិនខាន។ អាជ្ញាធរប៉ាណាម៉ា មិនទាន
ឆ្លើយតបចំពោះការគំរាមរបស់លោក ត្រាំ ឡើយ។
ទោះបីមិនទាន់ចូលកាន់តំណែងជាផ្លូវការរហូតដល់ខែក្រោយក៏ដោយ លោក ត្រាំ តែងប្រកាសគោលនយោបាយផ្សេងៗក្នុងន័យគំរាមផង ដើម្បីបង្ហាញថា លោកជាមេដឹកនាំប្រយុទ្ធដើម្បីផលប្រយោជន៍របស់អាម៉េរិក។
សូមបញ្ជាក់ថា ប្រមាណ៥ភាគរយនៃចរាចរណ៍ផ្លូវសមុទ្រពិភពលោក ឆ្លងកាត់ព្រែកជីកប៉ាណាម៉ា ដែលអនុញ្ញាតឱ្យកប៉ាល់ដឹកជញ្ជូនធ្វើដំណើររវាងអាស៊ី និងឆ្នេរខាងកើតអាម៉េរិក ដោយជៀសវាងផ្លូវដ៏វែងឆ្ងាយ និងគ្រោះថ្នាក់នៅជុំវិញចុងភាគខាងត្បូងនៃទ្វីបអាមេរិកខាងត្បូង។ អ្នកប្រើប្រាស់សំខាន់នៃផ្លូវនេះមានអាម៉េរិក ចិន ជប៉ុន និងកូរ៉េខាងត្បូង។ អាជ្ញាធរប៉ាណាម៉ាបានរាយការណ៍កាលពីខែតុលាថា ផ្លូវទឹកនេះទទួលបានប្រាក់ចំណូលជិត៥ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធចុងក្រោយខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: