សាស្រ្តាចារ្យសិល្បៈជាច្រើននាក់ រួមគ្នាចងក្រងសៀវភៅក្បាច់មូលដ្ឋានគ្រឹះរបាំព្រះរាជទ្រព្យ
- ថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ៨:៥៩ នាទី ព្រឹក

ភ្នំពេញ៖ សាស្រ្តាចារ្យជាច្រើននាក់នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានរួមគ្នាចងក្រងសៀវភៅក្បាច់មូលដ្ឋានគ្រឹះសំខាន់ៗចំនួន៤ក្បាច់នៃរបាំព្រះរាជទ្រព្យ ដើម្បីធ្វើជាឯកសារគោល និងបន្សល់ទុកជាមរតកសម្រាប់យុវជនជំនាន់ក្រោយសិក្សា និងស្វែងយល់បន្ថែម។

សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖
ក្បាច់មូលដ្ឋានគ្រឹះចំនួន៤ក្បាច់នេះ ត្រូវបានចងក្រងជាសៀវភៅចំនួន៤ក្បាលផ្សេងៗពីគ្នា ដែលក្នុងនោះមានសៀវភៅក្បាច់មូលដ្ឋានគ្រឹះ ឬក្បាច់បាតខ្លីរបាំព្រះរាជទ្រព្យតួនាង,តួនាយរោង,តួយក្ស និងតួស្វា។ តួអង្គទាំង៤នេះ ជាតួអង្គសំខាន់នៃការសម្ដែងរបាំព្រះរាជទ្រព្យ។

ការចងក្រងសៀវភៅក្បាច់មូលដ្ឋានគ្រឹះ ជាផ្នែកមួយដ៏សំខាន់ក្នុងការរក្សាក្បាច់របាំបុរាណរបស់ខ្មែរ ពិសេសការរក្សាទម្រង់មូលដ្ឋានគ្រឹះតែមួយ។ ការចងក្រងសៀវភៅឯកសារក្បាច់មូលដ្ឋានគ្រឹះរបាំព្រះរាជទ្រព្យនេះ ធ្វើឡើងរយៈពេល៤ឆ្នាំតាំងពីសម័យកូវីដ-១៩ ដែលមានសាស្រ្តាចារ្យជំនាញជាច្រើននាក់ចូលរួមចងក្រង និងទទួលបានការគាំទ្រពីសហភាពសហព័ន្ធយុវជនកម្ពុជា។

លោក ព្រឿង ឈៀង សាស្រ្តាចារ្យសិល្បៈ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបញ្ជាក់ថា នេះជាសៀវភៅដំបូង ដែលក្រុមសាស្រ្តាចារ្យជំនាញផ្នែកសិល្បៈរបាំរួមគ្នាចងក្រងឡើង ដើម្បីធ្វើជាឯកសារបង្រៀន និងអាចជាឯកសារគោលដ៏សំខាន់សម្រាប់អ្នកជំនាន់ក្រោយផងដែរ។ ក្រៅពីចងក្រងជាសៀវភៅ ក៏មានវីដេអូឯកសារសម្រាប់បង្ហាញពីក្បាច់របាំនីមួយៗផងដែរ។

«របាំ ឬក៏ស្នាដៃខ្លះលោកគ្រូអ្នកគ្រូគាត់ចែកឋានទៅគឺបាត់ទៅតាមគាត់។ អ៊ីចឹងបើយើងគ្មានសៀវភៅជាមូលដ្ឋាន ឬក៏ជាវីដេអូទេ ស្នាដៃយើង ដែលដូនតាបន្សល់ទុកមក យើងច្រើនតែបាត់មួយចំនួន។ ដូចឥឡូវនេះរបាំព្រះរាជទ្រព្យនេះក្នុងសាច់រឿង ឬក៏របាំបាត់មួយចំនួនសល់តែឈ្មោះ ។ នេះហើយដែលជាការភ័យព្រួយបារម្ភ»។ នេះជាការលើកឡើងរបស់លោកសាស្រ្តាចារ្យ ព្រឿង ឈៀង ក្នុងពិធីជូនស្នាដៃដល់អ្នកចងក្រងសៀវភៅក្បាច់មូលដ្ឋានគ្រឹះឬក្បាច់បាតខ្លីរបាំព្រះរាជទ្រព្យ នៅសាលាភូមិន្ទវិចិត្រសិល្បៈ កាលពីថ្ងៃទី២០ ខែធ្នូកន្លងទៅ។

ជាជំហានបន្ទាប់ ក្រុមសាស្រ្តាចារ្យជំនាញផ្នែករបាំ សិល្បៈបុរាណនឹងបន្តចងក្រង និងធ្វើជាវីដេអូ ទុកជាឯកសារឱ្យបានកាន់តែច្រើន។ យ៉ាងណាលោកសាស្រ្តាចារ្យ ក៏បន្តស្នើសុំការគាំទ្រពីសប្បុរសជន និងភាគីពាក់ព័ន្ធ ក្រសួងជំនាញ ពិសេស ស.ស.យ.ក. ឱ្យបន្តគាំទ្រលើកិច្ចការនេះផងដែរ៕
អ្នកសរសេរអត្ថបទ
ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: