ពោងបណ្ដែត«បងសង្ហា»តួអង្គអង្គរសង្រ្កាន្ត ទទួលបានការចាប់អារម្មណ៍ច្រើននាព្រឹត្តិការណ៍សាទរកម្ពុជា
- ថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ៥:២៩ នាទី ល្ងាច

ភ្នំពេញ៖ «បងសង្ហា» តុក្កតាតួអង្គអង្គរសង្រ្កាន្ត ក៏មានវត្តមានក្នុងក្បួនដង្ហែព្រឹត្តិការណ៍សាទរកម្ពុជា ជាមួយពោងបណ្ដែតតួអង្គផ្សេងទៀតផងដែរ។ ពោងបណ្ដែត បងសង្ហា មានកម្ពស់៦ម៉ែត្រកន្លះ បណ្ដោយប្រវែង៧ម៉ែត្រ និងទទឹង៦ម៉ែត្រ ទទួលបានការចាប់អារម្មណ៍ច្រើនពីសាធារណៈជន ដែលបានចូលរួមទស្សនាការហាត់សមដង្ហែក្បួនសាទរកម្ពុជាកន្លងមក។

ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖
ពោងបណ្ដែត «បងសង្ហា» នឹងត្រូវបង្ហោះឡើងផុតពីដីកម្ពស់៣ម៉ែត្រ ដោយមានមនុស្សចូលរួមកាន់ខ្សែទប់ចំនួន២០នាក់ អំឡុងពេលដង្ហែក្បួន។ «ចំពោះកម្ពស់នេះ យើងដាក់ត្រឹមហ្នឹងដើម្បីសុវត្ថិភាពរបស់អ្នកកាន់ខ្សែពោងបណ្ដែត។ ទី២ បើសិនជាខ្ពស់ពេកហើយមានខ្យល់ខ្លាំងអាចប៉ះពាល់ដល់អ្នកចូលរួម និងយុវជនស្ម័គ្រចិត្តផ្សេងទៀត»។ នេះជាការលើកឡើងរបស់លោក វីរៈ វឌ្ឍនៈ អ្នកសម្របសម្រួលក្បួនពោងយក្សក្នុងព្រឹត្តិការណ៍សាទរកម្ពុជា ដែលបន្តថា ដោយសារបងសង្ហាមានទំហំធំ ដូច្នេះពេលបញ្ចូលខ្យល់ក្រុមការងារត្រូវប្រុងប្រយ័ត្ន និងត្រូវចំណាយពេលជាង១ម៉ោងដើម្បីបញ្ចូលខ្យល់។
យ៉ាងណាតាមរយៈការបណ្ដែតសាកល្បងនាពេលហាត់សមក្បួនដង្ហែ បងសង្ហា មានមិនបញ្ហាអ្វីឡើយ ទាំងយុវជនចូលរួមក្នុងក្បួនកាន់ខ្សែពោងក៏បានត្រៀមខ្លួនរួចរាល់សម្រាប់ព្រឹត្តិការណ៍សាទរកម្ពុជាផងដែរ។ មួយវិញទៀត ពោងបណ្ដែតបងសង្ហា ក៏ទទួលបានការចាប់អារម្មណ៍ច្រើនពីសាធារណជន ដែលបានចូលរួមក្នុងពេលហាត់សមដង្ហែក្បួនផងដែរ។
លោក វីរៈ វឌ្ឍនៈ អះអាងថា ក្រៅពីបងសង្ហា ក៏មានពោងបណ្ដែតតួអង្គផ្សេងទៀត បណ្ដែតខ្លួនបង្ហាញជាទស្សនីយភាពប្លែកនាក្បួនដង្ហែសាទរកម្ពុជា ដែលនឹងធ្វើឡើងនៅថ្ងៃទី៣១ ខែធ្នូនេះ៕



អ្នកសរសេរអត្ថបទ
ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: