សហគមស្វាយចន្ទី ឱ្យកសិករត្រៀមការពារសត្វល្អិត និងជំងឺ នៅរដូវប្រាំងដែលអាចមានធ្លាក់ភ្លៀងច្រើន
- ថ្ងៃព្រហស្បតិ៍ ទី២ ខែមករា ឆ្នាំ២០២៥ ម៉ោង ៦:៥៩ នាទី ល្ងាច

សមាគមស្វាយចន្ទីកម្ពុជា បានអំពាវនាវឱ្យកសិករត្រៀមការពារពពួកសត្វល្អិតចង្រៃ និងជំងឺ នារដូវប្រាំងឆ្នាំ២០២៥។ ការក្រើនរំឭកបែបនេះ ធ្វើឡើងបន្ទាប់ពី ក្រសួងធនធានទឹក និងឧតុនិយម ព្យាករថា ភ្លៀងនឹងបន្តអូសបន្លាយដល់រដូវប្រាំងខាងមុខ ដែលអាចបង្កើតសត្វល្អិតចង្រៃ និងជំងឺផ្សេងៗ ប៉ះពាល់ដល់ទិន្នផលដំណាំស្វាយចន្ទី។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ សមាគស្វាយចន្ទីកម្ពុជា នៅថ្ងៃទី១ ខែមករា បរិមាណទឹកភ្លៀង នៅក្នុងរដូវប្រាំងឆ្នាំនេះ អាចមានច្រើនជាងបណ្ដាឆ្នាំមុនៗ។ ការណ៍នេះ អាចបង្កើតឱ្យមានសត្វល្អិតច្រៃលឿន ដ្បិតសំណើមខ្ពស់ សត្វល្អិតញាស់លឿន ជាពិសេស ពពួកមូសតែ, ទ្រីប, ដង្កូវបំផ្លាញផ្កា និងក្តឹប, ដង្កូវចោះផ្កា, ដង្កូវរុំផ្កា, ដង្កូវកាត់ផ្កា, ដង្កូវកកេរក្តឹប និងដង្កូវចោះផ្លែ ជាដើម។ មិនត្រឹមតែប៉ុណ្ណឹងទេ ទឹកភ្លៀង ក៏ធ្វើឱ្យកើតឡើងនូវប្រភេទជំងឺជាច្រើន ដូចជា ជំងឺកើតឡើងច្រើនលើផ្កា ក្តឹប និងគ្រាប់, អង់ត្រាក់ណូសលើទង ផ្កា ក្តឹបតូចៗ និងផ្លែ, រលាកកញ្ចុំផ្កា និងជំងឺស្រេស្ត ដែលនាំឲ្យរោយផ្កា ជ្រុះក្លឹប ផងដែរ។
បញ្ហាជំងឺ និងសត្វល្អិតនេះ អាចធ្វើឱ្យទិន្នផលស្វាយចន្ទីធ្លាក់ចុះពី ១០ទៅ៣០ភាគរយ ប្រសិនបើគ្មានវិធានការការពារ ឬទប់ស្កាត់ទាន់ពេលវេលា។ នេះបើតាមសមាគមស្វាយចន្ទី ដោយណែនាំឱ្យកសិករ ត្រួតពិនិត្យចម្ការឱ្យបានជាប់ជាប្រចាំ។ ក្នុងករណី រកឃើញសត្វល្អិត និងជំងឺ ត្រូវកម្ចាត់ និងព្យាបាលឱ្យទាន់ពេលវេលា ឬជ្រើសរើសការប្រឹក្សាយោបល់ជាមួយអ្នកជំនាញកសិកម្ម។ សមាគមស្វាយចន្ទីកម្ពុជា លើកទឹកចិត្តដល់កសិករអនុវត្តវិធានការសរីរាង្គដែលជាជម្រើសដ៏ល្អ ដើម្បីទប់ទល់ការប្រែប្រួលអាកាសធាតុ។
បើតាមការព្យាកររបស់ ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បរិមាណទឹកភ្លៀងក្នុងរដូវប្រាំងឆ្នាំ២០២៥ មានកម្រិតប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំ។ ប៉ុន្តែ ភ្លៀងកក់ខែ មានកម្រិតពីមធ្យមទៅច្រើន និងច្រើនជាងឆ្នាំ២០២៤។ ចំពោះ រដូវវស្សា អាចនឹងចាប់ផ្ដើមនៅក្នុងសប្ដាហ៍ទី១ ឬសប្ដាហ៍ទី២ នៅខែឧសភា ដែលលឿនជាងឆ្នាំ២០២៤។ បរិមាណទឹកភ្លៀងក្នុងរដូវវស្សា មានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។
បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីសរុប ៥៨០ ១១៧ ហិកតា និងអាចមានសក្ដានុពលផលិតកម្មប្រមាណ ៨១៦ ៤៥៩ តោនក្នុងមួយឆ្នាំ។ នៅក្នុងឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបាន៨៥ម៉ឺនតោន កើនឡើង២៦ភាគរយ ក្នុងនោះ នាំចេញទៅក្រៅប្រទេស ៨១៥ ០០០តោន ដែលគិតជាទឹកប្រាក់ ១ ១៥០ លានដុល្លារ កើនឡើង ៣១ភាគរយ ធៀបនឹងឆ្នាំ២០២៣។ វៀតណាម ជាប្រទេសបញ្ជាទិញគ្រាប់ស្វាយចន្ទីពីកម្ពុជាច្រើនគេរហូតដល់ ៧៩៣ ៤៥៣តោន ឬជាង ៩៧ភាគរយ នៃទំហំនាំចេញសរុប៕
អ្នកសរសេរអត្ថបទ
ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: