អ្នកគាំទ្រវៀតណាមរាប់លាននាក់ ចេញអបអរក្រុមតាមដងផ្លូវទាំងយប់ ក្រោយឈ្នះ AFF Cup
  • ថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ២០២៥ ​​ ម៉ោង ១០:៥៩ នាទី ព្រឹក
អ្នកគាំទ្រវៀតណាមរាប់លាននាក់ ចេញអបអរក្រុមតាមដងផ្លូវទាំងយប់ ក្រោយឈ្នះ AFF Cup

វៀតណាម ក្លាយជាជើងឯក AFF Cup ឆ្នាំ ២០២៤ ក្រោយឈ្នះថៃ ៣-២ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ជើងទី២ នៅកីឡដ្ឋាន Rajamangala នៅថ្ងៃទី៥ ខែមករា។ សរុបលទ្ធផលទាំងពីរជើង វៀតណាម ឈ្នះថៃ ៥-៣។ កីឡាករចូលសញ្ជាតិវៀតណាម Nguyen Xuan Son (Rafaelson) ក្លាយជាម្ចាស់ស្បែកជើងមាស ក្រោយរកបាន៧គ្រាប់ច្រើនជាងគេ។ អ្នកគាំទ្រវៀតណាម រាប់លាននាក់នៅទូទាំងប្រទេសចេញអបអរក្រុមទាំងយប់ នៅតាមដងផ្លូវ។
TTN-Free-Banner-In-Article-PC


ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ជិត៥ម៉ឺននាក់នៅកីឡដ្ឋាន Rajamangala ខ្សែប្រយុទ្ធ​ Phạm Tuan Ha រកបានគ្រាប់នាំមុខឱ្យភ្ញៀវវៀតណាម នៅ៨នាទីដំបូងនៃវគ្គទី១ មុនពេល Benjamin James Davis រកបានគ្រាប់តាមស្មើឱ្យថៃវិញនៅនាទី២៨។ ដំណើរការប្រកួតបាន៣០នាទី Nguyen Xuan Son រងបញ្ហារបួសបាក់ស្មងជើង ដោយការភ្លាតស្នៀតខ្លួនឯង និងត្រូវប្តូរចញ។
 
ចូលដល់វគ្គទី២ Supachok Sarachat ស៊ុតពីចម្ងាយយ៉ាងល្អ ដើម្បីជួយម្ចាស់ផ្ទះនាំមុខ ២-១ វិញ នៅនាទី៦៤។ នៅនាទី៧៣ ខ្សែបម្រើ Weerathep របស់ថៃ ទទួលបានកាតឡើងទី២ ស្មើកាតក្រហម ដែលធ្វើឱ្យក្រុមភ្ញៀវវៀតណាមបើកការវាយសម្រុក និងជាក្រុមមានប្រៀប។
  


នៅនាទី៨២ ម្ចាស់គ្រាប់បាល់ដំបូងរបស់វៀតណាម Phạm Tuan Ha ទាត់ទៅប៉ះខ្សែការពារ Pansa ធ្វើឱ្យបាល់ចូលទីខ្លួនឯងរបស់ក្រុមថៃ និងជាគ្រាប់បាល់តាមស្មើ ២-២។ Nguyen Hai Long បន្ថែមគ្រាប់ទី៣ ឱ្យវៀតណាមនៅនាទី៩០+២០។ ចប់ការប្រកួតជើងទី២ វគ្គផ្តាច់ព្រ័ត្រ វៀតណាម ឈ្នះថៃ ៣-២។ ដោយជើងទី១ ក្រុមលោក Kim Sang-sik ឈ្នះ ២-១ សរុបឈ្នះ ៥-៣ និងក្លាយជាជើងឯកពានរង្វាន់តំបន់អាស៊ានឆ្នាំ ២០២៤។ វៀតណាម កើនចំនួនជ័យលាភីជាលើកទី៣ និងស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ជាក្រុមឈ្នះពានអាស៊ាននេះច្រើនជាងគេ បន្ទាប់ពីសិង្ហបុរិ ៤លើក និងថៃច្រើនដាច់គេ ៧លើក។
 
បន្ទាប់ពីវៀតណាមបានឈ្នះពាន AFF Cup ជាលើកទី៣ អ្នកគាំទ្ររាប់លាននាក់ទាំងស្រី ប្រុស ទូទាំងប្រទេសវៀតណាម បាននាំគ្នាដង្ហែរតាមដងផ្លូវទាំងយប់តែម្តង ដោយអ្នកខ្លះកាន់ទង់ជាតិ ឆ្នាំង និងស្គរសម្រាប់ការអបអរសាទរ។
  


អ្នកគាំទ្រវៀតណាម ភាគច្រើនដែលចេញអបអរក្រុមមាននៅក្រុងហាណូយ ក្រុងហូជីមិញ ក្រុង Bien Hoa ខេត្តឡុងអាន និងខេត្ត Dong Thap។
 
កីឡាករសញ្ជាតិដើមប្រេស៊ីល Rafaelson ដែលរួមចំណែកយ៉ាងសំខាន់ដើម្បីជួយវៀតណាម ឈ្នះជើងឯកជាលើកទី៣ ក្លាយជាម្ចាស់ស្បែកជើងមាសប្រចាំព្រឹត្តិការណ៍ ដោយរកបាន៧គ្រាប់ច្រើនជាងគេ នាំមុខកីឡាករសិង្ហបុរី Shawal Anuar រកបាន៤គ្រាប់ និងកីឡាករថៃពីររូបរួមមាន Suphanat Mueanta និង Patrik Gustavsson សម្រេចបាន៣គ្រាប់ម្នាក់។ Rafaelson ក៏ជាប់ជាកីឡាករមានតម្លៃបំផុត (MVP) ប្រចាំព្រឹត្តិការណ៍ AFF Cup 2024 ផងដែរ៕
 


អ្នកសរសេរអត្ថបទ

មុំ ពិទូរ្យ ការីនិពន្ធព័ត៌មាន​កីឡា​។​ ​ ​​​

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

មុំ ពិទូរ្យ