ហេតុអ្វីប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ចង់ទិញកោះហ្រ្គោអង់ឡង់ ?
- ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥ ម៉ោង ៩:២៩ នាទី ព្រឹក

ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ ។ រូបភាព ៖ ហ្វេសប៊ុក ៖ Donald J
ហ្រ្គោអង់ឡង់ (Greenland) ស្ថិតនៅក្នុងទីតាំងសំខាន់មួយដែលមានធនធានរ៉ែសម្បូរបែប និងសក្តានុពលសេដ្ឋកិច្ចនៅពេលដែលទឹកកករលាយ។ ដូច្នេះ ថាតើមានហេតុផលពិសេសអ្វីជាងនេះទៀត ដែលប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ចង់ទិញកោះនេះ ?

កាលពីថ្ងៃទី៧ ខែមករា លោក Donald Trump Jr. បានឈានជើងទៅដល់ហ្រ្គោអង់ឡង់ ។ នេះជាកោះអាកទិកដែលឪពុករបស់លោកគឺប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក ដូណាល់ ត្រាំ បង្ហាញពីបំណងចង់ទិញកោះនេះ បើទោះបីជាមានប្រតិកម្មខ្លាំងក្លាពីប្រមុខដឹកនាំហ្រ្គោអង់ឡង់ក៏ដោយ។
លោក Trump Jr. បានពណ៌នាការធ្វើដំណើរនេះថាពិតជាសប្បាយរីករាយខ្លាំង។ កូនប្រុសរបស់ប្រធានាធិបតីជាប់ឆ្នោតរបស់អាម៉េរិករូបនេះបានចែករំលែកថា ៖«ក្នុងនាមជាមនុស្សម្នាក់ដែលចូលចិត្តសកម្មភាពក្រៅផ្ទះ ខ្ញុំពិតជារំភើបណាស់ដែលបានទៅលេងហ្រ្គោអង់ឡង់ក្នុងសប្តាហ៍នេះ»។
យ៉ាងណាមិញ យោងតាមទូរទស្សន៍អាម៉េរិក CNN ការធ្វើដំណើររបស់លោក Trump Jr. បានបង្ហាញពីការរំពឹងទុកអំពីផែនការពិតប្រាកដរបស់លោក ត្រាំ ក្នុងការទិញកោះនេះ។
កាលពីខែធ្នូ ឆ្នាំ២០២៤ លោក ត្រាំ បានគាស់កកាយឡើងវិញអំពីកម្មសិទ្ធិរបស់អាម៉េរិកលើហ្រ្គោអង់ឡង់ចាប់ពីអាណត្តិដំបូងរបស់លោកជាប្រធានាធិបតី។ អំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៧ ខែមករា នៅពេលសួរអំពីផែនការជាមួយ ប៉ាណាម៉ា និង ហ្រ្គោអង់ឡង់លោកមិនបានបដិសេធលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធា ឬសម្ពាធសេដ្ឋកិច្ចដើម្បីគ្រប់គ្រងព្រែកជីកប៉ាណាម៉ា និង ហ្រ្គោអង់ឡង់នោះទេ។
លោក ត្រាំ បានបញ្ជាក់ថា ៖« ខ្ញុំមិនអាចធានាអ្វីទាំងអស់អំពីកន្លែងទាំងពីរនោះ ប៉ុន្តែខ្ញុំអាចនិយាយបានថា យើងត្រូវការដីទាំងពីរនោះសម្រាប់សន្តិសុខសេដ្ឋកិច្ច»។
ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិករូបនេះជឿជាក់ថា ការកាន់កាប់ហ្រ្គោអង់ឡង់មានសារៈសំខាន់ចំពោះសន្តិសុខអាម៉េរិក ប៉ុន្តែអ្នកជំនាញមើលឃើញលើសពីនេះ ថាលោក ត្រាំ ប្រហែលជាកំពុងសម្លឹងមើលទិដ្ឋភាពជាច្រើនទៀតនៃកោះនេះ ដូចជាធនធានធម្មជាតិជាដើម។
ទីតាំងភូមិសាស្ត្រនយោបាយ
ហ្រ្គោអង់ឡង់ គឺជាកោះធំជាងគេបំផុតរបស់ពិភពលោក និងមានប្រជាជនជាង ៥៦ ០០០នាក់។ កាលពីមុន កោះនេះជាផ្នែកមួយរបស់ដាណឺម៉ាក ហើយបច្ចុប្បន្នជាដែនដីដាណឺម៉ាកស្វយ័ត។ហ្រ្គោអង់ឡង់ ជាទីតាំងភូមិសាស្ត្រនយោបាយតែមួយគត់ដែលនៅចន្លោះអាម៉េរិក និងអឺរ៉ុប។ រដ្ឋធានីនូករបស់កោះនេះ គឺនៅជិតទីក្រុងញូវយ៉ក ជាងរដ្ឋធានីកូប៉ិនហាករបស់ដាណឺម៉ាក។
លោក Ulrik Pram Gad អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានសិក្សាអន្តរជាតិដាណឺម៉ាកបានលើកឡើងថា តាំងពីយូរយារណាស់មកហើយហ្រ្គោអង់ឡង់ត្រូវបានចាត់ទុកថាជាគន្លឹះនៃសន្តិសុខរបស់អាម៉េរិក។ មិនត្រឹមតែផ្លូវដឹកជញ្ជូន Northwest Passage ប៉ុណ្ណោះទេ កោះនេះក៏ស្ថិតនៅក្នុងប្រព័ន្ធផ្លូវ ហ្គ្រោអង់ឡង់ - អ៊ីស្លង់ - អង់គ្លេស ដែលជាតំបន់សមុទ្រយុទ្ធសាស្ត្រផងដែរ។
លោក ត្រាំ មិនមែនជាប្រធានាធិបតីអាម៉េរិកដំបូងគេដែលស្នើគំនិតទិញយកកោះហ្គ្រោអង់ឡង់នោះទេ។ នៅឆ្នាំ ១៨៦៧ នៅពេលទិញ អាឡាស្កា លោកប្រធានាធិបតី អាន់ឌ្រូ ចនសុន ក៏បានពិចារណាទិញហ្គ្រោអង់ឡង់ដែរ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយដាណឺម៉ាក នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២ រដ្ឋបាលលោក ហារី ទ្រូម៉ាន់ បានផ្តល់ប្រាក់ចំនួន ១០០លានដុល្លារដល់ដាណឺម៉ាកសម្រាប់ទិញកោះនេះ។
ទោះបីជាមិនមានការផ្តល់ជូនណាមួយក៏ដោយ ក្រោមសន្ធិសញ្ញាការពារជាតិឆ្នាំ ១៩៥១ អាម៉េរិកមានមូលដ្ឋានអវកាស Pituffik នៅភាគពាយព្យនៃហ្គ្រោអង់ឡង់ ។ ស្ថិតនៅចន្លោះទីក្រុងមូស្គូ និងទីក្រុងញូវយ៉ក នេះគឺជាទីតាំងភាគខាងជើងបំផុតនៃកងកម្លាំងប្រដាប់អាវុធអាម៉េរិក ហើយត្រូវបានបំពាក់ដោយប្រព័ន្ធព្រមានមីស៊ីល។
ទីក្រុងវ៉ាស៊ីនតោនធានាថា ៖«គ្មានអំណាចគូប្រជែងគ្រប់គ្រងហ្គ្រោអង់ឡង់ឡើយ ពីព្រោះកន្លែងនេះអាចជាច្រកសម្រាប់វាយប្រហារអាម៉េរិក» ។
បន្ថែមពីនេះ អាម៉េរិកក៏បារម្ភពីការវាយប្រហារណាមួយតាមផ្លូវអាកាស ជាពិសេសពីរុស្ស៊ី។ លោក Marc Jacobsen សាស្ត្រាចារ្យរងនៅមហាវិទ្យាល័យការពារជាតិដាណឺម៉ាកបាននិយាយថា ៖« ប្រសិនបើរុស្ស៊ីត្រូវបញ្ជូនមីស៊ីលទៅកាន់អាម៉េរិក ផ្លូវខ្លីបំផុតសម្រាប់អាវុធនុយក្លេអ៊ែរនឹងឆ្លងកាត់ប៉ូលខាងជើង និងហ្គ្រោអង់ឡង់»។
នោះហើយជាមូលហេតុដែលមូលដ្ឋានអវកាស Pituffik មានសារៈប្រយោជន៍យ៉ាងធំធេងក្នុងការការពារអាម៉េរិក។
ចិន និងរុស្ស៊ី បានចាប់ផ្តើមកសាងសមត្ថភាពយោធានៅតំបន់អាកទិក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមកាសែតរបស់វិទ្យាស្ថានអាកទិក។ កាសែតនេះបានអំពាវនាវឱ្យអាមេរិកអភិវឌ្ឍវត្តមានរបស់ខ្លួននៅក្នុងតំបន់អាក់ទិកបន្ថែមទៀត ដើម្បីទប់ទល់នឹងគូប្រជែងរបស់ខ្លួន។
កាលពីថ្ងៃទី៨ ខែមករា រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Lars Lokke Rasmussen បាននិយាយថា ដាណឺម៉ាកបើកចំហសម្រាប់ការពិភាក្សាជាមួយអាមេរិក ដោយបន្ថែមថាទី ក្រុងវ៉ាស៊ីនតោនមានផលប្រយោជន៍ស្របច្បាប់នៅក្នុងតំបន់។
ទន្ទឹមនេះ លោក Rasmussen ក៏ឃើញមានវត្តមានរុស្ស៊ី និងចិនកំពុងបង្ហាញបំណងចង់អភិវឌ្ឍតំបន់នេះដែរ។

លំនៅឋានលើកោះហ្គ្រោអង់ឡង់ ។ រូបភាព ៖ AFP
សម្បូរទៅដោយសារធាតុរ៉ែដ៏កម្រ
ធម្មជាតិដ៏សម្បូរបែបរបស់ហ្គ្រោអង់ឡង់អាចជាអ្វីដែលទាក់ទាញលោក ត្រាំ កាន់តែខ្លាំង។ លោក Klaus Dodds សាស្ត្រាចារ្យភូមិសាស្ត្រនយោបាយនៅ Royal Holloway សាកលវិទ្យាល័យ London បានថ្លែងថា ទាំងនេះរួមមានប្រេង និងឧស្ម័ន ឬលោហៈធាតុកម្រដែលប្រើក្នុងរថយន្តអគ្គិសនី និងតួប៊ីនខ្យល់សម្រាប់ការផ្លាស់ប្តូរពណ៌បៃតង ក៏ដូចជាសម្រាប់ការផលិតឧបករណ៍យោធា។
បច្ចុប្បន្ន ចិនគ្របដណ្តប់លើផលិតកម្មកម្រពិភពលោក ហើយបានគម្រាមដាក់កម្រិតលើការនាំចេញសារធាតុរ៉ែសំខាន់ៗ និងបច្ចេកវិទ្យាពាក់ព័ន្ធ មុនពេលអាណត្តិទីពីររបស់លោក ត្រាំ ឡើងកាន់អំណាច។
លោក Dodds បានបញ្ជាក់ថា ត្រាំ និងទីប្រឹក្សារបស់លោកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការច្របាច់ករបស់ចិន ដោយបន្ថែមថា ហ្គ្រោអង់ឡង់ផ្តល់នូវសក្តានុពលរ៉ែដ៏សំបូរបែប។
ឱកាសនៅពេលទឹកកករលាយ
ទឹកកករលាយ និងការកើនឡើងយ៉ាងឆាប់រហ័សនៃសីតុណ្ហភាពនៅតំបន់អាក់ទិក ធ្វើឱ្យហ្គ្រោអង់ឡង់ងាយរងគ្រោះទៅនឹងការប្រែប្រួលអាកាសធាតុ។ យ៉ាងណាក៏ដោយ មនុស្សមួយចំនួនយល់ឃើញថា នេះជាឱកាសសេដ្ឋកិច្ច។ ទឹកកករលាយនឹងបើកផ្លូវដឹកជញ្ជូន។ យោងតាមក្រុមប្រឹក្សាតំបន់អាក់ទិក ការដឹកជញ្ជូនទំនិញឆ្លងកាត់តំបន់អាក់ទិកបានកើនឡើង ៣៧ភាគរយក្នុងទសវត្សរ៍ដល់ឆ្នាំ២០២៤ ដែលមួយផ្នែកដោយសារតែការរលាយទឹកកក។
លោក Dodds សង្កត់ធ្ងន់ថា ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកយល់ថា តំបន់អាក់ទិកកំពុងរលាយ និងចាប់យកឱកាសសក្តានុពល។ ប៉ុន្តែអ្នកជំនាញក៏បានព្រមានដែរថា តាមពិតលក្ខខណ្ឌនៅតាមបណ្តោយផ្លូវទាំងនេះនៅតែមានគ្រោះថ្នាក់ខ្លាំង ហើយការរលាយទឹកកកធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ទៅៗ។
ក៏មានមតិមួយចំនួនថា ការរលាយទឹកកកធ្វើឱ្យការចូលទៅប្រើប្រាស់ធនធានធម្មជាតិកាន់តែងាយស្រួល។ ប៉ុន្តែលោក Phillip Steinberg ដែលជាសាស្ត្រាចារ្យភូមិសាស្ត្រនៅសាកលវិទ្យាល័យ Durham បានបដិសេធចំពោះរឿងនេះ ដោយសង្កត់ធ្ងន់ថាការប្រែប្រួលអាកាសធាតុធ្វើឱ្យធនធាននៅក្នុង Greenland មានតម្លៃជាង ជំនួសឱ្យការចូលប្រើប្រាស់បានកាន់តែច្រើន។
តើជាឱកាសអ្វីខ្លះសម្រាប់លោក ត្រាំ ?
ដាណឺម៉ាក និងហ្គ្រោអង់ឡង់ទាំងពីរ បានប្រឆាំងយ៉ាងខ្លាំងចំពោះគំនិតនៃការទិញ និងលក់កោះអាកទិកមួយនេះ។ នាយករដ្ឋមន្រ្តីហ្គ្រោអង់ឡង់ លោក Múte Egede ធ្លាប់បានប្រឆាំងការលើកឡើងរបស់លោក ត្រាំ ថា កោះនេះមិនមែនសម្រាប់លក់ឡើយ។
Kuupik V. Kleist ដែលជាអតីតមេដឹកនាំហ្គ្រោអង់ឡង់បាននិយាយថា លោក ត្រាំ កំពុងផ្សព្វផ្សាយរឿងនេះដល់ប្រជាជនអាម៉េរិកច្រើនជាងប្រជាជនហ្គ្រោអង់ឡង់។ ខ្ញុំមិនឃើញអនាគតសម្រាប់ការទិញយកនេះទេ។ លោកបញ្ជាក់ថា ៖« អ្នកមិនអាចទិញប្រទេស ឬប្រទេសដោយលុយបានទេ»។
ទោះជាយ៉ាងណាក៏ដោយ លោក Dodds បាននិយាយថា ការលើកឡើងរបស់លោក ត្រាំ បានកើតឡើងស្របពេលរដ្ឋាភិបាលហ្គ្រោអង់ឡង់ដឹកនាំដោយក្រុម Inuit (ជនជាតិដើមភាគតិចដែលរស់នៅក្នុងតំបន់អាក់ទិកនៃអាឡាស្កា កាណាដា និងហ្រ្គោអង់ឡង់) ថ្មីៗនេះ បានបង្កើនការទាមទារឯករាជ្យផ្តាច់ខ្លួនពីដាណឺម៉ាក។ នៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់លោក លោក Egede បានអំពាវនាវឱ្យមានការដកចេញនូវរនាំងសម័យអាណានិគម ។
នៅខែធ្នូ ឆ្នាំ២០២៤ ដាណឺម៉ាកបានប្រកាសការចំណាយយោធាដ៏ធំសម្រាប់ហ្គ្រោអង់ឡង់ ។ នៅដើមខែមករា គ្រួសាររាជវង្សដាណឺម៉ាកបានចេញនូវអាវធំថ្មី ដែលធ្វើឲ្យរូបភាពខ្លាឃ្មុំប៉ូល ជានិមិត្តរូបនៃហ្រ្គោអង់ឡង់កាន់តែលេចធ្លោ។
ហ្រ្គោអង់ឡង់កំពុងស្វែងរកការបង្កើនឯករាជ្យភាពរបស់ខ្លួន ដោយការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន ដែលភាគច្រើនផ្តោតលើការនេសាទ។ កាលពីខែវិច្ឆិកា ពួកគេបានបើកព្រលានយន្តហោះថ្មីនៅទីក្រុងនូក ដែលជាផ្នែកមួយនៃផែនការជំរុញទេសចរណ៍។ ប៉ុន្តែជារៀងរាល់ឆ្នាំ កោះនេះនៅតែពឹងផ្អែកលើថវិកាចំនួន ៥០០ លានដុល្លារពីដាណឺម៉ាក។
អ្នកនយោបាយហ្រ្គោអង់ឡង់មួយចំនួនបានចូលប្រឡូកក្នុងគំនិតពាក់ព័ន្ធបែបនេះ រវាងអាមេរិក និងកោះ Marshall ដែលហ្រ្គោអង់ឡង់រក្សាអធិបតេយ្យភាព និងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីអាម៉េរិក ជាថ្នូរនឹងផលប្រយោជន៍ជាយុទ្ធសាស្ត្រមួយចំនួន។ ទោះជាយ៉ាងណា លោក Kleist មានមន្ទិលចំពោះជោគជ័យនៃផែនការនេះ។
បច្ចុប្បន្ននេះ វាមិនច្បាស់ថាតើលោក ត្រាំ នឹងបន្តការចង់បានរបស់លោកក្នុងការទិញហ្រ្គោអង់ឡង់ បន្ទាប់ពីចូលកាន់តំណែង ក្នុងកម្រិតណានោះទេ។ លោក Pram Gad បានសន្និដ្ឋានថា ៖«គ្មាននរណាម្នាក់ដឹងថាតើវាគ្រាន់តែជាការអួតអាង ការគម្រាមកំហែងដើម្បីសម្រេចបាននូវគោលដៅមួយផ្សេងទៀត ឬថាតើលោកពិតជាចង់បានវាពិតប្រាកដនោះទេ»៕
អ្នកសរសេរអត្ថបទ
ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: