កម្ពុជា បានចំណូលជិត ២ ០០០លានដុល្លារ ពីការនាំចេញស្រូវ-អង្ករ ក្នុងឆ្នាំ២០២៤
  • ថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២៥ ​​ ម៉ោង ២:៣៣ នាទី រសៀល
កម្ពុជា បានចំណូលជិត ២ ០០០លានដុល្លារ ពីការនាំចេញស្រូវ-អង្ករ ក្នុងឆ្នាំ២០២៤

​កម្ពុជា ទទួលបានចំណូល ១ ៩៨៧,១៩លានដុល្លារ ពីការនាំចេញស្រូវជាង​៥​លាន​​តោន និង​អង្ករជាង៦៥ម៉ឺនតោន ទៅ​កាន់ទីផ្សារអន្តរជាតិ ​រយៈពេលពេញមួយឆ្នាំ​២០​២៤។
TTN-Free-Banner-In-Article-PC
 
បើតាម​ទិន្ន័យរបស់សហព័ន្ធស្រូវ​អង្ករកម្ពុជា (ស.អ.ក.) ចាប់ពីខែមករា ដល់ធ្នូ ឆ្នាំ២០២៤ កម្ពុជា បាននាំចេញអង្ករចំនួន ៦៥១ ៥២២​តោន ទៅទីផ្សារអន្តរជាតិ ដែលគិតជា​ប្រាក់មានចំនួន ៤៩១,១៩លានដុល្លារ។
 
ប្រភេទអង្ករ ដែលកម្ពុជា​នាំចេញទៅទីផ្សារពិភពលោក ភាគច្រើន​ជាអង្ករក្រអូបគ្រប់ប្រភេទ ​​ដែលមានចំណែក​ដល់ទៅ ៧៦ភាគរយនៃអង្ករនាំ​ចេញសរុប។ នេះបើតាមសហព័ន្ធស្រូវ​អង្ករ​​កម្ពុជា ដែលបញ្ជាក់ទៀតថា ការនាំចេញអង្ករទាំងនោះ ធ្វើឡើងតាមរយៈ​ក្រុមហ៊ុន​ឯក​ជនចំនួន ៥៧ និងត្រូវបាន​ចែក​ចាយ​ទៅកាន់ ៨៦គោលដៅ នៅលើពិភពលោក។
 
សហគមន៍អឺរ៉ុប ឈរលើគេ ដែលបានបញ្ជាទិញអង្ករពីកម្ពុជាច្រើនបំផុត ក្នុងទំហំ ៣២៧ ១៥៦​តោន គិតជាប្រាក់ស្មើនឹង ២៥៣,១៨ លានដុល្លារ។ ​ប្រទេស​ក្នុង​តំបន់​អាស៊ាន ស្ថិត​នៅ​លេខ២ ​បាន​ទិញអង្ករចំនួន ៣២៧ ១៥៦ តោន ឬស្មើ ២៥៣,១៨ លានដុល្លារ។ ប្រទេស​ចិន និងតំបន់​ស្វយ័ត​​ហុងកុង និងម៉ាកាវ ឈរនៅលេខ៣ ដែលមានទំហំ​ពាណិជ្ជកម្ម​អង្ករ​ចំនួន ១១៧ ៩២៥ តោន ឬស្មើ ៧៥,៦៦ លានដុល្លារ។ ក្រៅពីនេះ គឺបណ្ដាប្រទេស​ផ្សេង​ទៀត​នៅតំបន់អាហ្វ្រិក និងមជ្ឈឹមបូព៌ា បានបញ្ជាទិញអង្ករ ក្នុងចំនួន ៧៩ ៣៦៥ តោន ឬ​ស្មើ ៦៩,៥៤ លានដុល្លារ។
 
នៅ​ក្នុងឆ្នាំ២០២៤ដដែល កម្ពុជា ក៏បាននាំចេញស្រូវសើមចំនួន ៥ ១៨០ ១៥៥ តោន ទៅកាន់ប្រទេសជិតខាងផង​ដែរ ដែលគិតជាប្រាក់ស្មើនឹង ១ ៤៩៦លានដុល្លារ៕
 

អ្នកសរសេរអត្ថបទ

 ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។  

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឈុំ ចន្ថា