អ្នកសារព័ត៌មានជាង១០ស្ថាប័ន នឹងចូលរួម «សំណេរអង្គរ» នៅខេត្តសៀមរាប
- ថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥ ម៉ោង ៤:២៩ នាទី រសៀល

រូបតំណាង៖ ក្រុមអ្នកសារព័ត៌មានចូលរួមយកព័ត៌មានព្រឹត្តិការណ៍សំណេរអង្គរលើកទី១ ឆ្នាំ២០២៤
ភ្នំពេញ៖ អ្នកសារព័ត៌មានភាសាខ្មែរ និងអង់គ្លេសជាង៣០នាក់ ចំនួន១៤ស្ថាប័នពីភ្នំពេញ នឹងធ្វើដំណើរទៅខេត្តសៀមរាប ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍សំណេរអង្គរ លើកទី២ ដែល ធ្វើឡើងនៅថ្ងៃទី១៩ ខែមករា។ ទស្សនិកជន ឬមិត្តអ្នកអាន អ្នកស្តាប់ ដែលខកខានមិនបានចូលរួម អាចរង់ចាំទស្សនាការផ្សាយផ្ទាល់ របស់សារព័ត៌មានឌីជីថលថ្មីៗ និង Netra Post រួមទាំងព័ត៌មានជុំវិញព្រឹត្តិការណ៍សំណេរអង្គរ តាមបណ្ដាសារព័ត៌មានផងដែរ។

អ្នកសារព័ត៌មានទាំងអស់ នឹងចេញដំណើរពីការិយាល័យរបស់សារព័ត៌មានឌីជីថលថ្មីៗ នាព្រឹកថ្ងៃទី១៨ ខែមករា ដើម្បីចូលរួមសន្និសីទសារព័ត៌មានស្ដីពី«តួនាទីសហគមន៍ក្នុងវិស័យទេសចរណ៍ និងការអភិរក្សវប្បធម៌ក្នុងខេត្តសៀមរាប» ដែលរៀបចំដោយសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា។
បន្ទាប់ពីកម្មវិធីសំណេរអង្គរបញ្ចប់ ក្រុមអ្នកសារព័ត៌មាននឹងបន្តទស្សនកិច្ច សហគមន៍ទេសចរណ៍កំពង់ភ្លុក និងស្វែងយល់ពីជីវភាពរស់នៅរបស់ពលរដ្ឋក្នុងសហគមន៍បណ្ដែតទឹក និងទស្សនកិច្ចអប់រំ នៅសាលារៀនក្នុងស្រុកពួកផងដែរ នៅថ្ងៃទី២០-២១ មករា។

សូមបញ្ជាក់ថា «សំណេរអង្គរ» នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង៧ព្រឹក នៅលើស្ពានហាលប្រាសាទអង្គរវត្ត។ ការរៀបចំលើកទី២នេះ មានបេក្ខជនចូលរួម សរុប ១ ២២០អង្គនាក់ ដែលបេក្ខជនក្មេងជាងគេអាយុ ៦ឆ្នាំ និងចាស់ជាងគេអាយុ៨១ ឆ្នាំ។
សម្រាប់ប្រិយមិត្តមិនបានចូលរួម អាចរង់ចាំទស្សនាព័ត៌មានដ៏សម្បូរបែប លើសារព័ត៌មានឌីជីថលថ្មីៗ និងបណ្ដាសារព័ត៌មានជាច្រើនទៀត៕


អ្នកសរសេរអត្ថបទ
ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: