កម្ពុជាឈ្នះមេដាយ២ ពីកម្មវិធីពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៥ នៅប្រទេសថៃ
- ថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ ម៉ោង ១១:២៩ នាទី ព្រឹក

ភ្នំពេញ៖ កម្ពុជា បានឈ្នះមេដាយចំនួន២ នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៥ ក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៥ (The 5th ASEAN Digital Ministers’ Meeting – ADGMIN 2025) នៅប្រទេសថៃ។ កិច្ចប្រជុំនេះ ក្រៅតែមានការចូលរួមពីរដ្ឋមន្រ្តីឌីជីថលអាស៊ានហើយនោះ ក៏មានវត្តមានរដ្ឋមន្ត្រីពីប្រទេសទីម័រខាងកើត និងដៃគូអាស៊ាន រួមមានកូរ៉េខាងត្បូង ចិន ជប៉ុន ឥណ្ឌា សហរដ្ឋអាម៉េរិក រួមទាំងសហភាពទូរគមនាគមន៍អន្តជាតិ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កម្មវិធីចំនួន ២ របស់កម្ពុជាដែលឈ្នះមេដាយនោះ គឺកម្មវិធីបកប្រែភាសាប្រៃយ៍ខ្មែរ (Machine Translation for Khmer Braille)។ កម្មវិធីនេះ ត្រូវបានអភិវឌ្ឍដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នៃក្រសួងប្រៃសណីយ៍ ដោយទទួលបានជ័យលាភី មេដាយមាស (លេខ១) នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៥ ដែលធ្វើឡើងនៅប្រទេសថៃ ខណៈកម្មវិធី Tenbox អភិវឌ្ឍន៍ដោយក្រុមហ៊ុន Wave Asia Co., Ltd. ទទួលបានជ័យលាភី មេដាយប្រាក់ (លេខ២) ពីកម្មវិធីនេះ។
មេដាយទាំង២ខាងលើនេះ គឺកម្ពុជាបានឈ្នះពីកម្មវិធីពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៥ ក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៥ (The 5th ASEAN Digital Ministers’ Meeting – ADGMIN 2025) នៅប្រទេសថៃ កាលពីថ្ងៃទី១៦ ខែមករា។ នេះជាការបញ្ជាក់របស់ក្រសួងប្រៃសណីយ៍ ដែលការប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៥នេះ មានប្រទេសសមាជិកអាស៊ានទាំង១០ បានសម្រិតសម្រាំងផលិតផល និងសេវាឌីជីថល (Digital Products and Services) ល្អៗមានចំនួន ១២០កម្មវិធី មកប្រកួតប្រជែង ដោយត្រូវបែងចែកជា៦ផ្នែកផ្សេងគ្នា។
កម្មវិធីឌីជីថលដែលត្រូវចែកជា៦ផ្នែកផ្សេងគ្នានោះ រួមមាន៖ ដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈ, ដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាវិស័យឯកជន, ដំណោះស្រាយសម្រាប់បរិយាបន្នឌីជីថល, ដំណោះស្រាយសម្រាប់មាតិកាឌីជីថល, ដំណោះស្រាយសម្រាប់ធុរកិច្ចថ្មីឌីជីថល និង ដំណោះស្រាយសម្រាប់នវានុវត្តន៍ឌីជីថល។ ក្រោយបានឆ្លងកាត់វគ្គជម្រុះជាច្រើនលើក កម្មវិធី Machine Translation for Khmer Braille និង Tenbox ត្រូវបានជ្រើសរើសដើម្បីប្រកួតប្រជែងជាមួយបេក្ខភាពផ្ដាច់ព្រ័ត្រផ្សេងទៀត។ ជាលទ្ធផល Machine Translation for Khmer Braille ទទួលបានជ័យលាភី មេដាយមាស លើដំណោះស្រាយសម្រាប់បរិយាបន្នឌីជីថលល្អបំផុតរបស់អាស៊ាន និង Tenbox ទទួលបានជ័យលាភី មេដាយប្រាក់ លើដំណោះស្រាយសម្រាប់ធុរកិច្ចថ្មីឌីជីថលល្អបំផុតរបស់អាស៊ាន។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ បានបញ្ជាក់ថា កម្មវិធីបកប្រែភាសាប្រៃយ៍ខ្មែរ (Machine Translation for Khmer Braille) គឺជាបច្ចេកវិទ្យាដែលប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីបកប្រែពីភាសាខ្មែរទៅភាសាខ្មែរប្រៃយ៍។ កម្មវិធី ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការជាមួយវិទ្យាស្ថានជាតិអប់រំពិសេស ដើម្បីលើកកម្ពស់គុណភាពសិក្សារបស់កុមារ និងសិស្សានុសិស្សដែលមានពិការភាពភ្នែក ឬខ្សោយគំហើញ ព្រមទាំងផ្ដល់ភាពងាយស្រួលដល់គ្រូបង្រៀនក្នុងការរៀបចំឯកសារអានជាអក្សរខ្មែរប្រៃយ៍ឱ្យកាន់តែបានលឿន និងមានប្រសិទ្ធភាពខ្ពស់។
កន្លងមក កម្មវិធីនេះ ក៏ធ្លាប់បានឈ្នះពានរង្វាន់ទាំងក្នុងថ្នាក់ជាតិ-អន្តរជាតិជាច្រើនផងដែរ។ ក្នុងនោះ កម្មវិធីនេះធ្លាប់ទទួលបានជ័យលាភី Best Digital Research and Innovation of the Year ក្នុងកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៤ និងទទួលជ័យលាភី Best Accessibility Award ក្នុងកម្មវិធី AI for Good នៃសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក (World AI Conference) ឆ្នាំ២០២៤ នៅទីក្រុងសៀងហៃ ប្រទេសចិន ដែលរៀបចំដោយសហភាពទូរគមនាគមន៍អន្តរជាតិ (ITU)។
ចំពោះ កម្មវិធី Tenbox ជាផលិតផលនវានុវត្តន៍ឌីជីថល សម្រាប់សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យម្ហូបអាហារនិងបដិសណ្ឋារកិច្ច។ កម្មវីធីនេះត្រូវបានប្រើប្រាស់ដើម្បីស្វែងរក ជ្រើសរើស និងធ្វើការបញ្ជាទិញនូវផលិតផលពីអ្នកផ្គត់ផ្គង់ដោយស្វ័យប្រវត្តិ ងាយស្រួល និងឆាប់រហ័ស។ កម្មវិធី Tenbox ក៏ជាម្ចាស់ជ័យលាភីធុរកិច្ចថ្មីឌីជីថលល្អបំផុតប្រចាំឆ្នាំពីកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៣ ផងដែរ៕
អ្នកសរសេរអត្ថបទ
កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញផ្នែកព័ត៌មានសេដ្ឋកិច្ច កសិកម្ម និងផលិតវីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: