កម្ពុជា ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាម៉េរិកឥតងាករេ ដើម្បីប្រយោជន៍ប្រជាជន
- ថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០២៥ ម៉ោង ១២:១៦ នាទី រសៀល

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា
កម្ពុជា និងអាម៉េរិក បានប្រារព្ធខួប ៧៥ឆ្នាំ នៃទំនាក់ទំនងការទូត កាលពីថ្ងៃទី២៤ ខែមករា ។ ពិធីនេះ ត្រូវបានរៀបចំឡើង នៅសារៈមន្ទីរជាតិ ក្រោមវត្តមាន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ , លោកស្រីភារធារី Bridgette Walker និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងសុន្ទរកថា នាពិធីលៀងសាយភោជន៍ប្រារព្ធខួបទី៧៥ នៃទំនាក់ទំនងការទូតរវាង កម្ពុជា និងអាមេរិក លោក ប្រាក់ សុខុន ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តជាឥតងាករេរបស់កម្ពុជា ក្នុងការពង្រឹងចំណងមិត្តភាពជាមួយនឹងសហរដ្ឋអាម៉េរិក ដើម្បីផលប្រយោជន៍ទៅវិញទៅមក នៃប្រទេសទាំងពីរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី២៤ ខែមករា។

តាមរយៈសេចក្តីប្រការព័ត៌មានដដែល ប្រមុខការទូតកម្ពុជា ក៏បានរំលេចពីសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី នាឆ្នាំកន្លងទៅនេះ រាប់ចាប់ពីវិស័យពាណិជ្ជកម្ម និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន រហូតដល់ការបន្តកិច្ចសហប្រតិបត្តិការរវាងយោធា និងយោធា។
សម្រាប់លោក ប្រាក់ សុខុន ទាំងនេះ គឺឆ្លុះបញ្ចាំពីការរីកចម្រើន នៃទំនាក់ទំនងទ្វេភាគីដ៏យូរលង់រវាងកម្ពុជា និងអាម៉េរិក និងជាទំនាក់ទំនងមិត្តភាព ដែលឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក។
លោកឧបនាយរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីវិស័យសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលរួមមាន៖ «ការធ្វើមាតុភូមិនិវត្តន៍ នៃសម្បត្តិវប្បធម៌ ដោយបានកត់សម្គាល់ថា “រតនសម្បត្តិទាំងនេះ ដែលត្រូវបានយកពីទឹកដីរបស់យើង ឥឡូវនេះបានឈរជានិមិត្តរូប ដ៏មានឥទ្ធិពលនៃយុត្តិធម៌ ការគោរពប្រវត្តិសាស្ត្រ និងការប្តេជ្ញាចិត្តឥតងាករេ របស់សហរដ្ឋអាមេរិក ចំពោះការអភិរក្ស និងការលើកតម្កើង បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលបានចុះផ្សាយទៀតថា កិ្ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចាត់ទុកភាពជាដៃគូនេះ ថាជា«គំរូ»ដែលបង្ហាញតាមរយៈការធ្វើមាតុភូមិនិវត្តន៍ វត្ថុបុរាណរាប់រយ និងកិច្ចសហប្រតិបត្តិការក្នុងការអភិរក្សតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ដូចជាតំបន់អង្គរ និងព្រះវិហារជាដើម។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏មិនភ្លេចអរគុណអាម៉េរិក ដែលតែងតែង គាំទ្រនិងជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមកម្ពុជា រាប់ពីភាពជាដៃគូពាណិជ្ជកម្ម និងវិនិយោគ រហូតដល់ការអប់រំ ការអភិរក្សបេតិកភណ្ឌវប្បធម៌ និងកិច្ចខិតខំប្រឹងប្រែងក្នុងការ ដោះមីនជាដើម។
សម្រាប់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ការប្រារព្ធពិធីនេះ ឆ្លុះបញ្ចាំងឱ្យឃើញនូវចំណងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការ ទៅវិញទៅមកលើវិស័យផ្សេងៗ រវាងប្រជាជាតិទាំងពីរ៕

អ្នកសរសេរអត្ថបទ
កញ្ញា ខន ចំប៉ា ចូលរួមជាមួយសារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មានផ្នែកសង្គម និងគ្រប់គ្រងផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មានតួនាទីជានិពន្ធនាយកា៕

© រក្សាសិទ្ធិដោយ thmeythmey.com