កម្ពុជា សហការជាមួយ Alibaba Cloud ដើម្បីជំរុញការតភ្ជាប់ពាណិជ្ជកម្មកម្ពុជាទៅទីផ្សារអន្តរជាតិ
- ថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥ ម៉ោង ៥:៣៩ នាទី ល្ងាច

កម្ពុជា សម្រេចសហការជាមួយក្រុមហ៊ុន Alibaba Cloud (Singapore) Private Limited លើការអភិវឌ្ឍថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការលើកកម្ពស់អក្ខរកម្មឌីជីថល និងជំនាញទីផ្សារ។ កិច្ចសហការនេះផ្តោតលើការបង្កើតថ្នាលពាណិជ្ជកម្មអេឡិចត្រូនិក, ការផ្តល់វគ្គបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាពផ្នែកពាណិជ្ជកម្ម ធុរកិច្ច និងទីផ្សារឌីជីថល និងការលើកកម្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភារ ដើម្បីជំរុញប្រសិទ្ធភាពទីផ្សារពាណិជ្ជកម្មក្នុងស្រុក និងផ្សារភ្ជាប់ពាណិជ្ជកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារពាណិជ្ជកម្មអន្តរជាតិ។

កិច្ចសហការជាមួយក្រុមហ៊ុនចិន Alibaba Cloud គឺធ្វើឡើងជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី២៤ ខែមករា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ដក្រសួងប្រៃសណីយ៍ ដែលការណ៍នេះ គឺជាជំហានសម្រាប់ក្រសួងប្រៃណីយ៍លើការជំរុញវិស័យពាណិជ្ជកម្មអេឡិចត្រូនិកសម្រាប់កម្ពុជា ក្នុងការបង្កើនសក្តានុពលសហគ្រិន និងអ្នកបច្ចេកទេសផ្នែកពាណិជ្ជកម្ម និងធុរកិច្ចឌីជីថលក្នុងស្រុក ដើម្បីលើកកម្ពស់ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច និងសង្គមឌីជីថលប្រកបដោយប្រសិទ្ធភាព និងបរិយាបន្នសម្រាប់កម្ពុជា។
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រសួងប្រៃសណីយ៍នឹងបន្ថែមការគាំទ្រក្នុងវិស័យពាណិជ្ជកម្ម ដោយររៀបចំវគ្គបណ្តុះបណ្តាលជូនដល់សហគ្រិនក្នុងស្រុក ដើម្បីជំរុញការចាប់យកការប្រើប្រាស់ថ្នាលពាណិជ្ជកម្មឌីជីថលឱ្យបានជោគជ័យ។ ជាពិសេស គឺពង្រឹងកិច្ចសហការរវាងក្រសួងប្រៃសណីយ៍ជាមួយក្រសួងពាណិជ្ជកម្ម លើការគ្រប់គ្រងផ្នែកភស្តុភារនិងការដឹកជញ្ជូនតាមរយៈថ្នាលឌីជីថលរួម SuperApp ដើម្បីឱ្យការដឹកជញ្ជូនទាំងក្នុងស្រុកនិងអន្តរជាតិប្រព្រឹត្តទៅបានរលូននិងប្រកបដោយភាពច្បាស់លាស់។

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។ រូបថត៖ ក្រសួងប្រៃសណីយ៍
ជាមួយគ្នានេះ លោកស្រី ចម និម្មិល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានវាយតម្លៃខ្ពស់ដល់ ក្រុមហ៊ុន Alibaba Cloud (Singapore) Private Limited ដែលបានសហការជិតស្និទ្ធ និងទទួលខុសត្រូវខ្ពស់រហូតសម្រេចបាននូវការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការអភិវឌ្ឍថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការលើកកម្ពស់អក្ខរកម្មឌីជីថល និងជំនាញទីផ្សារ» នាថ្ងៃទី២៤ ខែមករា។
លោកស្រីបានបញ្ជាក់ថា នេះជាជំហានយ៉ាងសំខាន់ក្នុងការជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់សហគ្រាសធុនតូចនិងមធ្យមក្នុងស្រុក និងអាជីវកម្មតាមគ្រួសារខ្នាតតូច ដែលរដ្ឋាភិបាលផ្តល់ការយកចិត្តទុកដាក់ខ្ពស់។ លើសពីនេះ ការធ្វើពិពិធកម្មសេដ្ឋកិច្ចតាមថ្នាលឌីជីថល បានផ្តល់នូវកាលានុវត្តភាពធំធេងសម្រាប់ធុរកិច្ចក្នុងការពង្រឹង និងចាប់យកឱកាសទីផ្សារបន្ថែមពីលើទីផ្សាររូបវ័ន្ត ជាលក្ខណៈប្រពៃណី និងអាចចូលរួមបង្កើនភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ ផងដែរ។

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ រូបថត៖ ក្រសួងប្រៃសណីយ៍
បើតាមក្រសួងពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរជាមួយក្រុមហ៊ុន Alibaba Cloud (Singapore) Private Limited គឺធ្វើឡើងក្នុងគោលដៅ តភ្ជាប់ផលិតផលកម្ពុជាទៅកាន់ទីផ្សារឌីជីថល។ លោកស្រី ចម និម្មល បានបញ្ជាក់ថា ការតភ្ជាប់នេះនឹងបង្កើតជាឱកាសធុរកិច្ចធំធេងសម្រាប់អាជីវករកម្ពុជាផ្សព្វផ្សាយផ្ទាល់ដល់អតិថិជនរាប់លាននាក់ ដែលមានចំណាប់អារម្មណ៍ចំពោះផលិតផលសក្តានុពលកម្ពុជា និងអនុញ្ញាតឱ្យពួកគេពង្រីកវិសាលភាពនៃប្រតិបត្តិការអាជីវកម្មខ្លួន ព្រមទាំងឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងការចូលទៅកាន់ ទីផ្សារថ្មីៗ។
កិច្ចសហប្រតិបត្តិការខាងលើនេះ ក៏ផ្តោតលើការបង្កើនអានុភាពជូនដល់អាជីវករ និងផលិតករកម្ពុជា ផងដែរ។ ការណ៍នេះ នឹងអាចបង្កើតនូវបរិយាកាសធុរកិច្ចឌីជីថលថ្មីបន្ថែមទៀត ជំរុញដល់ការចូលរួមប្រកបដោយបរិយាប័ន្ន ការផ្តល់កាលានុវត្តភាព និងការបង្កើនអានុភាពសម្រាប់ធុរជន និងបណ្តាអាជីវកម្មក្នុងស្រុក។ ជាពិសេសអាជីវករបែបគ្រួសារខ្នាតតូច អាជីវករនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬបណ្តាអាជីវកម្មផ្សេងទៀត នឹងមានឱកាសស្មើៗគ្នាក្នុងការតាំងបង្ហាញ ដាក់លក់ផលិតផល និងទេពកោសល្យរបស់ខ្លួនទៅកាន់អតិថិជននៅក្នុងស្រុក និងអភិវឌ្ឍនអាជីវកម្មខ្លួនទៅកាន់ទូទាំងពិភពលោក។
ក្នុងចក្ខុវិស័យឆ្ពោះទៅមុខ កិច្ចសហប្រតិបត្តិការនេះក៏ផ្តោតលើការកសាងសមត្ថភាព រួមមានការផ្តល់ធនធានគាំទ្រ ការតម្រង់ទិស និងការរៀបចំវគ្គបណ្តុះបណ្តាលដើម្បីផ្តល់នូវជំនាញចាំបាច់ក្នុងការប្រើប្រាស់។ តួយ៉ាង ដូចជាសមត្ថភាពប្រើប្រាស់មុខងារសំខាន់ៗរបស់ថ្នាល សមត្ថភាពទំនាក់ទំនងជាមួយអតិថិជនប្រកបដោយទំនុកចិត្ត ការធ្វើទីផ្សារនៅក្នុងស្រុកនិងបរទេស ផ្តល់គំនិតក្នុងការរចនានិងវេចខ្ចប់ទំនិញរបស់ខ្លួនឱ្យកាន់តែទាក់ទាញ និងការសម្រេចចិត្តក្នុងធុរកិច្ចឌីជីថលប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីអាចទាញផលប្រយោជន៍បានជាអតិបរមាពីថ្នាលឌីជីថល។


អ្នកសរសេរអត្ថបទ
កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញផ្នែកព័ត៌មានសេដ្ឋកិច្ច កសិកម្ម និងផលិតវីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: