ឃើញសន្ទុះគាំទ្រគុនខ្មែរ ស៊ឹម ប៊ុន​ស្រន់ ស្នើឱ្យបញ្ចូលប្រកួតគុនចម្រុះ លើសង្វៀនគុនខ្មែរ
  • ថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៥៩ នាទី ព្រឹក
ឃើញសន្ទុះគាំទ្រគុនខ្មែរ ស៊ឹម ប៊ុន​ស្រន់ ស្នើឱ្យបញ្ចូលប្រកួតគុនចម្រុះ លើសង្វៀនគុនខ្មែរ

ស៊ឹម ប៊ុន​ស្រន់ បញ្ចប់អាជីពជាកីឡាករ​គុន​ចម្រុះ ដោយចាប់របរបណ្តុះកូនឈើប្រណិត និងជាម្ចាស់កសិដ្ឋាន «កសិដ្ឋានអភិវឌ្ឍន៍កសិកម្ម» នៅខេត្តកំពង់ចាម។ ក្រោយព្យូរស្រោមដៃប៉ុន្មានឆ្នាំ ប៊ុន​ស្រន់ មើលឃើញសន្ទុះនៃការគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរផុសផុលខ្លាំង និង ស្នើឱ្យមានការរៀបចំប្រកួតគុនចម្រុះឱ្យបានមួយប្រកួតក្នុងមួយសប្តាហ៍លើសង្វៀនគុនខ្មែរ ដើម្បីបង្កើនធនធានវិស័យកីឡានេះនៅកម្ពុជា។
TTN-Free-Banner-In-Article-PC
 
មូលហេតុដែល ប៊ុនស្រន់ សម្រេចបញ្ចប់អាជីព MMA ទៅចាប់អាជីពជាអ្នកកសិកម្មវិញ ដោយសារវិស័យកីឡាប្រដាល់គុនចម្រុះនៅកម្ពុជាមិនសូវមានទីផ្សារ និងត្រូវពឹងតែសង្វៀនក្រៅស្រុក។ ម្ចាស់កសិដ្ឋាន «កសិដ្ឋានអភិវឌ្ឍន៍កសិកម្ម» ដែលមានទីតាំងនៅ​ស្រុក​ជើងព្រៃ​ ខេត្តកំពង់ចាម (ផ្លូវបំបែកស្គន់) បង្ហាញមុខលើសង្វៀនក្រៅប្រទេសបានតែម្តង ឬពីរដងប៉ុណ្ណោះក្នុងមួយឆ្នាំ អំឡុងខ្លួននៅប្រកបអាជីព។ បើទោះមានតម្លៃខ្លួនប្រមាណ ៤ពាន់ដុល្លារក្នុងការឡើងប្រកួតមួយលើក ប៉ុន្តែ ប៊ុនស្រន់ បញ្ជាក់ថាចំនួននេះ មិនអាចផ្គង់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ខ្លួនបានឡើយ។
 
យ៉ាងណាក៏ដោយ អតីត​អ្នក​ប្រដាល់ វ័យ៣៣រូបនេះ អះអាងថា របរ​បណ្តុះកូនឈើលក់ ក៏ជាអាជីពដែលខ្លួនស្រឡាញ់ចេញពីបេះដូង និងថែមទាំងទទួលបានចំណូលច្រើនជាងការឡើងសង្វៀនប្រដាល់ផងដែរ។



«វ៉ៃមួយឡើក យើងទទួលបានប្រមាណ ៤ពាន់ដុល្លារដែរ តែ១ឆ្នាំវ៉ៃបានតែមួយដងទៅពីរដង យើងផ្គត់ផ្គង់មិនគ្រប់គ្រាន់ទេ។ អ៊ីចឹងយើងត្រូវធ្វើអ្វីដែលបានចំណូលច្រើនជាងនេះ ហើយខ្ញុំគិតថា វិស័យកសិកម្មជាការងារដែលយើងស្រលាញ់ផង ចូលចិត្តផង និងអាចរកចំណូលបានច្រើនជាងប្រដាល់ថែមទៀត»។ នេះជាការលើកឡើងរបស់ ប៊ុនស្រន់។
 
បើទោះលើកឡើងដូច្នេះក្តី ប៉ុន្តែប៊ុនស្រន់ មើលឃើញថាទីផ្សារប្រដាល់នាពេលបច្ចុប្បន្ន ជាពិសេសគុនខ្មែរ ទទួលបានការគាំទ្រច្រើន ស្របពេលកីឡាករ-ការិនី ក៏រកបានកម្រៃពីការឡើងសង្វៀនច្រើនគួរសម លើសជំនាន់ខ្លួននៅប្រកួត។ វិស័យគុនខ្មែរផុសផុលខ្លាំង អតីតកីឡាករជម្រើសជាតិយូដូរូបនេះ ក៏បានស្នើឱ្យអ្នកឩបត្ថម្ភ និងអ្នករៀបចំ បញ្ចូលកម្មវិធីប្រកួតកីឡាគុនចម្រុះ នៅលើសង្វៀនគុនខ្មែរ ឱ្យបានមួយសប្តាហ៍មួយប្រកួត ឬពីរប្រកួត ដើម្បីបង្កើនធនធាន និងការប្រកួតកីឡាកម្រិតអន្តរជាតិមួយនេះ កាន់តែរីចម្រើននៅកម្ពុជា។
 


អតីតកីឡាករ MMA ដែលធ្លាប់ហ្វឹកហាត់ទាំងគុនខ្មែរ យូដូ និងជឺជិតស៊ូ រៀបរាប់ថា៖«ធនធានកីឡាករ-ការិនីគុនចម្រុះកម្ពុជា រួមទាំងគ្រូបង្វឹកនៅខ្វះខាតច្រើន ប៉ុន្តែបើមានអ្នកឩបត្ថម្ភ ឱ្យមានការហ្វឹកហាត់ជាមួយគ្រូត្រឹមត្រូវ និងអ្នករៀបចំ បញ្ចូលឱ្យមានការប្រកួតលើសង្វៀនគុនខ្មែរប្រចាំសប្តាហ៍ នោះប្រភេទកីឡានេះ និងរីកចម្រើនទៅមុខ»។ ប៊ុនស្រន់ មានសុទិដ្ឋិនិយមថា ក្រុមហ៊ុនអ្នកឩបត្ថម្ភ នឹងអាចជួយជ្រោមជ្រែងកីឡាគុនចម្រុះមានទីផ្សារនៅកម្ពុជានាពេលអនាគត។
 
ស៊ឹម ប៊ុន​ស្រន់ បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡា​គុន​ចម្រុះ​នៅ​ឆ្នាំ​២០១៥​។ អតីតកីឡាករ វ័យ៣៣ឆ្នាំ​រូបនេះ​ធ្លាប់​ឆ្លងកាត់​ការប្រកួត​គុន​ចម្រុះជាច្រើនលើកនៅក្រៅប្រទេស ជាពិសេ​លើសង្វៀន ONE Championship ដល់ទៅ ​៨​លើក ដោយ​ក្នុងនោះឈ្នះ ​៣លើក និង​ចាញ់ ​៥​លើក​។ ទោះរបរបណ្តុះកូនឈើ​​ប្រណិត និង​ឈើ​ហូប​ផ្លែ​កាក់កប​ក៏ដោយ ប៉ុន្តែប៊ុនស្រន់ ​មិន​ ចោល​​កីឡាគុនចម្រុះ​ឡើយ។ មិនឡើងសង្វៀនប្រដាល់ដោយខ្លួនឯង ប៉ុន្តែកូនចៅអ្នកកំពង់ចាមរូបនេះនៅស្រឡាញ់ និងបន្តហ្វឹកហាត់ និងមានកូនសិស្សស្រី-ប្រុស បីបួននាក់ដែរ ស្របពេល​រូបគេ​ក៏មានគម្រោង ​បើក​ក្លិប​ប្រដាល់​មួយនៅទីតាំងកសិដ្ឋានបណ្តុះកូនឈើប្រណិត ដើម្បីបណ្តុះបណ្តាលក្មេងៗជំនាន់ក្រោយ៕ 





អ្នកសរសេរអត្ថបទ

មុំ ពិទូរ្យ ការីនិពន្ធព័ត៌មាន​កីឡា​។​ ​ ​​​

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

មុំ ពិទូរ្យ