មេដឹកនាំសមាគមទេវ សក្ខី ភគវន្ត សុំទោសជាសាធារណៈ ចំពោះការនិយាយប៉ះពាល់ពុទ្ធសាសនា
- ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២៥ ម៉ោង ១១:៣៩ នាទី ព្រឹក

លោក ថង ប៊ុនថេង (ហៅ សក្ខី ភគវន្ត) ដែលជាប្រធានសមាគមទេវ សក្ខី ភគវន្ត។ រូបពី ក្រសួងធម្មការ និងសាសនា
ភ្នំពេញ៖ លោក ថង ប៊ុនថេង (ហៅ សក្ខី ភគវន្ត) ដែលជាប្រធានសមាគមទេវ សក្ខី ភគវន្ត ទទួលស្គាល់កំហុសឆ្គង ដែលរិះគន់ ព្រះសង្ឃ ព្រះត្រៃបិដក និងព្រះពុទ្ធសាសនា។ នេះបើតាមការចេញផ្សាយរបស់ក្រសួងធម្មការ និងសាសនា។

រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា លោក ចាយ បូរិន បានអញ្ជើញលោក ថង ប៊ុនថេង (ហៅ សក្ខី ភគវន្ត) មកជួបមន្ត្រីជំនាញក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ជុំវិញករណីរិះគន់ ព្រះសង្ឃ ព្រះត្រៃបិដក និងព្រះពុទ្ធសាសនា កាលពីថ្ងៃទី២៩ ខែមករា។ ក្រោយប្រជុំចប់ ក្រសួងធម្មការ ក៏បង្ហាញវីដេអូរបស់លោក ប៊ុនថេង ប្រធានសមាគមទេវ សក្ខី ភគវន្ត បានទទួលស្គាល់កំហុសខ្លួន។ ប្រធានសមាគមទេវ សក្ខី ភគវន្តរូបនេះ បានធានាថា ឈប់ធ្វើសកម្មភាពប៉ះពាល់ដល់ព្រះពុទ្ធសាសនា។
តាមរយៈវីដេអូសុំទោសជាសាធារណៈ លោក ប៊ុនថេង សង្កត់ធ្ងន់បែបនេះ៖ «ចំពោះការឆ្គាំឆ្គងលើសលស់ ដោយពាក្យសម្ដី ដែលបានលើកឡើងថា ព្រះត្រៃបិដកមិនគ្រប់ទឹក អ្នកបួសជាទម្ងន់ដល់អ្នកស្រុក ឈប់ប្រើសំពត់ពានា សម្រេចឈប់វីដេអូណាដែលប៉ះពាល់ដល់ទឹកចិត្ត ពុទ្ធបរិស័ទ និងព្រះសង្ឃ។ ខ្ញុំព្រះករុណា ទូលព្រះបង្គំ សូមតាំងចិត្តថា នឹងមិនពោល ឬធ្វើអ្វីដែលប៉ះពាល់ដល់តម្លៃ ព្រះពុទ្ធសាសនារបស់រដ្ឋ ច្បាប់រដ្ឋ និងសង្គមជាតិចាប់ពីពេលនេះ តទៅ»។
ទោះបីទទួលស្គាល់កំហុស និងសុំទោសហើយក្ដី ក្រសួងធម្មការ និងសាសនា អះអាងថា ក្រសួងមហាផ្ទៃនឹងពិនិត្យមើលនីតិវិធីតាមផ្លូវច្បាប់ ចំពោះសកម្មភាពប្រតិបត្តិរបស់សមាគម។
បញ្ហាសាសនាខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី២៣មករា ដោយសារប្រធានសមាគមទេវ សក្ខី ភគវន្ត បានតាំងខ្លួនជា សាស្តា សក្ខី ភគវន្ត និងបាននិយាយបកស្រាយប្រមាថយ៉ាងធ្ងន់ធ្ងរ ចំពោះព្រះសង្ឃថា ជាបុគ្គលកំពុងពេញកម្លាំងហើយរស់នៅជាបន្ទុករបស់ពុទ្ធបរិស័ទ និងបានពោលត្មះតិះដៀលថា ព្រះត្រៃបិដកខ្មែរ ជាព្រះត្រៃបិដកមិនគ្រប់ទឹក ជាដើម។ ការលើកឡើងនេះ ទទួលបានប្រតិកម្មជាបន្តបន្ទាប់ពីសំណាក់ព្រះសង្ឃ និងសមាគមនានា កាន់ព្រះពុទ្ធសាសនា ក៏ដូចជាលេខាធិការដ្ឋានគណៈសង្ឃនាយក និងពុទ្ធមណ្ឌលវិបស្សនាធុរៈជាដើម។
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: