ជនជាតិចិន២នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការចាប់មនុស្សញាត់វ៉ាលិស ដើម្បីជំរិត​ទារ​ប្រា​ក់
  • ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២៥ ​​ ម៉ោង ៣:២៨ នាទី រសៀល
ជនជាតិចិន២នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការចាប់មនុស្សញាត់វ៉ាលិស ដើម្បីជំរិត​ទារ​ប្រា​ក់
ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបាន។ រូបពី នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ

ភ្នំពេញ៖ អាជ្ញាធរកម្ពុជា បានចាប់ខ្លួនជនជាតិចិន២នាក់ ពាក់ព័ន្ធ​នឹងករណីចាប់នារីៗ ដែល ជាជន​ជាតិ​​ចិន និង​វៀតណាម ញាត់ចូលវ៉ាលិស ដើម្បីជំរិតទារប្រាក់​។ ជន​សង្ស័យទាំង២​នាក់ កាល​​ពីថ្ងៃទី២៦ ខែមករា នៅបុរីពិភពថ្មីកួរស្រូវ៣ សង្កាត់រលួស ខណ្ឌ​ដង្កោ រាជ​ធានីភ្នំ​ពេញ​​។
TTN-Free-Banner-In-Article-PC
 
​នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចុះផ្សាយ​ចម្លើយសារភាពរបស់ជនសង្ស័យ ថា​ពួក​គេ​មានគ្នីគ្នា៣នាក់ និងធ្លាប់ធ្វើសកម្មភាពចាប់ជំរិតបែបនេះ ៦លើកមកហើយ។ នាយក​ដ្ឋាន​​នគរបាលព្រហ្មទណ្ឌ សរសេរនៅលើទំព័រហ្វេសប៊ុកដូច្នេះ«ជនសង្ស័យ បាន​សារភាព​ថា​ពួកខ្លួន ដែលចូល​រួម​ធ្វើ​សកម្មភាពមានគ្នាចំនួន៣នាក់ ដោយបានធ្វើសកម្មភា​ព​ចាប់ស្រ្តី​ជនជាតិចិន និងវៀត​ណាម ដាក់ចូលទៅក្នុងវ៉ាលិស ដើម្បីជំរិតទារប្រាក់ចំ​នួន៦ករណី មក​ហើយ។»។ 
 
ក្រោយ​សួរចម្លើយរួច ជនសង្ស័យ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ​បញ្ជូន​​​ទៅអយ្យការអមសាលា​ដំបូងរាជធានី​ភ្នំពេញ ដើម្បីបន្តនីតិវិធី។
 
មុនឈាន​ដល់ការចាប់​ខ្លួនជន​សង្ស័យ​ជាជនជាតិចិនទាំង២នាក់នេះ ​លោក ង៉េង ជួ ប្រធាន​នាយកដ្ឋានន​គរបាល​ព្រហ្ម​ទណ្ឌ បានបញ្ជាឱ្យស្រាវជ្រាវ​រកក្រុម​ជនសង្ស័យ ដែល​ចាប់ជន​រង​គ្រោះ ជាស្ត្រីជន​ជាតិ​វៀតណាមម្នាក់ ដាក់ចូលក្នុងវ៉ាលិស ដើម្បីជំរិតទារប្រាក់។ ហេតុ​ការណ៍​ចាប់ជំរិតនេះ កើត​ឡើង​កាលពីថ្ងៃទី១៣មករា នៅចំណុច​សណ្ឋាគារ នួ ឌី ស៊ី ស្ថិត ក្នុងសង្កាត់​​ទឹកថ្លា ខណ្ឌសែនសុខ រា​ជធានីភ្នំពេញ។ 
 
លុះដល់ថ្ងៃទី២៦ ខែមករា ទើបសមត្ថកិច្ចជំនាញ កំណត់អត្តសញ្ញាណ និងទីតាំងលាក់​ខ្លួន​របស់​ជន​​​សង្ស័យបាន ហើយចុះបង្ក្រាបតែម្តង។ ក្នុងប្រតិបត្តិនេះដែរ សមត្ថកិច្ចក៏បាន សង្គ្រោះ​​ស្ត្រីជន​រងគ្រោះម្នាក់ទៀតដែរ ដែលជា​ជនជាតិចិន។
 
​ពាក់ព័ន្ធនឹងករណីនេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានអំពាវនាវឱ្យបណ្ដាម្ចាស់ផ្ទះ​សំ​ណាក់ ឬសណ្ឋាគារ​ ព្រមទាំងប្រជាពលរដ្ឋផង រាយ​ការណ៍ជាបន្ទាន់​ទៅកាន់សមត្ថកិច្ច ​​
នៅ​ពេលឃើញ​អូសវ៉ាលិស​ធំៗ​ខុសប្រក្រតី ​ឬសង្ស័យ​ថា​ ជា​ករណី​ចាប់មនុស្ស៕

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ឡាយ សុភាវតី