CMAC ប្រកាសផ្អាកប្រតិបត្តិការសម្អាតមីនក្នុងខេត្ត ៨ ក្រោយអាម៉េរិកផ្អាកជំនួយ
  • ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៣៨ នាទី ល្ងាច
CMAC ប្រកាសផ្អាកប្រតិបត្តិការសម្អាតមីនក្នុងខេត្ត ៨  ក្រោយអាម៉េរិកផ្អាកជំនួយ
ក្រុមជំនាញ CMAC ចុះសម្អាតគ្រាប់មីននិងយុទ្ធភណ្ឌនាពេលកន្លងមក។ រូបពី ហ្វេសប៊ុក លោក រតនា

ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) សម្រេចផ្អាកសកម្មភាពដោះមីន ជាបណ្ដោះអាសន្ននៅខេត្តគោលដៅចំនួន ៨ ក្នុងរយៈពេល៨៥ថ្ងៃ ដោយសារការផ្អាកជំនួយបរទេស រយៈពេល៩០ថ្ងៃដែលសម្រេចដោយរដ្ឋបាលអាម៉េរិករបស់លោក ដូណាល់ត្រាំ ។
TTN-Free-Banner-In-Article-PC
 
នៅរសៀលថ្ងៃទី៣១មករា លោក ហេង រតនា ប្រធាន CMAC បង្ហាញការសោកស្ដាយ និងប្រកាសទៅឱ្យអាជ្ញាធរ និងសាធារណជន ដឹងពីការផ្អាកសកម្មភាពការងាររបស់ខ្លួន។ 
 
លោកបានសរសេរ លើទំព័រហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះ៖ «កម្លាំងអង្គភាពស៊ីម៉ាក់ កំពុងប្រតិបតិ្តការប្រចាំខេត្តទាំងលើនេះ ត្រូវផ្អាកកិច្ចប្រតិបត្តិការបណ្តោះអាសន្ន រយៈពេល៨៥ថ្ងៃគិតពីថ្ងៃទី២៥ខែមករា ឆ្នាំ២០២៥ តទៅរហូតដល់មានការជូនដំណឹងជាថ្មី»។ 
 
បើតាមប្រធាន CMAC រូបនេះ ការផ្អាកប្រតិបត្តិការនេះ គឺកើតឡើងនៅខេត្តគោលដៅចំនួន ៨ ដូចជា ខេត្តកំពង់ចាម ក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ត្បូងឃ្មុំ ស្វាយរៀង និងខេត្តព្រៃវែង។ 
 
លោក ហេង រតនា ក៏បានពន្យល់ពី មូលហេតុនៃការផ្អាកប្រតិបត្តិការនេះដែរ គឺដោយសារអង្គការជាដៃគូរបស់ CMAC រងផលប៉ះពាល់ដោយសារការសម្រេចផ្អាក ផ្តល់ជំនួយបរទេសបណ្តោះអាសន្នរបស់រដ្ឋបាលលោក ត្រាំ។ 
 
យ៉ាងណាក៏ដោយ លោក ហេង រតនា អះអាងថា CMAC និងដៃគូអភិវឌ្ឍន៍មានភាពសកម្ម លើការសម្របសម្រួល ជាមួយមន្ត្រីទទួលបន្ទុកគម្រោងជំនួយ នៃក្រសួងការបរទេស សហរដ្ឋអាម៉េរិក សម្រាប់បន្តគាំទ្រគម្រោងមនុស្សធម៌នេះ។ ជំនួយនេះ កន្លងមក បានជួយក្នុងការបោសសម្អាតគ្រាប់បែកចង្កោម និងគ្រាប់បែកទម្លាក់ពីយន្តហោះ របស់សហរដ្ឋអាម៉េរិកដែលជាសំណល់សង្គ្រាមនៅកម្ពុជា។ 
 
កន្លងមក ទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ទទួលបន្ទុកផ្តល់ជំនួយលើការបោសសម្អាតមីននៅកម្ពុជា។ រយៈពេល ៣ទសវត្សរ៍​ចុងក្រោយមកនេះ កម្ពុជាបានទទួលជំនួយពី USAID ក្នុងទំហំទឹកប្រាក់ប្រមាណ៣ពាន់លានដុល្លារ។  កាលពីខែតុលា ឆ្នាំ២០២៤ ប្រធាន USAID លោកស្រី Samantha Power បានប្រកាសផ្ដល់ជំនួយដល់កម្ពុជាក្នុងទំហំទឹកប្រាក់ ១២ លានដុល្លារដើម្បីជំរុញដល់ការបោសសម្អាតមីន។ 
 
ស្របពេលដែលប្រតិបត្តិការបោសសម្អាតមីនត្រូវផ្អាកបណ្តោះអាសន្ន លោក ហេង រតនា​ ក៏អំពាវនាវឱ្យមានកិច្ចសហការរវាងអាជ្ញាធរ និងប្រជាពលរដ្ឋដើម្បីកាត់បន្ថយបញ្ហាប្រឈម ពីគ្រាប់មីននិងសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ តាមរយៈការរាយការណ៍ព័ត៌មានផងដែរ។
 
លោក ហេង រតនា បានអំពាវនាវយ៉ាងដូច្នេះ៖ «សូមអាជ្ញាធរនិងប្រជាពលរដ្ឋក្នុងមូលដ្ឋាននៃខេត្តទាំងអស់ខាងលើ មេត្តាសហការជាមួយកម្លាំងស្ម័គ្រចិត្តផ្តល់ព័ត៌មានជាង១.០០០នាក់របស់អង្គភាពស៊ីម៉ាក់ និងកម្លាំងនគរបាលជាតិនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីអង្គភាពស៊ីម៉ាក់អាចបញ្ជូនកម្លាំងជំនាញពីគម្រោងផេ្សង ទៅជួយគាំទ្រធ្វើការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមសំដៅធានាដល់សុខសុវត្ថិភាពរបស់ ប្រជាពលរដ្ឋតាមសំណើចាំបាច់! »។ 
 
ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ អាម៉េរិកផ្តល់ជំនួយដល់ CMAC តាមរយៈអង្គការដៃគូ មាន៦.៣៥៥.៧២០ដុល្លារ បានគាំទ្រដល់កម្លាំងជំនាញបច្ចេកទេសCMAC ចំនួនជិត២០០នាក់។ 
  
ដោយឡែក CMAC បានបោសសម្អាតចម្ការដែលមានគ្រាប់មីននិងសំណល់គ្រាប់ ១១.១៩៥ហិកតា  នៅក្នុងទីតាំងខេត្តទាំងប្រាំបីខាងលើ គិតពីថ្ងៃទី១ មីនា ឆ្នាំ២០២២ ដល់ចុងខែមករា ឆ្នាំ២០២៥នេះ ។ ជាមួយគ្នាដែរ ក្រុម CMAC ក៏បានរុករកឃើញ និងកម្ទេកចោលគ្រាប់ មីននិង សំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមចំនួន២៧.០២២គ្រាប់ ក្នុងនេះមាន គ្រាប់បែកចង្កោមចំនួន១៧.៩៧១គ្រាប់ និងគ្រាប់បែកទម្លាក់ពីយន្តហោះខ្នាតធំ ចំនួន៦៩គ្រាប់។ 
 
កម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងពីគ្រាប់មីន និងសំណល់គ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបន្សល់ទុកតាំងពីសម័យសង្គ្រាមជាពិសេសអំឡុងសម័យសង្គ្រាមវៀតណាមពីទសវត្សរ៍ឆ្នាំ ១៩៦០ ដល់ ១៩៧០។  
 
កន្លងមកកម្ពុជាបានកំណត់គោលដៅប្រែក្លាយខ្លួនជាប្រទេសគ្មានមីននៅឆ្នាំ ២០២៥។ យ៉ាងណាមិញ កាលពីពាក់កណ្តាលខែមករា កន្លងទៅ កម្ពុជាបានប្រកាសពីភាពយឺតយ៉ាវនៃគោលដៅបោសសម្អាតមីន និង ពន្យារចក្ខុវិស័យកម្ពុជាគ្មានមីនដល់ឆ្នាំ២០៣០។ 
 
ការសម្រេចផ្អាកផ្តល់ជំនួយបរទេសរបស់រដ្ឋបាលត្រាំនេះ ក៏កំពុងបន្ថែមផលលំបាកថ្មីសម្រាប់កម្ពុជា ក្នុងការបោសសម្អាតគ្រាប់មីន និងឈានទៅសម្រេចគោលដៅថ្មីរបស់ខ្លួនដែរ៕
 
 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ឡាយ សុភាវតី