អាម៉េរិកផ្អាកជំនួយ៖ រដ្ឋាភិបាលរក្សាជំហលើការអភិវឌ្ឍប្រទេស ខណៈសង្គមស៊ីវិលរងសម្ពាធហិរញ្ញវត្ថុ
- ថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ២:២២ នាទី រសៀល

អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក Patrick Murphy ចូលរួមក្នុងគម្រោង IBIS Rice នៅខេត្តសៀមរាបនាពេលកន្លងមក។ រូបពី USAID
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិល មានទស្សនៈផ្ទុយគ្នា ជុំវិញការផ្អាកជំនួយទីភ្នាក់ងារសហរដ្ឋអាម៉េរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ថាការផ្អាកជំនួយ USAID រយៈពេល៣ខែ មិនមែនជាបញ្ហាធំឡើយសម្រាប់ការអភិវឌ្ឍប្រទេស ដ្បិតជំនួយភាគច្រើន ត្រូវបានផ្តល់ទៅ អង្គការដៃគូ ដែលធ្វើការផ្ទាល់នៅសហគមន៍។ ផ្ទុយទៅវិញ សង្គមស៊ីវិល យល់ឃើញថា ការផ្អាកជំនួយនេះនឹងបង្អាក់ការអនុវត្តសកម្មភាពរបស់ខ្លួន ដែលនឹងនាំផលប៉ះពាល់ខ្លាំងដល់ពលរដ្ឋ និងសង្គម។

លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល ទទួលស្គាល់ថា ការផ្អាកជំនួយ USAID រយៈពេល៣ខែ ពិតជាមានផលប៉ះពាល់មកលើកម្ពុជា។ ប៉ុន្តែអ្នកនាំពាក្យរាជរដ្ឋាភិបាល ថាការផ្អាកជំនួយប៉ុណ្ណេះ មិនមែនជាបញ្ហាដុំកំភួនអ្វីឡើយសម្រាប់កម្ពុជា។ លោក ប៉ែន បូណា បន្តថា កម្ពុជាធ្លាប់ឆ្លងកាត់រឿងរ៉ាវលំបាកៗច្រើនជាងនេះជាហូរហែ ចាប់តាំងពីសម័យសង្គ្រាមមក។
លោក ប៉ែន បូណា ពន្យល់បន្ថែមប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា៖ «បញ្ហាជួបប្រទះពេលនេះ មិនមែនជាបញ្ហាធំទេ! ដោយយើងអាចដោះស្រាយបានតាមវិស័យនីមួយៗ តាមគោលនយោបាយជារួម ដឹកនាំប្រទេសឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ គឺអត់មានអ្វីប៉ះពាល់ទេ។ នៅតែបន្តទៅមុខដដែល។»។

លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា។ រូបពី ហ្វេសប៊ុកលោក បូណា
គ្មានជំនួយពី USAID សកម្មភាពខ្លះរបស់ស្ថាប័នរដ្ឋប៉ះពាល់ដោយប្រយោល ខ្លះត្រូវផ្អាកបណ្តោះអាសន្ន
នៅកម្ពុជា មិនមែនមានតែអង្គការសង្គមស៊ីវិលនោះទេ ដែលទទួលជំនួយគាំទ្រពី USAID។ ក្រសួង និងអង្គភាពរដ្ឋ មួយចំនួន ក៏ជាដៃគូដ៏ស្អិតល្មួត ដែលទទួលបានជំនួយជាថវិកា និងជាបច្ចេកទេស ពី USAID ដែរ។
ក្រសួងបរិស្ថាន គឺជាស្ថាប័នមួយក្នុងចំណោមស្ថាប័នផ្សេងទៀត ដែលទទួលបានការគាំទ្រពី USAID សម្រាប់អនុវត្តគម្រោងជាមួយអង្គការដៃគូផ្សេងៗ ជាពិសេសទាក់ទងនឹងការងារអប់រំបរិស្ថាន និងកិច្ចគាំពារព្រៃឈើជាដើម។
ជុំវិញរឿងនេះ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន សុំមិនអធិប្បាយច្រើនឡើយ ដោយរង់ចាំការឆ្លើយរបស់ភាគពីរដ្ឋាភិបាលអាម៉េរិកបន្តទៀត។ លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា កន្លងមកជំនួយរបស់អាម៉េរិកផ្ដោតសំខាន់ទៅអង្គការដៃគូ ដែលធ្វើការជាមួយមូលដ្ឋាន។ ទោះយ៉ាងណា អ្នកនាំពាក្យរូបនេះ សង្ឃឹមថាអាម៉េរិកនឹងបន្តគាំទ្រដល់ការងារបរិស្ថាននៅកម្ពុជា ដែលវិស័យនេះ ជាបញ្ហារួមរបស់សកលលោក។
លោក ខ្វៃ អាទិត្យា លើកឡើងថា៖ «ចំពោះគម្រោង និងជំនួយផ្សេងទៀត ទាក់ទងវិស័យបរិស្ថាន យើងគាំទ្រ និងជំរុញឱ្យមានការសហការគ្នា ព្រោះបញ្ហាបរិស្ថាន មិនមែនជាបញ្ហារបស់ក្រសួងតែមួយ ឬប្រទេសណាមួយទេ។ (វា)ជាបញ្ហារួម សម្រាប់សកលលោកយើង។»។
ក្រសួងកសិកម្ម ក៏មានកិច្ចសហការមួយចំនួន ជាមួយមូលនិធិ USAID ដែរ តែកិច្ចសហការទាំងនោះ ធ្វើឡើងក្រោមរូបភាពគាំទ្រដោយប្រយោលប៉ុណ្ណោះ។ នេះបើតាមកញ្ញា អ៊ឹម រចនា អ្នកនាំពាក្យ ដែលបន្តបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា ជំនួយ និងការគាំទ្រនានា តាមរយៈ USAID មិនមានផលប៉ះពាល់ដល់ដំណើរការការងាររបស់ក្រសួងឡើយ។
កញ្ញា អ៊ឹម រចនា សង្កត់ធ្ងន់ដូច្នេះថា៖ «ទោះមាន ឬគ្មានជំនួយពីភាគីនានា មន្ដ្រីរាជការទាំងអស់នៃក្រសួងកសិកម្ម នៅតែបន្តបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីផលប្រយោជន៍ប្រជាកសិករ។»។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះ បញ្ជាក់ថាក្រសួងកសិកម្ម នៅតែស្វាគមន៍រាល់ជំនួយ ការគាំទ្រ និងកិច្ចសហការប្រកបដោយភាព «ស្មោះត្រង់» ពីអង្គការ ដៃគូអភិវឌ្ឍនានាជានិច្ច។
ចំពោះវិបាកសម្រាប់វិស័យសុខាភិបាល បន្ទាប់ពីអាម៉េរិកផ្អាកជំនួយនេះ សារព័ត៌មានឌីជីថលថ្មីៗ ពុំអាចសុំការឆ្លើយតបពី លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាលបានឡើយ។

ក្រុមការងារ CMAC ចុះបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនាពេលកន្លងមក។ រូបពី CMAC
ចំណែកឯ អង្គការ KHANA ដែលតែងធ្វើការផ្ទាល់ ជាមួយពលរដ្ឋមូលដ្ឋានមានជំងឺរបេង និងអេដស៍ ក្រោមជំនួយរបស់ USAID ក៏មិនឆ្លើយតប នឹងសំណួររបស់សារព័ត៌មានឌីជីថលថ្មីៗ ពីផលប៉ះពាល់នៃការអនុវត្តសកម្មភាពរបស់ខ្លួនដែរ។
ពាក់ព័ន្ធនឹងការផ្អាកជំនួយនេះ លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏មិនពន្យល់ច្រើនដែរ ដោយចាត់ទុកជារឿងធម្មតា។ លោក យល់ថា ការជួយគាំទ្រតែងតែមានពេលកំណត់ និងអាស្រ័យលើស្ថានភាពជាក់ស្ដែង នៃអ្នកទទួល និងអ្នកផ្ដល់។
លោក សុឃៈ បញ្ជាក់ដូច្នេះ៖ «បើអ្នកទទួលរឹងមាំហើយ ពិតណាស់ ម្ចាស់ជំនួយអាចនឹងដកថយ ទៅកាន់ប្រទេសផ្សេងដែលត្រូវការជំនួយ។ ប៉ុន្តែបើម្ចាស់ជំនួយ ជួបបញ្ហាក្នុងប្រទេស អ្នកផ្ដល់ជំនួយ ក៏ត្រូវវដោះស្រាយបញ្ហាគេដែរ។ ការផ្អាកជំនួយនេះ មិនមែនជារឿងក្ដៅ ដែលធ្វើឱ្យកម្ពុជា តែលតោលនោះទេ!»។
អ្នកនាំពាក្យមហាផ្ទៃ អះអាងថា កម្ពុជានៅតែអាចដំណើរការអភិវឌ្ឍបានជាប្រក្រតី និងអាចឈរដោយខ្លួនឯង ព្រោះកម្ពុជាមិនបានពឹងផ្អែកលើជំនួយអាម៉េរិកទាំងស្រុងឡើយ។ កម្ពុជា មានកិច្ចសហការល្អជាមួយដៃគូអភិវឌ្ឍផ្សេងទៀតដែរ។
ដ្បិតតែក្រសួង និងស្ថាប័នរដ្ឋខ្លះ បានអះអាងថា សកម្មភាពរបស់ខ្លួនមិនប៉ះពាល់ខ្លាំងក៏ដោយ ប៉ុន្តែការផ្តាច់ជំនួយរបស់អាម៉េរិក បានប៉ះពាល់ភ្លាមភ្លែតដល់សកម្មភាពសម្អាតមីននៅកម្ពុជា។
ថ្មីៗនេះ លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា ក្នុងមួយឆ្នាំៗ កម្ពុជាទទួលបានការគាំទ្រជាមធ្យម ១០លានដុល្លារ ពី USAID។ ថវិកាទាំងនោះ គាំទ្រដល់ដល់៩៣ក្រុម នៃកងកម្លាំងដោះមីន ហើយអាចប៉ះពាល់ដល់ជាង១០០០នាក់ រួមទាំងបុគ្គលិកផ្សេងទៀត ដែលទទួលប្រាក់ឧបត្ថម្ភជំនួយ USAID។ លោក លី ធុជ ប្រាប់សារព័ត៌មានឌីជីថលថ្មីៗដូច្នេះ ដោយបន្ថែមថា ក្រុមខ្លះ រងផលប៉ះពាល់ខ្លាំង និងខ្លះប៉ះពាល់តិច អាស្រ័យលើសកម្មភាពរបស់ក្រុមនីមួយៗ។

លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន។ រូបពី ទីស្ដីការគណៈរដ្ឋមន្ត្រី
តែយ៉ាងណាក៏ដោយ អនុប្រធានទី១អាជ្ញាធរមីន ស្នើឱ្យមានការគិតគូរ ដល់ជីវភាពរស់នៅរបស់អ្នកដោះមីន និងមន្ត្រីរាជការ ដែលរងផលប៉ះពាល់ដោយផ្ទាល់ពីជំនួយអាម៉េរិកជាចម្បង។ លើសពីនេះ លោកអំពាវនាវ ឱ្យភាគីពាក់ព័ន្ធ ជួយខិតខំរៀបផែនការថ្មី ដើម្បីស្នើសុំជំនួយពីបណ្ដាប្រទេសដទៃទៀត។
«បើមានថវិកានៅសល់ សូមជួយដល់ជីវភាពក្រុមអ្នកដោះមីនផ្ទាល់នៅមូលដ្ឋាន»។ លោក លី ធុជ សង្កត់ធ្ងន់បែបនេះ។
ជំនួយក្រៅពីជំនួយពីអាម៉េរិក ការងារបោសសម្អាតមីននៅកម្ពុជា ក៏ទទួលបានការគាំទ្រពីបណ្តាប្រទេសផ្សេងៗទៀតដែរ ដូចជាពី អាល្លឺម៉ង់ បារាំង បែលហ្សិក អង់គ្លេស ចិន និងជប៉ុនជាដើម។ នេះបើតាម លោក លី ធុជ ដោយលោកបន្ថែមថា កន្លងមកកម្ពុ ជាបានប្ថេជ្ញាបោសសម្អាតមីនអស់នៅឆ្នាំ២០២៥។ ប៉ុន្តែផែនការនេះ មានការយឺតយ៉ាវ ដោយសារបន្តរកឃើញតំបន់មានមីនជាបន្តបន្ទាប់ ហើយសម្រេចពន្យារពេលដល់ឆ្នាំ២០៣០។
ជុំវិញការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានប្រកាសផ្អាកប្រតិបត្តិការរយៈពេល៨៥ថ្ងៃដែរ នៅគោលដៅខេត្តចំនួន៨ ដែលទទួលបានការគាំទ្រពី USAID។
ចំពោះវិស័យបោសសម្អាតមីននេះ លោក ប៉ែន បូណា សង្ឈឹមថា អាម៉េរិក នឹងនៅតែបន្តគាំទ្រ ព្រោះដើម្បីចូលរួមចំណែកលុបបំបាត់ស្លាកស្នាមសំណល់សង្គ្រាមចេញពីកម្ពុជា។
បង្អាក់ការចូលរួមរបស់យុវជន ឯរដ្ឋត្រូវរ៉ាប់រងដោះស្រាយបញ្ហាសង្គមកាន់តែច្រើន
ការផ្អាកជំនួយរបស់ USAID បានរារាំងដល់ការចូលបម្រើការងារ ក្នុងអង្គការលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ របស់ លោក ប៉ា តុងចិន។ យុវជនរូបនេះ សោកស្ដាយខ្លាំង ចំពោះការកាត់ជំនួយរបស់ USAID ដែលធ្វើឱ្យស្ថានភាពជីវភាពរបស់ខ្លួន កាន់តែលំបាក។
លោក ប៉ា តុងចិន ថ្លែងប្រាប់សារព័ត៌មានថ្មីៗឌីជីថលៗថា៖ «ជួបរឿងនឹកស្មានមិនដល់ ការងារពេញម៉ោងអត់បានចូលធ្វើការ។ ការងារក្រៅម៉ោងជាអ្នកសារព័ត៌មាន ដែលរកចំណូលបានបន្ទាប់បន្សំក៏ជួបបញ្ហា ព្រោះស្ថាប័នដែលខ្ញុំផលិតរឿងឱ្យ ផ្អាកទទួល និងគម្រោងផ្អាក។ វាប៉ះពាល់ខ្លាំង ដល់ការរស់នៅចំណាយប្រចាំថ្ងៃ។»។
ពាក់ព័ន្ធនឹងការផ្អាកជ្រើសរើសបុគ្គលិកចូលបម្រើការងាររបស់ អង្គការលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ និងទំហំនៃផលប៉ះពាល់ពីការផ្អាកជំនួយរបស់អាម៉េរិក លោក អ៊ិត សុធឿត ដែលជានាយកប្រតិបត្តិអង្គការនេះ សុំមិនអធិប្បាយឡើយ។
ទាក់ទងនឹងការផ្អាកជំនួយ USAIDនេះ ក៏បានធ្វើឱ្យលោក សាន ដារ៉ាវិត ដែលជាយុវជនដឹកនាំការប្រមូលសំរាម សោកស្តាយយ៉ាងខ្លាំងផងដែរ។ លោក សាន ដារ៉ាវិត ជឿថា អ្នកផលិតមាតិកាពាក់ព័ន្ធនឹងកិច្ចការសង្គម ជាច្រើននាក់ទៀត បានរងផលប៉ះពាល់ដូចលោកដែរ។ ជាក់ស្ដែងអំឡុងឆ្នាំ២០២២ ដល់២០២៤ រូបលោកធ្លាប់ទទួលបានជំនួយគាំទ្រពី USAID លើការផលិតវីដេអូ ពាក់ព័ន្ធនឹងបរិស្ថាន។
លោក ដារ៉ាវិត ថ្លែងប្រាប់សារព័ត៌មានឌីជីថលថ្មីៗតាមទូរស័ព្ទថា៖ «នៅឆ្នាំនេះ ខ្ញុំគ្រោង នឹងរៀបចំផែនការ ស្នើសុំជំនួយទៅខាង USAID ទៀត ពាក់ព័ន្ធនឹងការអប់រំកុមារ ការកែច្នៃសំរាម និងបរិស្ថាន ដើម្បីបានជំនួយគាំទ្រ តែសោកស្ដាយជំនួយត្រូវបានផ្អាក។»។
អតីតយុវជន ដែលទទួលបានថវិកាគាំទ្រពី USAID រូបនេះ អះអាងថា កន្លងមក USAID មិនត្រឹមតែផ្ដល់ថវិកាគាំទ្រសកម្មភាពនោះទេ មានទាំងអ្នកជំនាញជួយបណ្ដុះបណ្ដាលផងដែរ។
លោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា) ដែលទទួលបានជំនួយគាំទ្រពី USAID ពាក់ព័ន្ធនឹងគម្រោងបណ្ដុះបណ្ដាលអ្នកសារព័ត៌មាន និងគម្រោងផ្ដល់ថវិកាដល់អ្នកសារព័ត៌មាន សម្រាប់ផលិតព័ត៌មានស៊ីជម្រៅនោះ បញ្ជាក់ថា សកម្មភាពខាងលើនេះ ត្រូវបានផ្អាកទាំងស្រុងហើយ។
សម្រាប់ នាយកប្រតិបត្តិ ខេមបូចា ការផ្អាកជំនួយនេះ គឺប៉ះពាល់ផ្ទាល់ទាំងស្ថាប័នរបស់លោក និងទាំងអ្នកសារព័ត៌មាន ខណៈពលរដ្ឋក្នុងសហគមន៍ និងរដ្ឋាភិបាល នឹងរងផលប៉ះពាល់ដោយប្រយោល។

លោក ណុប វី នាយកប្រតិបត្តិ សមាគម អ្នកសារព័ត៌មានកម្ពុជា ខេមបូចា។ រូបពី ហ្វេសប៊ុកលោក វី
លោក ណុប វី លើកឡើងបែបនេះ៖ «អ្នកសារព័ត៌មាន ដើរតួជាអ្នកឃ្លាំងមើលហេតុការណ៍ក្នុងសង្គម និងពាំនាំព័ត៌មាន តាមរយៈវិជ្ជាជីវៈ របស់ពួកគេ។ វាបានជំរុញឱ្យមានការទទួលខុសត្រូវមួយចំនួនពីកិច្ចការ មន្ត្រីខ្លះដែរ។ វាក៏រួមចំណែកការងារសង្គមផ្សេងៗទៀត ឱ្យមានតម្លាភាព ចូលរួមកាត់បន្ថយអំពើពុករលួយក្នុងសង្គម។ ប៉ុន្តែពេល ពួកគាត់មិនបានចូលរួមកិច្ចការទាំងនេះ នៅក្នុងសង្គមទេ វាមានន័យថា ការងារទាំងនោះធ្លាក់ទៅលើរដ្ឋាភិបាលតែម្នាក់ឯង ជាអ្នកដោះស្រាយបញ្ហាសង្គម។»។
លោក ណុប វី បន្ថែមថា ផលប៉ះពាល់របស់រដ្ឋ គឺមានវិបត្តិ និងមានបន្ទុកកាន់តែច្រើនត្រូវដោះស្រាយ ហើយការឆ្លើយតបតម្រូវការជាក់ស្ដែងរបស់ពលរដ្ឋ នឹងមានភាពយឺតយ៉ាវ
ជាហេតុនាំឱ្យសេចក្ដីទុកចិត្តពលរដ្ឋ ចំពោះរដ្ឋាភិបាលប្រែប្រួលផងដែរ។
«ករណីមានជំនួយគាំទ្រដល់សង្គមស៊ីវិល នឹងអាចរួមចំណែកដោះស្រាយកិច្ចការសង្គមបានច្រើន ពិសេសជំរុញឱ្យមានទំនួលខុសត្រូវសង្គម ពាំនាំសំឡេងរបស់អ្នកទុកខ្សោយឱ្យកាន់តែឮ និងការងារសង្គមកាន់តែមានគណនេយ្យភាព។»។ នាយកប្រតិបត្តិ ខេមបូចា ពន្យល់បន្ថែមបែបនេះ។

USAID បានជួយគាំទ្រលើវិស័យសុខាភិបាលនៅកម្ពុជា។ រូបពី USAID
លោក ប៉ា តុងចិន និង លោក ណុប វី ក៏បង្ហាញក្ដីសង្ឈឹម ថាអាម៉េរិក នឹងនៅតែបន្តគាំទ្រ ដោយផ្ដល់ជំនួយ និងគាំពារ ដល់កិច្ចការសង្គមនៅកម្ពុជា លើផ្នែកសិទ្ធិមនុស្ស បរិស្ថាន សុខភាព ពិសេសផ្នែកវិស័យសារព័ត៌មាន។ ព្រោះអ្នកទាំងពីរ យល់ថា វិស័យសារព័ត៌មាន ជាផ្នែកមួយដែលគាំទ្រនិងផ្សព្វផ្សាយ ពីសុខទុក្ខពលរដ្ឋ រួមទាំងសង្គមផងដែរ។
សូមជម្រាបថា ជំនួយពីអាម៉េរិក តាមរយៈ USAID ដែលស្ថាប័នទទួលខុសត្រូវលើជំនួយអន្តរជាតិរបស់អាម៉េរិក បានជួយដល់វិស័យជាច្រើននៅកម្ពុជា មានជាអាទិ៍ វិស័យអប់រំ កសិកម្ម បរិស្ថាន សេដ្ឋកិច្ច សន្តិសុខស្បៀង និងសុខភាពសាធារណៈជាដើម។ ជាង៣ទសវត្សរ៍ចុងក្រោយនេះ USAID ផ្ដល់ជំនួយដល់កម្ពុជាប្រមាណ ៣ពាន់លានដុល្លារ ខណៈក្នុងឆ្នាំ២០២៤ USAID បានប្រកាសផ្ដល់ជំនួយដល់កម្ពុជា ៥៥លានដុល្លារ៕
អ្នកសរសេរអត្ថបទ
កញ្ញា តេង យ៉ាលីរ៉ូហ្ស៊ី (Teng Yalirozy) ជាអ្នកសារព័ត៌មាន Cambodianess

© រក្សាសិទ្ធិដោយ thmeythmey.com