មនុស្ស៥នាក់ ត្រូវបានបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីពលរដ្ឋឥណ្ឌូណេស៊ីម្នាក់ធ្លាក់ពីលើអគារស្លាប់នៅក្រុងប៉ោយប៉ែត
- ថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៤:៥៩ នាទី រសៀល

ជនសង្ស័យជនជាតិឥណ្ឌូណេស៊ី ដែលសមត្ថកិច្ចឃាត់ខ្លួនបាន។ រូបពី ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
នគរបាលក្រុងប៉ោយប៉ែត បានបញ្ជូនជនសង្ស័យ៥នាក់ ជាជនជាតិឥណ្ឌូណេស៊ី ទៅតុលាការ ពាក់ព័ន្ធនឹងករណីឥណ្ឌូណេស៊ីម្នាក់ ធ្លាក់ពីលើអគារស្លាប់ នៅកាស៊ីណូក្រោនរីសត ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ។ ករណីមនុស្សធ្លាក់ពីលើអរគាស្លាប់នេះ កើតឡើងកាលពីថ្ងៃទី២កុម្ភៈ។ នេះបើតាមស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញផ្សាយលើទំព័រហ្វេសប៊ុក។

បើតាមស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដដែលបន្ទាប់ពីកើតហេតុ លោក សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ បានបញ្ជាឱ្យកម្លាំងនគរបាលជំនាញ ចុះស្រាវជ្រាវ និងរកឃើញថា ជនរងគ្រោះ ជាបុគ្គលិកកាស៊ីណូក្រោនរីសត។
តាមការស៊ើបអង្កេតរបស់សមត្ថកិច្ច ជនរងគ្រោះ ធ្លាក់ពីលើអគារ ក្រោយមានជម្លោះជាមួយមិត្តរួមការងារ។ ករណីនេះ បង្កឱ្យមានហិង្សាកើតឡើង ហើយជនរងគ្រោះ បានរត់គេចខ្លួនតាមបង្អួចជាន់ទី៣ នៃអគារកាស៊ីណូ ទើបបណ្ដាលឱ្យធ្លាក់ស្លាប់។
កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ បានសាកសួរជនសង្ស័យ ហើយអះអាងថា ៖«សង្ស័យទាំង ៥នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាមានជម្លោះ និងបានប្រើអំពើហិង្សា ជាមួយជនរងគ្រោះខាងលើពិតប្រាកដមែន»។
នៅថ្ងៃទី៣កុម្ភៈនេះ ប៉ូលិសជំនាញ កសាងសំណុំរឿង ហើយបញ្ជូនពួកគេទាំង៦នាក់ ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: