តួលេខចុងក្រោយ! អ្នកស្លាប់ក្នុងហេតុការណ៍ឆេះក្លិបមីតណាយ មាន២នាក់ និង៥នាក់របួសធ្ងន់
- ថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៤:០៩ នាទី រសៀល

ចំនួនអ្នកស្លាប់ នៅក្នុងហេតុការណ៍ឆេះក្លិបមីតណាយ មានតែ២នាក់ប៉ុណ្ណោះ ជាបុរស និងមនុស្ស ៥នាក់របួសធ្ងន់។ នេះគឺជាតួលេខចុងក្រោយ ដែលលោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ នៅរសៀលថ្ងៃទី៥ ខែកុម្ភៈនេះ បន្ទាប់ពីកម្លាំងជំនាញបញ្ចប់ប្រតិបត្តិការពន្លត់ និងស្វែងរកជនរងគ្រោះ ក៏ដូចជាប្រមូលភស្តុតាងនានា ដែលបង្កជាអគ្គិភ័យនេះ។

លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ ដូច្នេះ៖ «ព័ត៌មានចុងក្រោយដែលសមត្ថកិច្ចជំនាញរុករកប្រមូលបាននៅកន្លែងកើតហេតុ រុករកន្លែងឆេះនោះតែម្តង ចុងក្រោយមានអ្នករងរបួសចំនួន៥នាក់ធ្ងន់ ហើយអ្នកដែលស្លាប់ គឺចំនួន២នាក់។»។
អ្នកនាំពាក្យរូបនេះ ក៏បានកែតម្រូវ តួលេខបឋមនៃអ្នកស្លាប់ ដែលបានផ្តល់ជូនអ្នកសារព័ត៌មានផ្សព្វផ្សាយ ថាមានរហូតដល់ទៅ៤នាក់ និងអ្នករបួសដល់ទៅ៦នាក់ ប៉ុន្តែតួលេខចុងក្រោយ គឺមានស្លាប់តែ២នាក់ និងរបួស៥នាក់ប៉ុណ្ណោះ។
ចំពោះមូលហេតុនៃការឆាបឆេះ ត្រូវបានជំនាញសន្និដ្ឋានបឋមថា អាចបណ្តាលមកពីការធ្វេសប្រហែលរបស់ ក្រុមជាងផ្សារដែក ដែលបានទៅជួសជុល ក្នុងក្លិបកម្សាន្តនោះ។
បើតាមលោក សំ វិច្ឆិកា បច្ចុប្បន្ន សមត្ថកិច្ច កំពុងបន្តស្រាវជ្រាវអត្តសញ្ញាណ ជនរងគ្រោះ ទាំងអ្នកស្លាប់ និងអ្នករបួស ខណៈម្ចាស់ក្លិបកម្សាន្ត ត្រូវបានសមត្ថកិច្ចកោះហៅ ទៅសាកសួរបន្ថែមដែរ។ លោក សំ វិច្ឆិកា បញ្ជាក់ដូច្នេះ៖ «ជនរងគ្រោះ អ្នកស្លាប់ និងរបួសនេះ យើងកំពុងបន្តស្រាវជ្រាវរកអត្តសញ្ញាណ ហើយនឹងទំនាក់ទំនងក្រុមគ្រួសារ ដើម្បីទទួលសព យកទៅធ្វើបុណ្យតាមប្រពៃណី។»។
សូមបញ្ជាក់ថា អគ្គិភ័យនៅចំណុចក្លិបមីតណាយព្រីមៀរ ផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញនេះ កើតឡើងនៅម៉ោង ១០កន្លះ ព្រឹកថ្ងៃទី៥ ខែកុម្ភៈ។ បើតាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គិភ័យនេះត្រូវបានពន្លត់ទាំងស្រុង នៅម៉ោង ១៣:៣០នាទីរសៀល ថ្ងៃដដែល ដោយប្រើប្រាស់ឡានទឹកអស់ ៥៥គ្រឿង។ អគារក្លិប និងសម្ភារនៅក្នុងក្លិប ត្រូវបានឆេះទាំងស្រុង និងឆេះខូចខាតមូតូ៥គ្រឿងបន្ថែមដែរ៕
អ្នកសរសេរអត្ថបទ
កញ្ញា ខន ចំប៉ា ចូលរួមជាមួយសារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មានផ្នែកសង្គម និងគ្រប់គ្រងផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មានតួនាទីជានិពន្ធនាយកា៕

© រក្សាសិទ្ធិដោយ thmeythmey.com