ជប៉ុន ផ្ដល់ជំនួយ ១,៣លានដុល្លារ ដល់ JMAS ដល់វិស័យបោសសម្អាតគ្រាប់មីននៅកម្ពុជា
  • ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ២:២៩ នាទី រសៀល
ជប៉ុន ផ្ដល់ជំនួយ ១,៣លានដុល្លារ ដល់ JMAS ដល់វិស័យបោសសម្អាតគ្រាប់មីននៅកម្ពុជា
លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា (ខាងឆ្វេង) និងលោក អឹវ៉ាណុ ស៊ិហ្គេយឹគិ ប្រធានតំណាងអង្គការ JMAS ក្នុងពិធីចុះហត្ថលេខាផ្ដល់និងទទួលជំនួយ កាលពីថ្ងៃទី៥កុម្ភៈ។ រូបដោយ ឡាយ សុភាវតី

ភ្នំពេញ៖ ជប៉ុនផ្ដល់ជំនួយឥតសំណង ១ ៣០២ ៥៣៩ ដុល្លារ អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) សម្រាប់បោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោម នៅខេត្តបន្ទាយមានជ័យ និងស្ទឹងត្រែង។
TTN-Free-Banner-In-Article-PC


ការផ្ដល់ជំនួយឥតសំណងលើវិស័យបោសសម្អាតគ្រាប់មីនរបស់ជប៉ុននេះ ធ្វើឡើយនៅស្ថានទូតជប៉ុនប្រចាំកម្ពុជា ដោយមានលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោក អឹវ៉ាណុ ស៊ិហ្គេយឹគិ ប្រធានតំណាងអង្គការ JMAS ចូលរួម។ ពិធីប្រគល់ធ្វើឡើងកាលពីថ្ងៃទី៥កុម្ភៈ។ 

គម្រោងជំនួយឥតសំណងជាង១,៣លានដុល្លារ ផ្ដោតសំខាន់លើគម្រោងចំនួន២។ គម្រោងទី១ គឺគាំទ្រការស្ថាបនាឡើងវិញជាមួយការបោសសម្អាតមីននៅខេត្តបន្ទាយមានជ័យ ហៅកាត់(PRDB) គម្រោងនេះ ទទួលបានថវិកា ៦៥៤ ៤០២ដុល្លារ សម្រាប់បោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ១០០ហិកតា។ 

លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ រូបដោយ ឡាយ សុភាវតី 

ចំណែក គម្រោងទី២ គឺគាំទ្រការស្ថាបនាឡើងវិញ ជាមួយការបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តស្ទឹងត្រែង ហៅកាត់ (PRCS)។ គម្រោងនេះ ទទួលបានថវិកា ៦៤៨ ១៣៧ដុល្លារ។ គម្រោងក្នុងខេត្តស្ទឹងត្រែង នឹងបោសសម្អាតគ្រាប់បែកចង្កោមលើផ្ទៃដី២៤០ហិកតា។ 

នៅក្នុងពិធីចុះហត្ថលេខាប្រគល់និងទទួលជំនួយ លោក អ៊ូអិណុ អាត់ស៊ូស៊ី បង្ហាញក្ដីសង្ឃឹមថា ជំនួយរបស់ជប៉ុននេះ នឹងចូលរួមកាត់បន្ថយការរងទុក្ខរបស់មនុស្សជាតិ ដែលបណ្ដាលមកពីគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងទៀត។ ជាមួយគ្នាដែរ វានឹងជួយឱ្យពលរដ្ឋដែលនៅតំបន់រងគ្រោះមានសុខសន្តិភាព និងភាពប្រសើរជាងមុន។ 
លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងតំណាងអង្គការ JMAS ពិនិត្យមើលគម្រោងបោសសម្អាតមីន។ រូបដោយ ឡាយ សុភាវតី 

យ៉ាងណាក៏ដោយ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា យល់ថានៅមានបញ្ហាប្រឈមជាច្រើនទៀត ដែលត្រូវដោះស្រាយ ដូចជាបញ្ហាអប់រំ សុខភាព ការអភិវឌ្ឍសង្គម និងកាត់បន្ថយភាពក្រីក្រ។ លោក អ៊ូអិណុ អាត់ស៊ូស៊ី បានប្ដេជ្ញាបែបនេះ៖ «រដ្ឋាភិបាលជប៉ុន នឹងបន្តសហការជាមួយអង្គការក្រៅរដ្ឋាភិបាល អន្តរជាតិជប៉ុន ក្នុងការដោះស្រាយបញ្ហានានា បន្ថែមទៀតនៅកម្ពុជា»។ 

លោក អឹវ៉ាណុ ស៊ិហ្គេយឹគិ ប្រធានតំណាងអង្គការ JMAS បានពន្យល់បន្ថែម ពីគម្រោងទាំងពីរខាងលើ ផ្ដោតសំខាន់លើ ការផ្ទេរចំណេះដឹង បច្ចេកវិទ្យាគ្រឿងចក្រវាយនិងកម្ទេចមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ឱ្យទទួលបានសុវត្ថិភាពខ្ពស់ ទៅកាន់ CMAC។ លើសពីនេះ គឺផ្ដល់ចំណេះដឹកបច្ចេកទេសកសិកម្មទំនើបបែបជប៉ុន ទៅដល់កសិករក្នុងតំបន់ផងដែរ។ 
លោក អឹវ៉ាណុ ស៊ិហ្គេយឹគិ ប្រធានតំណាងអង្គការ JMAS ។ រូបដោយ ឡាយ សុភាវតី 

ក្នុងពិធីទទួលជំនួយ ប្រធានតំណាងអង្គការ JMAS បានលើកឡើងយ៉ាងដូច្នេះ៖ «យើងខ្ញុំនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីចូលរួមចំណែកជួយឱ្យការរស់របស់ពលរដ្ឋមូលដ្ឋាន បានរុងរឿង ព្រមទាំងជួយដល់ការអភិវឌ្ឍបន្ថែមដល់កម្ពុជា»។ 

ចាប់ពីឆ្នាំ២០០២ JMAS បានចូលរួមបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាមួយ CMAC។ ចំពោះ ជំនួយឥតសំណងរបស់ជប៉ុន ដែលបានជួយកម្ពុជា ក៏ចាប់ផ្ដើមពីឆ្នាំ២០០២ដែរ ដើម្បីគាំទ្រសកម្មភាពដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ជួយដល់ការអភិវឌ្ឍ និងស្ថាបនាកម្ពុជា។ គិតពីឆ្នាំ២០០២ ជប៉ុន បានជួយកម្ពុជា ៦០លានដុល្លារ ដល់គម្រោង១៦០ ដែលផ្ដោតសំខាន់លើ វិស័យអប់រំ សុខាភិបាល កសិកម្ម និងបោសសម្អាតមីន។ 
ពិធីប្រគល់ជំនួយឥតសំណង១,៣លានដុល្លារ របស់ជប៉ុន ក្នុងវិស័យបោសសម្អាតមីននៅកម្ពុជា។ រូបដោយ ឡាយ សុភាវតី 

វិស័យបោសម្អាតមីននិងគ្រាប់ទាន់ផ្ទុះ រដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅ បោសសម្អាតឱ្យអស់នៅឆ្នាំ២០២៥។ ប៉ុន្តែគម្រោងប្រកាសប្រទេសគ្មានមីននេះ ត្រូវបានយឺតយ៉ាវ ដោយសារក្រុមជំនាញរុករកឃើញជាបន្តបន្ទាប់ ខណៈពេលនេះ រដ្ឋាភិបាលអាម៉េរិកក៏បានផ្អាកជំនួយបរទេសផងដែរ។ 

កន្លងមកកម្ពុជា ទទួលបានជំនួយពីអាម៉េរិកប្រមាណ១០លានដុល្លារ ក្នុងវិស័យដោះមីននិងគ្រាប់មីនទាន់ផ្ទុះ។ ក្រោយពីអាម៉េរិកប្រកាសផ្អានជំនួយ អាជ្ញាធរមីនកម្ពុជា ក៏ប្រកាសពីផលប៉ះពាល ដែលមានបុគ្គលិកប្រមាណ ១ ០០០នាក់ ជួបបញ្ហា ហើយ CMAC ក៏ប្រកាសផ្អាកសកម្មភាពបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះរយៈពេល៨៥ថ្ងៃ ក្នុងខេត្តចំនួន៨។ 

យ៉ាងណាក៏ដោយ កម្ពុជាទទួលបានជំនួយជាបន្តបន្ទាប់ពីបណ្ដាប្រទសផ្សេងៗទៀតដែរ។ ជាក់ស្ដែង នៅថ្ងៃទី៥កុម្ភៈនេះដែរ ចិនបានផ្ដល់ជំនួយ៤,៤លានដុល្លារ សម្រាប់បោសសម្អាត់គ្រាប់មីនទាន់ផ្ទុះ។ កាលពីថ្ងៃទី៣០មករា អូស្រ្តាលី ក៏បានផ្ដល់ជំនួយ ១,២លានដុល្លារដែរ៕

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី