សង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលពិចារណាឡើងវិញ ចំពោះការហាមអ្នកកាសែតបរទេសម្នាក់ ចូលកម្ពុជា
- ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៣:៤៧ នាទី រសៀល

លោក យលោក ជឺរល ហ្វីលីន (Gerald Flynn) អ្នកសារព័ត៌មាន ជនជាតិអង់គ្លេស ចុះយកព័ត៌មាននៅខាងមុខតុលាការភ្នំពេញនាពេលកន្លងមក។ រូបពី លោក ផលនិស្ស័យ
ភ្នំពេញ៖ អង្គការសង្គមស៊ីវិល ចេញសេចក្តីថ្លែងការណ៍រួមគ្នា អំពាវនាវទៅអាជ្ញាធរឱ្យពិចារណាឡើងវិញ ចំពោះការមិនផ្ដល់ទិដ្ឋាការឱ្យលោក ជឺរល ហ្វីលីន (Gerald Flynn) អ្នកសារព័ត៌មាន ជនជាតិអង់គ្លេស ចូលមកកម្ពុជា ដើម្បីបន្តរាយការណ៍ពីបរិស្ថាន និងធនធានធម្មជាតិ។ ប៉ុន្តែមន្ត្រីអន្តោប្រវេសន៍ អះអាងថា សកម្មភាពការងារប្រចាំថ្ងៃរបស់លោក ជឺរល ហ្វីលីន ខុសពីគោលបំណងដែលស្នើសុំចូលកម្ពុជា។

អង្គការជាតិ និងអន្តរជាតិប្រមាណ២០ស្ថាប័ន មានអង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស (លីកាដូ), សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា), និងអង្គការឃាំងមើកសិទ្ធិមនិស្ស(HRW)ជាដើម បានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី៤កុម្ភៈ ជុំវិញករណីអាជ្ញាធរកម្ពុជា មិនផ្ដល់ទិដ្ឋាការឱ្យអ្នកកាសែតជនជាតិអង់គ្លេស លោក ជឺរល ហ្វីលីន ចូលកម្ពុជា។ ករណីនេះ ពួកគេចាត់ទុកជាការរំលោភបំពានទៅលើអ្នកសារព័ត៌មាន ដែលរាយការណ៍លើករណីរសើប និងបែបស៊ើបអង្កេតពីបទល្មើសព្រៃឈើ និងធនធានធម្មជាតិ។
ក្រុមសង្គមស៊ីវិល បានសង្កត់ធ្ងន់បែបនេះ៖ «យើងខ្ញុំសូមថ្កោលទោសចំពោះការបណ្តេញចេញដែលត្រូវបានធ្វើឡើងពុំត្រឹមត្រូវនេះ និងអំពាវនាវឱ្យអាជ្ញាធរធ្វើការសម្របសម្រួលឱ្យលោក បានត្រឡប់ចូលមកកម្ពុជា ដើម្បីបន្តការងាររបស់លោកវិញ»។
ក្រោយមកលោក ហ្វីលីន ដែលជាប្រធានក្លឹបអ្នកកាសែតបរទេសនៅកម្ពុជាផងនោះ បានត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី៥មករា។ នៅពេលអ្នកកាសែតបរទេសរូបនេះ មកដល់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ស្រាប់តែមន្ត្រីនគរបាលអន្តោប្រវេសន៍ បានហាមមិនឱ្យចូលកម្ពុជា ក្រោមហេតុផលទិដ្ឋាការក្លែងក្លាយ ហើយឈ្មោះអ្នកកាសែតអង់គ្លេសរូបនេះ ស្ថិតក្នុងបញ្ជីខ្មៅ តាំងពីថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០២៤។ ភ្លាមៗនោះ សមត្ថកិច្ចកម្ពុជា សម្រេចបញ្ជូន លោក ហ្វីលីន ទៅថៃវិញ។ នេះបើតាម លោក ហ្វីលីន ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ ។
អ្នកកាសែតជនជាតិអង់គ្លេសរូបនេះ បន្ថែមថា ចំណាត់ការរបស់មន្ត្រីកម្ពុជា ហាក់ដូចជាសងសឹករូបលោក ដែលបានបញ្ចេញវីដេអូឯកសារពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ ក្នុងគម្រោងឥណទានកាបូនរបស់កម្ពុជា នៅតំបន់ជួរភ្នំក្រវាញ ។
វីដេអូនេះ ត្រូវបានផ្សព្វផ្សាយនៅស្ថាប័ន France24 កាលពីថ្ងៃទី២២ វិច្ឆិកា។ ប្រភពព័ត៌មានដែលបង្ហាញមុខក្នុងវីដេអូនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅសួរនាំ ហើយក៏ត្រូវបានដោះលែងវិញ។
អ្នកសារព័ត៌មាន Mongabay បានបង្ហាញជំហរប្រាប់សារព័ត៌មានឌីជីថលថ្មីៗ នៅថ្ងៃទី៤ កុម្ភៈ យ៉ាងដូច្នេះ៖ «ពេលជួបបញ្ហាបែបនេះ ខ្ញុំមានការសោកស្ដាយ ហើយធ្លាក់ទឹកចិត្តដែរ តែវាមិនបានរារាំង ការរាយការណ៍ពីបញ្ហាបរិស្ថាន នៅកម្ពុជា រួមទាំងកម្រិតតំបន់នោះទេ! ខណៈពេលនេះ ខ្ញុំព្យាយាមគិតពីជំហានបន្ទាប់»។
ពាក់ព័ន្ធនឹងករណីនេះ លោក ប៉ែន ប៉ូណា អ្នកនាំពាក្យរដ្ឋាភិបាល សុំមិនអធិប្បាយឡើយ។
ដោយឡែកលោក ណុប វី នាយកប្រតិបត្តិ ខេមបូចា យល់ថា ការហាមឃាត់អ្នកសារព័ត៌មាន ដែលរាយការណ៍ពីធនធានធម្មជាតិ ចូលកម្ពុជាបែបនេះ គឺប៉ះពាល់ដល់សេរីភាពសារព័ត៌មានកាន់តែខ្លាំង ហើយក៏ប៉ះពាល់ដល់ការយកចិត្តទុកដាក់ដោះស្រាយលើវិស័យបរិស្ថាន និងធនធានធម្មជាតិផងដែរ។ នាយកប្រតិបត្តិរូបនេះ ចង់ឃើញរដ្ឋាភិបាល មានការឆ្លើយតបជាវិជ្ជមាន ជាជាងបដិសេធមិនឱ្យលោក ជឺរល ហ្វីលីន ចូលកម្ពុជា។

លោក ណុប វី នាយកប្រតិបត្តិ សមាគម អ្នកសារព័ត៌មានកម្ពុជា ខេមបូចា។ រូបពី ហ្វេសប៊ុកលោក វី jpg
ថ្លែងប្រាប់សារព័ត៌មានឌីជីថលថ្មីៗ លោក ណុប វី បានលើកឡើងបែបនេះ៖ «ចំណុចត្រូវដោះស្រាយ និងការឆ្លើយតប គឺចំណុចដែលអាជ្ញាធរ យល់ឃើញថាខ្វះខាត លើបញ្ហាកើតមានឡើងទាក់ទងនឹងទិដ្ឋាការរបស់គាត់ (លោក ជឺរល ហ្វីលីន) ហើយពិចារណាដោះស្រាយគ្នាហើយ អនុញ្ញាតឱ្យគាត់ចូលកម្ពុជាវិញ»។
ជុំវិញករណីលោក ជឺរល ហ្វីលីន អ្នកការសែតបរទេស ដែលរាយការណ៍ពីធនធានធម្មជាតិនៅកម្ពុជា ទៅឱ្យស្ថាប័ន Mongabay នេះ ត្រូវបានលោក សុខ សុមនា អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពន្យល់ថា កម្ពុជា មិនអាចអនុញ្ញាតឱ្យជនបរទេសណា ដែលបំពេញការងារ ខុសពីបំណងស្នើសុំក្នុងទិដ្ឋាការចូលកម្ពុជាឡើយ។
លោក សុខ សុមនា ប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា៖ «គាត់ដាក់ពាក្យមកកម្ពុជា ជាគ្រូបង្រៀនទេ តែទៅធ្វើអ្វីផ្សេង យើងទទួលយកអត់បាន»។

លោក សុខ សុមនា អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ រូបពី GDI
ចំពោះព័ត៌មានលម្អិត លោក សុមនា ស្នើឱ្យសាកសួរទៅកាន់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បន្ថែម។ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស ក៏ដូចលោក ប៉ែន បូណា ដែរ គឺសុំមិនបកស្រាយឡើយ។
រីឯស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា ក៏កំពុងរង់ចាំព័ត៌មានបន្ថែមពីក្រសួងការបរទេសកម្ពុជាដែរ ពាក់ព័ន្ធនឹងករណីលោក ជឺរល ហ្វីលីន។ «យើងគាំទ្រដល់បុរសជនជាតិអង់គ្លេស (ជឺរល ហ្វីលីន) ដើម្បីបញ្ជាក់ពីស្ថានភាពអន្តោប្រវេសន៍គាត់តាមរយៈក្រសួងការបរទេស»។ នេះបើតាមអ្នកនាំពាក្យស្ថានទូតអង់គ្លេសប្រចាំរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានថ្មីៗ តាមអ៊ីម៉ែល។
លោក ជឺរល ហ្វីលីន មិនអាចចូលកម្ពុជាវិញ ដោយសារផ្សព្វផ្សាយពីបទល្មើសព្រៃឈើ?
សម្រាប់លោក ជឺរល ហ្វីលីន ផ្ទាល់ក៏មិនបានទទួលព័ត៌មានច្រើន ពីភាគីអាជ្ញាធរកម្ពុជាដែរ។ លោក ហ្វីលីន បានត្រឹមតែដឹងថា មន្ត្រីអន្តោប្រវេសន៍ពិនិត្យឃើញទិដ្ឋាការលោក ជាបុគ្គលិកអគ្គិសនី ពោលគឺមិនមែនជាអ្នកសារព័ត៌មាន ហើយសកម្មភាពការងារ ខុសពីឯកសារក្នុងទិដ្ឋការ។ តែលោកអះអាងថា ខ្លួនជាអ្នកសារព័ត៌មាន ហើយពុំដែលមានបញ្ហាអ្វីឡើយ នៅក្នុងទិដ្ឋាការលោក នាពេលកន្លងមក។
ទាក់ទងបញ្ហានេះ លោក មេង គ្រុយពន្លក អ្នកសារព័ត៌មានឯករាជ្យ ដែលធ្លាប់ធ្វើការជាមួយលោក ជឺរល ហ្វីលីន យល់ឃើញថា ការងាររបស់អ្នកកាសែតបរទេសរូបនេះ តែងតែរាយការណ៍ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ និងការបំផ្លាញធនធានធម្មជាតិនៅកម្ពុជា។ ហេតុនេះ វាបានអាចប៉ះពាល់ប្រយោជន៍របស់ក្រុមអ្នកមានលុយ និងអំណាច។
លោក គ្រុយ ពន្លក បានស្នើទៅរដ្ឋាភិបាលយ៉ាងដូច្នេះ៖ «យើងទទូចស្នើឱ្យរដ្ឋាភិបាលពិចារណាឡើងវិញ ក្នុងការអនុញ្ញាតឱ្យគាត់ត្រឡប់មកវិញ និងធ្វើការងារដោយសេរី។ ដ្បិតកន្លងមក ការងារគាត់ ជាការងារជួយដល់បរិស្ថាន សហគមន៍ និងសហគមន៍ជនជាតិភាគតិច។ ខ្ញុំសង្ឃឹមថារដ្ឋាភិបាលយកអ្នកកាសែតជាមិត្ត និងជាដៃគូក្នុងការសហការ ដើម្បីអភិវឌ្ឍន៍ទាំងអស់គ្នា»។
ទាក់ទិននឹងករណីខាងលើ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន ឆ្លើយតបយ៉ាងខ្លីថា ក្រសួងកំពុងពិនិត្យ ពីដំណើររឿងនេះ។
ដោយឡែកលោក តាត ឧត្តម អ្នកសារព័ត៌មានឯករាជ្យ និងជាសកម្មជនបរិស្ថាន មានការសោកស្ដាយ នៅពេលទទួលព័ត៌មានពីលោក ជឺរល ផ្ទាល់ ជុំវិញដំណឹងហាមមិនឱ្យចូលកម្ពុជានេះ។
លោក ឧត្តម ចាត់ទុកអ្នកសារព័ត៌មានបរទេសរូបនេះ ជាអ្នកសារព័ត៌មាន សកម្មក្នុងការសរសេររឿងបទល្មើសព្រៃឈើ ការនាំឈើចេញទៅក្រៅប្រទេស និងភាពអសកម្មរបស់មន្ត្រីមួយចំនួន ។ លោក ឧត្តម យល់ថា រដ្ឋាភិបាលគួរពិនិត្យលើរឿងនេះ ទើបដឹងពីចំណុចមិនប្រក្រតី និងភាពអសកម្មក្នុងសង្គម។
លោក ឧត្តម បានអំពាវនាវបែបនេះ៖ «សូមឱ្យរាជរដ្ឋាភិបាលបើចិត្តឱ្យទូលាយ ទទួលយកការពិត ដែលអ្នកសារព័ត៌មានទាំងឡាយ រាយការណ៍ពីបញ្ហាដែលកើតមាននៅកម្ពុជា ព្រោះយើងមិនអាចបិទបាំងបានឡើយ បើបិទបាំងមានន័យថាយើងកំពុងបំផ្លាញធនធានធម្មជាតិ។ សូមលោកមេត្តា ឱ្យគាត់(ជឺរល) វិលចូលកម្ពុជាវិញ ដើម្បីបំពេញការងារបន្តទៀត»។
ចំណែកលោក សុខ សុមនា អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អះអាងថា កម្ពុជា មានអធិបតេយ្យភាពពេញលេញ និងគ្រប់ពេល ក្នុងការហាមមិនឱ្យជនបរទេសចូលកម្ពុជា ក្រោមហេតុផលណាមួយ។
យ៉ាងណាក៏ដោយលោក ជឺរល ហ្វីលីន មើលឃើញវិស័យសារព័ត៌មាន មិនមានភាពល្អប្រសើរដែរ។ ប៉ុន្តែ លោកជឿថា អ្នកសារព័ត៌មានជំនាញៗនៅកម្ពុជា មិនរួញរា ក្នុងការរាយការណ៍ ឬបង្ហាញការពិតឡើយ៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com