មនុស្ស ៣នាក់របួសធ្ងន់ និង១១នាក់របួសស្រាល ក្នុងឧបទ្ទវហេតុ ឡានបុកជម្រាលភ្នំ នៅមណ្ឌលគិរី
- ថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៣:៥០ នាទី រសៀល

ឧបទ្ទវហេតុឡានបុកជម្រាលភ្នំនៅមណ្ឌលគិរី។ រូបពី ស្នងការរងនគរបាលខេត្តមណ្ឌលគិរី
ភ្នំពេញ៖ រថយន្តដឹកសិស្សនិស្សិតរបស់សាកលវិទ្យាល័យភូមិន្ទកសិកម្មមួយគ្រឿង បានជួបឧបទ្ទវហេតុ បើកបុកជម្រាលភ្នំ នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដោយសារការធ្វេសប្រហែសរបស់អ្នកបើកបរ បណ្ដាលឱ្យមានអ្នករងរបួសធ្ងន់៣នាក់ និងស្រាល១១នាក់។ នេះបើតាម លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី។

ឧបទ្ទវហេតុ កើតឡើងកាលពីព្រឹកថ្ងៃទី៧កុម្ភៈ ចន្លោះគីឡូម៉ែត្រលេខ ៤២-៤៣ ស្ថិតនៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ អ្នកដំណើរក្នុងឡានទាំងអស់មាន៤៦នាក់ ក្នុងនោះមានសង្ឃ៣អង្គ។

ស្នងការនគរបាលខេត្តមណ្ឌលគិរី អះអាងប្រាប់សារព័ត៌មានឌីជីថលថ្មីៗតាមប្រព័ន្ធទូរស័ព្ទថា ករណីខាងលើនេះ មិនមានប៉ះពាល់ដល់អាយុជីវិតឡើយ ប៉ុន្តែមានអ្នករបួសធ្ងន់៣នាក់ ដែលជាអ្នកបើកបរ និងសិស្សអង្គុយក្បែរអ្នកបើកបរ។ ពួកគេ ត្រូវបានបញ្ជូនមករាជធានីភ្នំពេញវិញ ដើម្បីសង្គមបន្ទាន់។ ចំណែក ១១នាក់ ដែលរបួសស្រាល បាននាំទៅការមន្ទីរពេទ្យក្នុងខេត្ត និងខ្លះត្រឡប់មកភ្នំពេញ។
«បន្ទាប់ពីកើតហេតុភ្លាមៗ យើងបានបញ្ជូនក្រុមការងារចុះទៅជួយ និងរៀបចំរថយន្តចំនួន៣គ្រឿងសម្រាប់ដឹងអ្នករបួស។ ករណីនេះ កើតឡើងដោយសារ អ្នកបើកឡានខ្វះបទពិសោធ និងធ្វេសប្រហែស»។ លោក ឡោ សុខា បានបញ្ជាក់បែបនេះ ហើយអំពាវនាវា ឱ្យអ្នកបើកបរទាំងអស់ដែលបើកឆ្លងកាត់ខេត្តមណ្ឌលគិរី បង្កើនការយកចិត្តទុកដាក់ ដោយសារភូមិសាស្រ្តនៅតំបន់ភូមិភាគឦសានមានភ្នំ ជ្រោះ និងព្រៃឈើច្រើន៕


អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com