សម្តេច ហ៊ុន សែន៖ ជ្រក ក្រោមឈ្មោះមន្ត្រីកិច្ចសន្យា ដើម្បីបានក្របខណ្ឌ ជាបញ្ហា!
- ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ១០:១៤ នាទី ព្រឹក

សម្ដេច ហ៊ុន សែន បានបដិសេដ មិនផ្តល់ក្របខណ្ឌពិសេស ដល់គ្រូបង្រៀន និងគ្រូពេទ្យស្ម័គ្រចិត្ត និងកិច្ចសន្យាមួយចំនួន តាមការបិណ្ឌបាត្រ របស់សម្តេចសង្ឃ បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ និងសម្តេច វង្ស អានេតា ព្រះចៅអធិការវត្តព្រះឥន្ទសាមគ្គីធម៌ នោះទេ។

ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា បរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នៅថ្ងៃទី១១ ខែកុម្ភៈនេះ ប្រមុខព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ថ្លែងថា ខ្លួនលែងជាសម្រេចលើកិច្ចការជ្រើសរើសមន្ត្រីនេះទៀតហើ។
ភារកិច្ចជ្រើសរើសមន្ត្រីក្របខណ្ឌ គឺជាការទទួលខុសត្រូវរបស់ក្រសួងមុខងារសាធារណៈ និងក្រសួងសាមី តួយ៉ាងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល។ ការជ្រើសរើសមន្ត្រីក្របខណ្ឌនោះទៀតសោត គឺត្រូវអនុវត្តតាមប្រព័ន្ធតែមួយ នោះគឺការប្រឡង។
សម្តេច ហ៊ុន សែន បញ្ជាក់ថា៖«ឥឡូវ រដ្ឋាភិបាលកំពុងធ្វើកំណែទម្រង់ស៊ីជម្រៅទាក់ទង ទៅលើបញ្ហា ទាក់ទិនទៅនឹងការបណ្តុះបណ្តាល ការទទួលយកក្របខណ្ឌ។ គ្រាន់តែកន្លងទៅ ប្រឡងគ្រូ ពេទ្យ ប៉ុន្មានរយនាក់ ត្រូវរើសទូទាំងប្រទេសមកប្រឡង។ ដូច្នេះខ្ញុំករុណា ខ្ញុំគិតថា គួរត្រូវតែអនុវត្តន៍ទៅតាមប្រព័ន្ធដូចគ្នា។ បើមិនអ៊ីចឹង ម្នាក់ៗគឺសម្រុកទៅរកទីកន្លែងមួយបានក្របខណ្ឌពិសេស។»។
ការរឹតបន្តឹងការជ្រើសរើសមន្ត្រីក្របខណ្ឌ ត្រូវបានអនុវត្តន៍ តាំងពីពាក់កណ្តាលអាណត្តិទី៦ គ្រាដែលសម្តេច ហ៊ុន សែន នៅជានាយករដ្ឋមន្ត្រីឯណោះ។ បើតាម សម្តេច ហ៊ុន សែន បញ្ហាចម្បងនៃការផ្តល់ក្របខណ្ឌពិសេស មិនត្រូវបានអនុវត្តតាមប្រព័ន្ធតែមួយ នឹងប៉ះពាល់ដល់ប្រសិទ្ធភាពនៃការអនុវត្តការងារ និងផែនការហិរញ្ញវត្ថុ របស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែវានឹងបង្កនូវភាពអយុត្តិធម៌ដល់បេក្ខជន ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងអ្នកដែលប្រឡងមិនជាប់។
ប្រមុខព្រឹទ្ធសភាកម្ពុជា ថ្លែងថា៖ «ខ្ញុំករុណា មិនអាចឆ្លើយដូចមុន បាន បាន! អត់ទេ! ព្រោះឥឡូវគឺថា តាំងពីពាក់កណ្តាលអាណត្តិមុន ខ្ញុំឱ្យរឹតបន្តឹងការរើសក្របខណ្ឌតែម្តង។ ការរើសក្របខណ្ឌ! ចួនកាលចូលនិវត្តន៍២នាក់ ឱ្យរើសតែ១នាក់។ ប៉ុន្តែយើងឱ្យអាទិភាព ទៅលើគ្រូ និងពេទ្យ។ ប៉ុន្តែគ្រូ និងពេទ្យរបស់យើង ក៏ត្រូវតែពិនិត្យអំពីគុណសម្បត្តិ តើមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេ? បើគ្រាន់តែមកជ្រក ដើម្បីតែនឹងទទួលបានក្របខណ្ឌ។ វាជារឿងអយុត្តិធម៌ ចំពោះបញ្ហាដទៃទៀត។»។
ទោះយ៉ាងណា សម្តេច ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទទួលស្គាល់ថា កន្លងមកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានសម្រេចភ្លាមៗ ក្នុងការផ្តល់ក្របខណ្ឌរដ្ឋដល់គ្រូពេទ្យ និងគ្រូបង្រៀនកិច្ចសន្យា តួយ៉ាងនៅតំបន់រុនតាឯក ក្នុងខេត្តសៀមរាប និងនៅខេត្តពោធិ៍សាត់ជាដើម ព្រោះថាទីនោះ គឺជាតំបន់ដាច់ស្រយាល ដែលគ្រូពេទ្យ និងគ្រូបង្រៀន បានស្ម័គ្រចិត្តទៅបំពេញភារកិច្ច។
កាលពីអំឡុងដែលកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសកលកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចផ្តល់ក្របខណ្ឌរដ្ឋ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរាប់រយនាក់ ដែលចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំង និងព្យាបាលអ្នកឆ្លងកូវីដ-១៩។
ប្រមុខព្រឹទ្ធសភា បញ្ជាក់ថា ទាំងនេះ គឺជាករណីពិសេស និងបានស្នើឱ្យក្រសួងមុខងារសាធារណៈ ព្រមទាំងក្រសួងសាមី ត្រូវគិតគូរ និងត្រួតពិនិត្យ ឱ្យបានហ្មត់ចត់ទាក់ទងនឹងការ ជ្រើសរើសមន្ត្រីក្របខណ្ឌនៅពេលបន្តបន្ទាប់ទៀត ដើម្បីធានាបានប្រសិទ្ធភាព និងយុត្តិធម៌។
គួរជ្រាបថា ការណ៍ដែលសម្តេចសង្ឃ បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ និងសម្តេច វង្ស អានេតា ព្រះចៅអធិការវត្តព្រះឥន្ទសាមគ្គីធម៌ បិណ្ឌបាត្រសុំក្របខណ្ឌរដ្ឋ ដល់គ្រូបង្រៀននៅពុទ្ធកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងគ្រូពេទ្យស្ម័គ្រចិត្តនៅមណ្ឌលសុខភាព ក្នុងវត្តស្វាយពពែមួយចំនួន ត្រូវបើកបៀរវត្ស និងប្រាក់កម្រៃ ដោយប្រើប្រាស់បច្ច័យដែលបានមកពីបិណ្ឌបាត្រ និងការរៀបចំកម្មវិធីបុណ្យនានារបស់វត្ត។
ការចំណាយក្នុងមួយខែៗ គឺប្រមាណ ១៦០លានរៀល ក្នុងនោះរដ្ឋបាលខេត្ត រួមចំណែកថវិកាប្រមាណ ២លានរៀល រាល់ខែ។ តបនឹងការបិណ្ឌបាត្រនេះ ដ្បិតមិនអាចផ្តល់ជូនក្របខណ្ឌរដ្ឋដល់គ្រូបង្រៀន និងគ្រូពេទ្យ ប៉ុន្តែសម្តេច ហ៊ុន សែន សន្យាជួយឧបត្ថម្ភប្រចាំខែ ១០០លានរៀល សម្រាប់រយៈពេល១២ខែសិន។ ជាដំណោះស្រាយបន្ទាប់ក្នុងរឿងនេះ ត្រូវការការពិភាក្សាបន្ថែម នៅពេលក្រោយ៕
អ្នកសរសេរអត្ថបទ
កញ្ញា ខន ចំប៉ា ចូលរួមជាមួយសារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មានផ្នែកសង្គម និងគ្រប់គ្រងផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មានតួនាទីជានិពន្ធនាយកា៕

© រក្សាសិទ្ធិដោយ thmeythmey.com