សមត្ថកិច្ច ចាប់បាន​គ្រឿងញៀនជាង៤២តោន និ​ង​សារធាតុគីមីផ្សំជិត ៦០០តោន ពីឆ្នាំ២០១៧-២០២៤
  • ថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៣:៤៧ នាទី រសៀល
សមត្ថកិច្ច ចាប់បាន​គ្រឿងញៀនជាង៤២តោន និ​ង​សារធាតុគីមីផ្សំជិត ៦០០តោន ពីឆ្នាំ២០១៧-២០២៤
សកម្មភាព​អាជ្ញាធររៀបចំដុតបំផ្លាញគ្រឿងញៀននៅឆ្នាំ២០២៤។ រូបភាព៖ មឿន ម៉ាក់ថុង

ភ្នំពេញ៖ ចាប់ពីឆ្នាំ២០១៧-២០២៤ សមត្ថកិច្ច​ជំនាញ ចាប់​បាន​គ្រឿង​ញៀនគ្រប់ប្រភេទប្រមាណ ៤២ ៨៤៨ គីឡូក្រាម និងសារធាតុគីមីផ្សំប្រមាណ ៥៩៦ ៣៩៩ គីឡូក្រាម រួមទាំងរឹបអូសមធ្យោបាយ សម្ភារ និងវត្ថុតាង ទ្រព្យសម្បត្តិ និងបង្កកអចលនទ្រព្យជាច្រើនកន្លែង។ នេះបើរបាយការណ៍នៅក្នុង​ផែនការ​ស្ដី​ពី​យុទ្ធនាការប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​លើកទី១០ ឆ្នាំ​២០២៥។
TTN-Free-Banner-In-Article-PC


ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនធ្វើ​ឡើងជាបន្ត​បន្ទាប់ ដើម្បី​ឆ្លើយ​តប​នឹង​ផែនការស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែល​បាន​ដាក់ចេញ​ចាប់តាំងពីឆ្នាំ​២០១៧មក។

ទោះបីជាប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនខុសច្បាប់ទទួលបានលទ្ធផលជាវិជ្ជមានក្តី តែរាជរដ្ឋាភិបាល ពិនិត្យឃើញបញ្ហាប្រឈមថ្មីមួយចំនួនដែលបានកើតឡើង។

ប្រមុខរដ្ឋាភិបាល សង្កេត​ឃើញ ការប្រើប្រាស់ល្បិចកលនាំចូលនូវសារធាតុគីមីបម្រើឱ្យវិស័យកសិកម្ម ឧស្សាហកម្ម បន្លំយកមកកែច្នៃផលិតជាសារធាតុញៀន សំយោគ ការផ្លាស់ប្តូរច្រក និងផ្លូវចរាចរ រួមទាំងរូបភាពនៃការនាំចូលឆ្លងកាត់ ការកែច្នៃផលិតជាដើម។ បើតាម​ទិន្នន័យ​ក្នុង​ផែនការ​ខាងលើ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បាន​ជំរុញការអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយបានបិទទីតាំងអាជីវកម្មសរុបចំនួន ៤៨ កន្លែង។

ចាប់ពីឆ្នាំ២០១៧-២០២៤ សមត្ថកិច្ច បានបើកប្រតិបត្តិការបង្ក្រាបបទល្មើស គ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យជាច្រើនម៉ឺននាក់ និងចាប់យកគ្រឿងញៀនគ្រប់ប្រភេទមានទម្ងន់ ប្រមាណ ៤២ ៨៤៨ គីឡូក្រាម និងសារធាតុគីមីផ្សំប្រមាណ ៥៩៦ ៣៩៩ គីឡូក្រាម។ ក្រៅពីនោះ ក៏​បាន​រឹបអូសមធ្យោបាយ សម្ភារ និងវត្ថុតាង ទ្រព្យសម្បត្តិ និងបង្កកអចលនទ្រព្យជាច្រើនកន្លែងផងដែរ។ 
អត្ថបទទាក់ទង

ទន្ទឹម​នឹង​នេះ សមត្ថកិច្ចបានស្រាវជ្រាវរកឃើញ និងបង្ក្រាបបទល្មើសគ្រឿងញៀនដែលមានអង្គការចាត់តាំងចំនួន ៦២៧ ករណី ឃាត់ខ្លួនឧក្រិដ្ឋជនមេខ្លោង ១៩៥ នាក់ និងបណ្តាញខ្សែរយៈ ១ ៤៥៣ នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។ របាយការណ៍ បញ្ជាក់ថា សមត្ថកិច្ច​ ក៏​ បានបញ្ជូនអ្នកញៀនគ្រឿងញៀនទៅទទួលការព្យាបាល និងស្តារនីតិសម្បទាចំនួន ១៤៥ ៧៩០នាក់ បានធ្វើសមាហរណកម្មចូលក្នុងគ្រួសារ និងសហគមន៍វិញសរុបចំនួន ៨១ ៦៧៥ នាក់៕ 

អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ  (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។     ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។    ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ