នាយករដ្ឋមន្រ្តី ចាត់ទុកការប្រើគ្រឿងញៀននៅតាមសហគមន៍​ ជាបញ្ហារ៉ាំរ៉ៃ ដែលបង្កគ្រោះថ្នាក់ដល់សង្គម
  • ថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៦:៥៩ នាទី ល្ងាច
នាយករដ្ឋមន្រ្តី ចាត់ទុកការប្រើគ្រឿងញៀននៅតាមសហគមន៍​ ជាបញ្ហារ៉ាំរ៉ៃ ដែលបង្កគ្រោះថ្នាក់ដល់សង្គម

ភ្នំពេញ៖ «ក្តីបារម្ភ ដែលជាបញ្ហាប្រឈមរ៉ាំរ៉ៃ និងកំពុងបង្កហានិភ័យដល់សង្គមជាតិនោះគឺ ការប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍នៅតែបន្តកើតមាននៅឡើយ និងកំពុងតែទាមទារឱ្យចាត់វិធានការជាអាទិភាព ដើម្បីដោះស្រាយ ប្រកបដោយប្រសិទ្ធភាពបានទាន់ពេលវេលា»។ នេះជាការ​លើកឡើងរបស់សម្ដេច ហ៊ុន ម៉ាណែត តាមរយៈ​ផែនការ​ស្ដីពីយុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុសច្បាប់​លើកទី១០។​
TTN-Free-Banner-In-Article-PC


ចាប់ពីឆ្នាំ២០១៧មក តាមរយៈយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ សមត្ថកិច្ចជំនាញ និង​មន្រ្តី​ពាក់ព័ន្ធ បាន​បើក​ប្រតិបត្តិការ​បង្រ្កាប​គ្រឿងញៀន​ខុស​ច្បាប់ជាហូរហែ ដោយ​ក្របួចបាន​ជនសង្ស័យជាច្រើនម៉ឺននាក់​។ ទោះ​ជា​យ៉ាង​ណា​ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា សង្កេត​ឃើញថា បញ្ហាគ្រឿងញៀន​ខុសច្បាប់នេះ មិនទាន់ថមថយនៅឡើយ​។ 

ក្នុង​ផែនការស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ ឆ្នាំ២០២៥ ប្រមុខរដ្ឋាភិបាលកម្ពុជា បាន​បង្ហាញ​ក្ដី​បារម្ភ ដោយ​ចាត់ទុកការប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍​ ជាបញ្ហាប្រឈមរ៉ាំរ៉ៃ និងកំពុងបង្កហានិភ័យដល់សង្គមជាតិ។ បើតាម​សម្ដេច​នាយករដ្ឋមន្រ្តី ​បញ្ហាប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍​ ដែល​​នៅតែបន្តកើតមាននេះ កំពុងតែទាមទារឱ្យចាត់វិធានការជាអាទិភាព ដើម្បីដោះស្រាយ ប្រកបដោយប្រសិទ្ធភាពបានទាន់ពេលវេលា។ 

ដើម្បីដោះស្រាយ​បញ្ហា​គ្រឿងញៀននេះ សម្ដេច ហ៊ុន ម៉ាណែត ណែនាំ​បើកយុទ្ធនាការជាប្រចាំបោសសម្អាតបណ្តាញឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជាក្រុមតូចៗ និងត្រូវអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។ លើស​ពីនេះ​ ត្រូវបន្តស្រាវជ្រាវរកប្រភពនៃគ្រឿងញៀន និងក្រុមមេខ្លោង បណ្តាញខ្សែរយៈ ដើម្បីបំផ្លាញឱ្យដល់ឫសគល់។ 

ជាមួយ​គ្នានេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ត្រូវដឹកនាំ កម្លាំងអនុវត្តច្បាប់ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការម៉ឺងម៉ាត់ក្នុងការស្វែងរកឱ្យឃើញ និងទប់ស្កាត់ការលួចលាក់នាំចូលគ្រឿងញៀនខុសច្បាប់ឆ្លងកាត់ព្រំដែនចូលមកក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួន ឬឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត។ សម្ដេច ហ៊ុន ម៉ាណែត ចង់ឱ្យ​មន្រ្តី​ទាំងអស់​ បំពេញតួនាទី ឱ្យសកម្មថែមទៀត ដើម្បីដោះស្រាយចំពោះការរាយការណ៍ ពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងគ្រឿងញៀនតាមប្រព័ន្ធកម្មវិធីទូរស័ព្ទដៃ NoDrug ឱ្យបានទាន់ពេលវេលា។

មួយវិញទៀត សម្ដេចនាយករដ្ឋមន្រ្តី ក៏ជំរុញឱ្យ​បើកយុទ្ធនាការជាប្រចាំបោសសម្អាតអ្នកប្រើប្រាស់គ្រឿងញៀន តាមរយៈការសហការផ្តល់ព័ត៌មានពីអាណាព្យាបាល គ្រឹះស្ថានសិក្សា ឬសហគមន៍ ដើម្បីធ្វើការអប់រំ បន្សាប ព្យាបាលនៅតាមសហគមន៍ ឬបញ្ជូនទៅមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទា។​ បន្ថែម​លើនេះ ត្រូវ​តាមដាន គ្រប់គ្រង និងបង្ក្រាបឱ្យបានម៉ឺងម៉ាត់នូវសកម្មភាពកែច្នៃផលិតគ្រឿងញៀនសំយោគ ការដាំដុះ ការចម្រាញ់ ការនាំចូលវត្ថុធាតុដើមជាសារធាតុគីមីផ្សំដែលអាចកែច្នៃផលិតគ្រឿងញៀនសំយោគ ក្នុង​ដែនសមត្ថកិច្ច​របស់រាជធានី-ខេត្តនីមួយៗ​។ 

អត្ថបទទាក់ទង

សូម​បញ្ជាក់ថា ចាប់ពីឆ្នាំ​២០១៧-២០២៤ សមត្ថកិច្ចជំនាញ ចាប់បានគ្រឿងញៀនគ្រប់ប្រភេទប្រមាណ ៤២ ៨៤៨ គីឡូក្រាម និងសារធាតុគីមីផ្សំប្រមាណ ៥៩៦ ៣៩៩ គីឡូក្រាម រួមទាំងរឹបអូសមធ្យោបាយ សម្ភារៈ និងវត្ថុតាង ទ្រព្យសម្បត្តិ និងបង្កកអចលនទ្រព្យជាច្រើនកន្លែង។ នេះបើរបាយការណ៍នៅក្នុងផែនការស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ ឆ្នាំ២០២៥៕ 

អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ  (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។     ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។    ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ