ចចាមអារ៉ាមយកលុយជាងកាំបិតនៅត្បូងឃ្មុំ! តុលាការនឹងស៊ើបអង្កេត ខណៈស្នងការអនុវត្តតាមវិជ្ជាជីវៈ
  • ថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៩:០៩ នាទី យប់
ចចាមអារ៉ាមយកលុយជាងកាំបិតនៅត្បូងឃ្មុំ! តុលាការនឹងស៊ើបអង្កេត ខណៈស្នងការអនុវត្តតាមវិជ្ជាជីវៈ
ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លូនបាន រួមទាំងកាំបិតនិងដាវ។ រូបពី ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។

ភ្នំពេញ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ អះអាងពីស្រាវជ្រាវលើរឿងរ៉ាវ ចចាមអារ៉ាម ពាក់ព័ន្ធនឹងការដោះលែងអ្នកផលិតកាំបិតឱ្យត្រឡប់ទៅផ្ទះ ជាថ្នូរនឹងប្រាក់៥៥០០ដុល្លារ។ បើតាម អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ សំណុំរឿងបង្ក្រាបទីតាំងផលិតនិងចរាចរណ៍អាវុធប្រហារ កាលពីថ្ងៃទី៦ ខែកុម្ភៈ នៅភូមិទួលសំបូរ ឃុំត្រពាំងព្រីង ស្រុកតំបែរ គឺកំពុងដំណើរការនីតិវិធីនៅតុលាការ។
TTN-Free-Banner-In-Article-PC


នាថ្ងៃទី១២ ខែកុម្ភៈនេះ អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានចេញសេចក្ដីលិខិតបកស្រាយព្រមគ្នា ពាក់ព័ន្ធនឹងការឃាត់ខ្លួនជាងកាំបិតពីររូប។ ការចេញបកស្រាយនេះ ទំនងដោយសារតែមហាជនរិះគន់ ពីចំណាត់ការរបស់សមត្ថកិច្ច រួមទាំងមានពាក់ចចាមអារ៉ាម ពីការយកប្រាក់ពីជនសង្ស័យ។ 

បើតាមការពន្យល់របស់អ្នកនាំពាក្យ អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ក្រោយពីតំណាងអយ្យការ សាកសួរជនសង្ស័យទាំងពីរនាក់ ដែលមានលោក សា សូទី និង លោក អិន ប្រុសទូច រួចរាល់ហើយ ក៏បានសម្រេចឱ្យពួកគេទៅផ្ទះ ជាបណ្ដោះអាសន្ន តាមការស្នើសុំធានាកូនក្ដីរបស់មេធាវី។  តែយ៉ាងណាមិញសំណុំរឿងពាក់ព័ន្ធនឹងការផលិតនិងចរាចរណ៍អាវុធប្រហារនោះ គឺតំណាងអយ្យការកំពុងស៊ើបអង្កេតបន្ត។ 

ពាក់ព័ន្ធនឹងការដោះលែងបុគ្គលទាំងពីរខាងលើ លោក ផែង វណ្ណៈ ដែលជាអ្នកសារព័ត៌មានមួយរូប បង្ហាញថា គឺមានការដោះដូរលុយ ជាថ្នូរទឹកប្រាក់មួយចំនួនទើបពួកគេអាចចេញនៅក្រៅឃុំ។

លោក ផែង វណ្ណៈ បានសរសេរលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី១១ ខែកុម្ភៈ យ៉ាងដូច្នេះ៖ «ជាងកាំបិតរួចខ្លួន អស់៥៥០០ដុល្លារ។ យកលុយគេហើយហាមគេមិនឱ្យនិយាយទៀត?»។ ជាមួយគ្នានេះ លោកបានណែនាំ អ្នកដែលយកប្រាក់នោះ ឱ្យប្រាក់ទៅជាងកាំបិទវិញ។ 

ព័ត៌មាននេះ ត្រូវបានមហាជននាំគ្នារិះគន់ និងចែកចាយជាហូរហែនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ ចំណែក អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ទុករឿងនេះជាពាក្យចចាមអារ៉ាម។ 

«អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នឹងស្រាវជ្រាវបន្ថែមលើពាក្យចចាមអារ៉ាម ដែលបានលើកឡើងថា ការដោះលែងអ្នកផលិតកាំបិតឱ្យបានត្រឡប់ទៅផ្ទះវិញ ជាថ្នូរនឹងប្រាក់៥៥០០ដុល្លារ»។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានដដែលរបស់អ្នកនាំពាក្យ អយ្យការអមសាលាដំបូងត្បូងឃ្មុំ នាថ្ងៃទី១២ ខែកុម្ភៈនេះ។


ទាក់ទិននឹងករណីនេះ ប្រពន្ធលោក សា សូទី  សុំមិនបកស្រាយ ដោយសារបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។ យ៉ាងណាក្តី អ្នកស្រី បាននិយាយយ៉ាងខ្លីមកកាន់សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey) ថា ៖ « ប្ដីខ្លួនប្រកបអាជីវកម្មនេះ តាំងពីឆ្នាំ២០០៦ បន្តពីដូនតា»។ 

 
ជាមួយគ្នានេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក៏បានអះអាងពី ការចុះចាប់ខ្លួនជនសង្ស័យទាំងពីរខាងលើ គឺធ្វើឡើងតាមនីតិវិធី ដោយបានសុំគោលការណ៍ពី លោក សួន ទី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ហើយព្រះរាជអាជ្ញារងរូបនេះ ក៏បានឯកភាព។ ដូច្នេះ ទើបសមត្ថកិច្ច ចុះឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង នៅថ្ងៃទី៦ ខែកុម្ភៈ ហើយបញ្ជូនទៅសាលាដំបូងនៅថ្ងៃទី៧ ខែកុម្ភៈ។ 

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបានអះអាងបែបនេះថា ៖ «នគរបាល បានចុះបំពេញភារកិច្ច ក្នុងកិច្ចប្រតិបត្តិការខាងលើ ស្របតាមតួនាទីភារកិច្ច វិជ្ជាជីវៈ ក្រមសីលធម៌ ដែលមានដឹកនាំនីតិវិធី និងសម្របសម្រួល ពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត»។ ប្រភពដដែលបានបន្ថែមថា ការលើកឡើងរបស់ លោក ផែង វណ្ណៈ គឺមិនពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីរបស់មន្ត្រីនរគបាលឡើយ ខណៈសមត្ថកិច្ចបំពេញការងារដោយមិនលំអៀង។ 

អ្នកនាំពាក្យស្នងការរូបនេះ ក៏បានបញ្ជាក់ដែរថា  មុននឹងស្នើសុំគោលការណ៍ឃាត់ខ្លួនពីព្រះរាជអាជ្ញារង សមត្ថកិច្ចជំនាញ ស្រាវជ្រាវឯកសារច្បស់លាស់ ដោយយោងតាមមាត្រា ៤៨៩ នៃក្រមព្រហ្មទណ្ឌ បានចែងពីបទផលិត ឬធ្វើចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត។  ដូចជា៖  ចំពុះទុង ដាវ ស្នាប់ដៃ ជាអាទិ៍ សម្រាប់សម្លាប់ ឬធ្វើឱ្យរបួស ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ២ទៅ៥ឆ្នាំ និងពិន័យ៤លានរៀល ទៅ១០លានរៀល។ ការឃាតខ្លួនបុគ្គលខាងលើ ក៏ផ្អែកតាមមាត្រា ៤ នៃច្បាប់ស្ដីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ដែលចែង ហាមឃាត់ ការបំពាក់ ការកាន់កាប់ ការយកតាមខ្លួន ការប្រើប្រាស់ ការទិញ ការលក់ ការធ្វើ ពាណិជ្ជកម្ម ការចែកចាយ កែច្នៃ ដឹកជញ្ជូន រក្សាទុកអាវុធ និងរំលេវ គ្រប់ប្រភេទ។ 

ប៉ូលិសបានស្រាវជ្រាវរកឃើញជនសង្ស័យ លក់អាវុធមាន កាំបិត និងដាវ លើបណ្ដាញសង្គម ដោយទទួលធ្វើតាមការចង់បានរបស់អតិថិជនផងដែរ។ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចក៏បានចុះទៅផ្សព្វផ្សាយ និងណែនាំដល់ជនសង្ស័យផងដែរ។  ពិសេសគឺហាមមិនឱ្យលក់ទៅដល់ក្រុមក្មេងទំនើង។ 

ករណីឃាត់ខ្លួនជាងកាំបិតនេះ មហាជនបានរិះគន់សមត្ថកិច្ចថាអសមត្ថភាព បង្ក្រាបក្មេងទំនើង បែរជាទៅចាប់អ្នកផលិតកាំបិត និងដាវ ទៅវិញ។ 

យោងតាម រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៣៦ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិជ្រើសរើសមុខរបរ សមស្រប តាមសមត្ថភាពរបស់ខ្លួន តាមសេចក្តីត្រូវការរបស់សង្គម៕

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ឡាយ សុភាវតី