សម្តេច ហ៊ុន សែន ប្រាប់ទូតវៀតណាមថា ទោះចេញពីCLV-DTA កម្ពុជានៅតែបន្តពង្រឹងទំ​នាក់​​ទំនងត្រីភាគី
  • ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ១១:៥៩ នាទី ព្រឹក
សម្តេច ហ៊ុន សែន ប្រាប់ទូតវៀតណាមថា ទោះចេញពីCLV-DTA កម្ពុជានៅតែបន្តពង្រឹងទំ​នាក់​​ទំនងត្រីភាគី

កម្ពុជា នៅតែខ្នះខ្នែងក្នុងការពង្រឹក និងពង្រីកកិច្ចសហប្រតិបត្តិការ​ត្រីភាគី ទាំង​ក្នុងក្របខណ្ឌបក្ស រដ្ឋាភិបាល និងសភា ទោះបីជាកម្ពុជា  បានដកខ្លួន​ពីក្រប​ខ័ណ្ឌ CLV-DTAហើយក៏ដោយ។ នេះជាការបញ្ជាក់របស់ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ទូតវៀតណាមថ្មីប្រចាំកម្ពុជាថា ក្នុងជំនួបសម្តែងការគួរសមកាលពីថ្ងៃទី១២ ខែកុម្ភៈ។
TTN-Free-Banner-In-Article-PC


ក្នុងជំនួបជាមួយ លោក NGUYEN Minh Vu ដែលទើបត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា សម្តេច ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជាផង បញ្ជាក់ដូច្នេះ៖ «ទោះបីកម្ពុជា ​បានដកខ្លួន​ពីក្រប​ខ័ណ្ឌ CLV-DTA ​ប៉ុន្តែ​កិច្ចសហប្រតិបត្តិការរវាងភាគីទាំងបី ត្រូវបានពង្រីកពីលក្ខណៈតំបន់ ទៅជាកម្រិតប្រទេស ហើយប្រទេសទាំងបី នឹងបន្តពង្រឹងយន្តការទំនាក់ទំនង និងកិច្ចសហ​ប្រតិបត្តិការ ទាំងនៅក្នុងក្របខណ្ឌបក្ស រដ្ឋាភិបាល និងសភា។»។

នៅក្នុងជំនួប​នោះដែរ សម្តេច ហ៊ុន សែន បញ្ជាក់ថា វត្តមានដ៏ឆាប់រហ័សរបស់ លោក NGUYEN Minh Vu ជាការបង្ហាញថា បក្ស និងរដ្ឋាភិបាលវៀតណាម ​យកចិត្តទុកដាក់​ចំពោះទំនាក់ទំនងនៃ​ប្រទេសទាំងពីរ។

សម្តេចហ៊ុន សែន សង្ឃឹមថា ក្នុងបេសកកម្មរបស់អ្នកការទូតវៀតណាមរូបនេះ នឹងរួមចំ​ណែក ​ជំរុញបន្ថែមទៀត នូវទំនាក់ទំនងដ៏ស្អិតល្មួត ភូមិផងរបងតែមួយ  និងដែល​បានរួមសុខរួមទុក្ខជាមួយគ្នា តស៊ូដើម្បីឯករាជ្យ និងអធិបតេយ្យភាពពីបនប្រល័យពូជសាសន៍ប៉ុល ពត​។ បើតាមសម្តេចប្រធានព្រឹទ្ធសភា វៀតណាម ក៏បានជួយកម្ពុជា ក្នុងការ​រំដោះ និងទប់ស្កាត់ការវិលត្រឡប់មកវិញរបបអាវខ្មៅ និងការកសាងអភវិឌ្ឍន៍ប្រទេសឡើងវិញ។



បើតាម សម្តេច ហ៊ុន សែន ​វៀតណាម គឺជាទីផ្សារកសិផលធំទី២របស់​កម្ពុជា ដូចជាគ្រាប់ស្វាយចន្ទី និងស្រូវ ហើយកម្ពុជា ក៏មានតម្រូវការទំនិញនានាពីវៀត​ណាម​ដែរ។ 

​ជាការឆ្លើយតប លោក NGUYEN Minh Vu ​បានបង្ហាញក្តីរីករាយដែលសម្តេច ហ៊ុន សែនបានផ្តល់តម្លៃដល់ទំនាក់ទំនង​ដ៏ល្អរវាងកម្ពុជា-វៀតណាម។ ជាមួយនឹងក្តីសង្ឃឹម ថាខ្លួន នឹងអាចបំពេញបេសកកម្ម​ដោយជោគជ័យនៅកម្ពុជា លោក NGUYEN Minh Vu ក៏បានសរសើរការអភិវឌ្ឍដ៏ខ្លាំងក្លារបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន និងការបន្តដឹកនាំ​ប្រទេសទៅរកការអភិវឌ្ឍបន្ថែមទៀត របស់អ្នកដឹកនាំបន្តវេន។

បើតាម លោក ​ឯកអគ្គរដ្ឋទូតវៀតណាម ទិសដៅការងារក្នុង​បេសកកម្មការទូតរបស់ខ្លួននៅកម្ពុជា មានជាអាទិ៍​ការបន្តលើកកម្ពស់កិច្ចសហប្រតិបតិ្តការនយោបាយ និងការទូត ក៏ដូចជាការ​​បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការបង្រ្កាបបទល្មើសឆ្លងដែន។

អ្នកការទូតដដែល ក៏នឹង​បន្តលើកកម្ពស់​ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក៏ដូចជាយុវជន និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីជំរុញឱ្យសម្រេចបាននូវគោលដៅទំហំពាណិជ្ជកម្ម ២០ពាន់លានដុល្លាអាមេរិក ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានដាក់ចេញផងដែរ។

សូមរំឭកថា កាលពីយប់ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ២០២៤ សម្តេច ហ៊ុន សែន ​​បាន​ប្រកាសថា កម្ពុជាសម្រេចចិត្តបញ្ចប់ ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃទី២០ ខែ​កញ្ញា​​ ឆ្នាំ២០២៤តទៅ។ ការប្រកាសដើរចេញពីកិច្ចព្រមព្រៀងនេះ របស់កម្ពុជា ត្រូវបានប្រមុខបក្សប្រជាជនកម្ពុជា ពន្យល់ថា កុំឱ្យក្រុមប្រឆាំងបន្ត យកលេស CLV-DTA មកធ្វើមធ្យោបាយវាយប្រហារលើរដ្ឋាភិបាល ឬបង្កចលនាជ្រុលនិយម ដែលធ្វើឲ្យពលរដ្ឋមានការភ័ន្តច្រលំលើរដ្ឋាភិបាល​៕
 
អត្ថបទទាក់ទង

អ្នកសរសេរអត្ថបទ

កញ្ញា ខន ចំប៉ា ចូលរួមជាមួយ​សារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មាន​ផ្នែកសង្គម និងគ្រប់គ្រង​ផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មាន​តួនាទីជានិពន្ធនាយកា៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ខន ចំប៉ា