ក្រសួងការពារជាតិ​ ឱ្យគ្រប់កងឯកភាព បង្កើនការប្រយ័ត្ន​អគ្គិភ័យ ពិសេស​ឃ្លាំង​សព្វា​វុធ និងសម្ភារទ័ព
  • ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៣:០៤ នាទី រសៀល
ក្រសួងការពារជាតិ​ ឱ្យគ្រប់កងឯកភាព បង្កើនការប្រយ័ត្ន​អគ្គិភ័យ ពិសេស​ឃ្លាំង​សព្វា​វុធ និងសម្ភារទ័ព
អគ្គិភ័យឆេះឃ្លាំង ក្នុង​ករណីផ្ទុះឃ្លាំងគ្រាប់ នៅបញ្ជាការដ្ឋានយោធភូមិភាគ៣ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីខែមេសា ឆ្នាំ​២០២៤។

ភ្នំពេញ៖ ក្នុង​រយៈពេលចុងក្រោយនេះ គ្រោះអគ្គិភ័យ បាន​កើត​ឡើងជា​ញឹក​ញាប់ មិនថា​ទីក្រុង និង​ជនបទ រួម​ទាំង​បញ្ហា​ឆេះព្រៃជាដើម។ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នៃ​ក្រសួងការពារជាតិ បាន​ណែនាំ​ឱ្យ​កងឯកភាព​ទាំងអស់ ជាពិសេសឃ្លាំងសព្វាវុធកា-៨៦, កា-៥, កា-៨៨, ឃ្លាំងសម្ភារកា-៤, រោងជាងជួសជុលចម្រុះ, យានដ្ឋានជួសជុលរថយន្ត និង​វរសេនាធំដឹកជញ្ជូនការពារ ត្រូវ​មានម្ចាស់ការ និងប្រុងប្រយ័ត្នខ្ពស់ចំពោះដើមចមដែល​អាចបង្កើត​ឱ្យមានគ្រោះអគ្គិភ័យ។
TTN-Free-Banner-In-Article-PC

 
រដូវប្រាំងឆ្នាំនេះ មាន​អាកាសធាតុក្តៅហួតហែងខ្លាំង ដែល​ងាយ​នឹង​កើត​មាន​គ្រោះ​អគ្គិ​ភ័យ។ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នៃ​ក្រសួ​ង​ការ​ពារជាតិ កត់​សម្គាល់ថា ក្នុង​រដូវ​នេះ ពលរដ្ឋចាប់ផ្តើមកាប់ឆ្ការដីព្រៃធ្វើកសិកម្ម ដុតព្រៃធ្វើជី ដេញសត្វ និងមានដី​ទំនេរ​ជា​ច្រើន​ដែលមានស្មៅ និងព្រៃមិនមានការការពារ ធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះ​គ្រោះ​មហន្តរាយដោយអគ្គិភ័យ។
 
ជុំវិញ​បញ្ហានេះ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នៃ​ក្រសួងការពារជាតិ បាន​ណែ​នាំ​ដល់​កងឯកភាពចំណុះទាំងអស់ ជាពិសេសឃ្លាំងសព្វាវុធកា-៨៦, កា-៥, កា-៨៨, ឃ្លាំងសម្ភារ​កា-៤, រោងជាងជួសជុលចម្រុះ, យានដ្ឋានជួសជុលរថយន្ត និងវរសេនាធំដឹកជញ្ជូនការពារ ត្រូវមានម្ចាស់ការ និងប្រុងប្រយ័ត្នខ្ពស់​ចំពោះដើមចមដែលអាចបង្កើត​ឱ្យមានគ្រោះ​អគ្គិភ័យ​។
 
អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស  ឱ្យ​ប្រយ័ត្ន​ភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើងធូបទៀន ការ​ដុតសំរាម ដុតព្រៃ-ចម្ការ-វាលស្រែ ការបោះចោលកន្ទុយបារីផ្តេសផ្តាស ការតភ្ជាប់ ឬប្រើ​ចរន្តអគ្គិសនីមិនត្រឹមត្រូវតាមបច្ចេកទេស ការទុកដាក់ប្រេងឥន្ធនៈ ឧស្ម័នចំហេះ វត្ថុ គ្រាប់ រំសេវ អាវុធងាយឆេះ ឬងាយផ្ទុះជាដើម។ 
 
ក្នុង​សេចក្ដីជូន​ដំណឹង​ខាង​លើ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស  សង្កត់ធ្ងន់ដូច្នេះ៖«ត្រូវ​ពិនិត្យឱ្យបានហ្មត់ចត់ បង្ការកុំឱ្យមានការ ឆេះរាលដាលបង្កើតជាគ្រោះអគ្គិភ័យ ដែលធ្វើ​ឱ្យបាត់បង់ទាំងទ្រព្យសម្បត្តិ និងអាចដល់អាយុជីវិត»។ ជាមួយគ្នានេះ ត្រូវត្រៀមរៀបចំ​រិះ​រកមធ្យោបាយរក្សាសុវត្ថិភាពឱ្យបានគ្រប់គ្រាន់ ក្នុងការបង្ការ ទប់ស្កាត់ ការកើតមាន អគ្គិភ័យក្នុងអង្គភាពរបស់ខ្លួនជាយថាហេតុ ៕

អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ  (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។     ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។    ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ