ក្រសួង​ការពារជាតិ ប្រកាសរើស​ពលទាហានជើងគោក និង​ជើងទឹក ២ពាន់នាក់
  • ថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥៩ នាទី ព្រឹក
ក្រសួង​ការពារជាតិ ប្រកាសរើស​ពលទាហានជើងគោក និង​ជើងទឹក ២ពាន់នាក់
រូបភាពពីក្រសួងការពារជាតិ។

ភ្នំពេញ៖ ក្រសួង​ការ​ពារ​ជាតិ បាន​ចេញ​ប្រកាស​ស្ដីពី​ការ​ជ្រើសរើស​ ពល​ទាហាន​បំពេញ​ក្រប​ខណ្ឌ​ឱ្យ​បញ្ជា​ការ​ដ្ឋាន​កងទ័ពជើង​គោក និង​បញ្ជា​ការ​ដ្ឋាន​កងទ័ព​ជើងទឹក ចំនួន ២ពាន់នាក់។ បើតាម​ក្រសួង​ការពារជាតិ ការជ្រើសរើសនេះ សម្រាប់ចូល​បម្រើនៅយោធភូមិភាគទី១, ទី២, ទី៣, ទី៤, ទី៥, យោធភូមិភាគពិសេស និង​កង​ឯកភាព​ឈរជើង​តាម​បណ្ដា​កោះ ចំណុះ​កងទ័ពជើងទឹក។
TTN-Free-Banner-In-Article-PC


ក្រោយ​រដ្ឋាភិបាលចេញសេចក្ដីសម្រេច​ស្ដីពីការ​ជ្រើសរើស​ពលទាហាន កាលពីខែ​មករា ឆ្នាំ២០២៥ ក្រសួង​ការពារ​ជាតិ បាន​ចេញ​ប្រកាសស្ដីពីការជ្រើសរើស ពលទាហានបំពេញក្របខណ្ឌឱ្យបញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានកងទ័ពជើងទឹក ចំនួន ២ពាន់នាក់។ ការ​ជ្រើសរើសពលទាហានទាំងនេះ នឹង​ជ្រើសរើស​សម្រាប់ យោធភូមិភាគទី១ ចំនួន ១១៨នាក់, យោធភូមិភាគទី២ ចំនួន ៥៣នាក់ និង​យោធភូមិភាគទី៣ ចំនួន ៨១នាក់។

ដោយ​ឡែក យោធភូមិភាគទី៤ ជ្រើសរើសចំនួន ១០៩នាក់ និង​យោធភូមិភាគទី៥ រហូតដល់ ១ ១៧៤នាក់។ ក្រៅនេះ ក៏ជ្រើសរើសសម្រាប់​យោធភូមិភាគពិសេស ចំនួន ១៦៩នាក់ និង​កងឯកភាពឈរជើងតាមបណ្ដាកោះ ចំណុះកងទ័ពជើងទឹក ចំនួន ៣០០នាក់។

លក្ខខណ្ឌនេះ ការ​ជ្រើសរើស​ពលទាហាននេះ ក្រសួង​ការពារជាតិ តម្រូវឱ្យ​បេក្ខជន​ត្រូវ​មាន​អាយុចាប់ពី១៨-២៥ឆ្នាំ និង​ត្រូវ​មាន​កាយ​សម្បទាគ្រប់គ្រាន់ រួមទាំង​មាន​សុខភាព​ល្អ។ លើសពីនេះ បេក្ខជនត្រូវមាន​កម្រិត​វប្បធម៌ ចាប់ពី​មធ្យម​សិក្សាឡើងទៅ និង​ត្រូវ​មាន​កម្ពស់ចាប់ពី ១,៦០ម៉ែត្រ។ 

ទន្ទឹម​នឹង​នេះ បេក្ខជនត្រូវ​ពិនិត្យ​សុខភាព រក​មេរោគ​ថ្លើម អេដស៍ និង​សារធាតុញៀន ដោយ​បេក្ខជន​ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​លក្ខណៈសម្បត្តិ​របស់​គណកម្មការ​ជ្រើសរើស​ពលទាហាន។ មួយ​វិញទៀត បេក្ខជន​ដែល​ស្ម័គ្រចិត្ត​ចូល​បម្រើ​ក្នុង​ក្របខណ្ឌ​កង​យោធពលខេមរភូមិន្ទ​ ត្រូវ​នៅ​បម្រើ​ការងារ​ក្នុង​អង្គភាព​យ៉ាង​តិច៥ឆ្នាំ។ នេះ​បើតាម​ប្រកាស​ដែល​ចុះហត្ថលេខាដោយ​លោក ទៀ សីហា រដ្ឋមន្រ្តីក្រសួង​ការ​ពារជាតិ៕ 

អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ  (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។     ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។    ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ